បរទេស៖ អ៊ុយក្រែនបានច្រានចោល ការចរចាសន្តិភាពជាមួយក្រុងម៉ូស្គូក្នុងកាលៈទេសៈ ដែលមានស្រាប់ ដោយប្រៀបធៀបការចរចាណាមួយទៅនឹង “មហន្តរាយស៊ីវិល័យ”។ ការចាប់ផ្តើមកិច្ចចរចាឡើងវិញ នឹងមិនរួមចំណែកអ្វីដល់គោលដៅរបស់ទីក្រុងគៀវនោះទេ , នេះបើតាមលោក Mikhail Podoliak ជំនួយការរបស់ប្រធានាធិបតី Vladimir Zelensky បានប្រាប់សារព័ត៌មាន Babel របស់ប្រទេសអ៊ុយក្រែនកាលពីថ្ងៃសុក្រ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Podoliak បាននិយាយថា “ថ្ងៃនេះ អ៊ុយក្រែនមិនមានហេតុផលដើម្បីរៀបចំកិច្ចចរចាទេ” ដោយបន្ថែមថា “ឱកាសដើម្បីឈ្នះសង្រ្គាមនេះគឺសំខាន់ជាងការផ្អាកតាមស្ថានភាពណាមួយ” ។ លោកបានបន្ថែមថា ការចាប់ផ្តើមការសន្ទនា ក្នុងកាលៈទេសៈបច្ចុប្បន្ននឹងគ្រាន់តែ “ធ្វើឱ្យ” ជាផ្លូវការនូវការបរាជ័យរបស់អ៊ុយក្រែន និងអឺរ៉ុប ក៏ដូចជា “តម្លៃអឺរ៉ុប” ។
ជំនួយការប្រធានាធិបតីរូបនេះបានព្រមានថា ការបរាជ័យរបស់អ៊ុយក្រែនក៏នឹងបង្ហាញពី “ការដួលរលំនៃប្រព័ន្ធសន្តិសុខពិភពលោក និងប្រព័ន្ធនៃតម្លៃប្រជាធិបតេយ្យ”។ លោកថា ការឈានដល់បទឈប់បាញ់នាពេលនេះ នឹងមិនបញ្ឈប់ជម្លោះបន្តទៀតនោះទេ ហើយ រុស្ស៊ីអាចនឹងបើកការវាយប្រហារមួយផ្សេងទៀតលើអ៊ុយក្រែន នៅពេលណាមួយនៅពេលអនាគត។
លោក Podoliak ក៏បានប្រៀបធៀបគំនិតនៃការចាប់ផ្តើមកិច្ចចរចាសន្តិភាពជាមួយ ទីក្រុងមូស្គូទៅនឹងការចរចាជាមួយណាស៊ីអាល្លឺម៉ង់ក្នុងឆ្នាំ ១៩៤២ នៅពេលដែលពួកណាស៊ីបានកាន់កាប់ទឹកដីសូវៀតជាច្រើន រួមទាំងអ៊ុយក្រែនទាំងអស់។ “មនុស្សម្នាក់មិនអាចនឹកស្មានដល់។ ការពិភាក្សាណាមួយនៅពេលនោះ និងជាមួយនឹង [តុល្យភាពនៃអំណាច] នឹងមានន័យថាមហន្តរាយអរិយធម៌»៕
ប្រែសម្រួល៖ ណៃ តុលា