ព័ត៌មានជាតិ

ក្រសួងសុខាភិបាល នឹងចាត់វិធានការ ម្ចាស់គ្លីនិកឯកជន យករថយន្ដសង្គ្រោះ ទៅដឹកអ្នករបួស ដោយគ្រោះថ្នាក់ចរាចរ ឬសពតាមដងផ្លូវ (Video)

ភ្នំពេញ ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានចេញបញ្ជាឲ្យអភិបាលរាជធានីភ្នំពេញ ជួយចាត់វិធានការយ៉ាងតឹងរ៉ឹង និងម៉ឺងម៉ាត់បំផុត ចំពោះគ្រប់ម្ចាស់គ្លីនិកឯកជន យករថយន្តគិលានសង្គ្រោះ ឬឡានពេទ្យរបស់ខ្លួន ទៅដឹកអ្នករងរបួសដោយគ្រោះថ្នាក់ចរាចរ ឬសាកសពតាមដងផ្លូវ ។

ការចេញបញ្ជា របស់រដ្ឋមន្រ្តីក្រសួងសុខាភិបាលនេះ ក្រោយពីក្រសួងបានចេញលិខិត ព្រមាន ផាកពិន័យ ចំពោះលោកវេជ្ជបណ្ឌិត ស៊ឹម វន់ ម្ចាស់មន្ទីរពហុព្យបាលបាល ម្លិះដង្កោ ចំពោះការយករថយន្តគិលាន សង្គ្រោះរបស់ខ្លួន ទៅដឹកអ្នករបួសដោយគ្រោះថ្នាក់ ចរាចរតាមដងផ្លូវ យកមកព្យាបាល នៅក្នុងគ្លីនិករបស់ខ្លួន ។ ម្ចាស់គ្លិនិកនេះ ជាញឹកញាប់តែងតែ ល្មើសបម្រាម របស់ក្រសួងដែលយករថយន្តសង្គ្រោះ ទៅដឹកអ្នករបួសដោយគ្រោះថ្នាក់ មកព្យាបាលនៅគ្លី ។ ក្រសួងបានស្នើឲ្យបញ្ឈប់ជាបន្ទាន់ នូវសកម្មភាពនេះផផងដែរ ។

យោងតាមលិខិតរបស់ ក្រសួងសុខាភិបាល នាថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ លោក ម៉ម ប៊ុនហេង បានថ្លែងឲ្យដឹងថា កន្លងមកក្រសួង បានធ្វើសារាចរណែនាំជាច្រើនលើក និងច្រើនសារ រួចមកហើយ អំពីការហាមឃាត់មិនអនុញ្ញាត ឲ្យគ្លីនិកឯកជន យករថយន្តគិលានសង្គ្រោះ របស់ខ្លួនទៅដឹកអ្នករង របួសដោយគ្រោះថ្នាក់ ចរាចរតាមដងផ្លូវមកព្យាបាល នៅក្នុងគ្លីនិករបស់ខ្លួនជាដាច់ខាត។

លោកបន្ដថា ប៉ុន្តែបច្ចុប្បន្ននេះ សង្កេតឃើញ មានគ្លីនិកឯកជនមួយចំនួន មិនបានអនុវត្តទៅតាមសារាចរណែនាំរបស់ក្រសួងសុខាភិបាលឡើយ ដោយនៅតែបន្តធ្វើ សកម្មភាពយករថយន្តគិលានសង្គ្រោះគ្លីនិកឯកជន របស់ខ្លួនទៅដឹកអ្នករងរបួសដោយគ្រោះថ្នាក់ចរាចរតាមដងផ្លូវ យកមកព្យាបាលនៅក្នុងគ្លីនិកទៀត និងឃើញមានឡានពេទ្យឯកជនមួយចំនួនទៀត ដែលពុំមានឈ្មោះគ្លីនិកទៅដឹកអ្នកគ្រោះថ្នាក់ចរាចរ និងសាកសពគ្រោះថ្នាក់ ចរាចរនៅតាមដងផ្លូវ រហូតដល់មានការឈ្លោះប្រកែកដណ្ដើមគ្នាដឹក យ៉ាងអនាធិបតេយ្យ ដែលជាកត្តាមួយជះ ឥទ្ធិពលមិនល្អដល់វិស័យសុខាភិបាលទាំងមូល និង សេចក្ដីថ្លៃថ្នូ របស់គ្រូពេទ្យដទៃទៀត ហើយក៏មានរថយន្ត គិលានសង្គ្រោះមួយចំនួនទៀត ដែលពុំមានអាជ្ញាបណ្ណពីក្រសួងសុខាភិបាល និងពុំមានឈ្មោះគ្លីនិកច្បាស់លាស់ ដែលកំពុងធ្វើ ចរាចរនៅតាមដងផ្លូវ។

លោករដ្ឋមន្ដ្រី បញ្ជាក់ថា «អាស្រ័យហេតុដូចបានជម្រាបជូនខាងលើ សូមឯកឧត្តមអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ មេត្តាជួយចាត់ វិធានការ យ៉ាងតឹងរ៉ឹង និង ម៉ឺងម៉ាត់បំផុត ចំពោះគ្រប់ម្ចាស់គ្លីនិកឯកជន ដែលបានយករថយន្តគិលានសង្គ្រោះ ឬឡានពេទ្យរបស់ខ្លួន ទៅដឹកអ្នករង របួសដោយគ្រោះថ្នាក់ចរាចរ ឬសាកសព តាមដងផ្លូវខុសច្បាប់ ដែលក្រសួង សុខាភិបាលបានហាមឃាត់ និងរថយន្តគិលានសង្គ្រោះដទៃទៀត ដែលពុំមានអាជ្ញាបណ្ណពីក្រសួងសុខាភិបាល តាមការគួរ»៕

To Top