ព័ត៌មានជាតិ

របបសន្តិសុខសង្គម ផ្នែកប្រាក់សោធន ជាកត្តាជំរុញឱ្យមាន ស្ថិរភាពការងារ របស់បងប្អូនកម្មករនិយោជិត

កោះកុង៖ ក្នុងឱកាសអញ្ជើញជាអធិបតីភាព បើកពិធីផ្សព្វផ្សាយ របបសន្តិសុខសង្គម ផ្នែកប្រាក់សោធន នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ នេះ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល​ ទទួលបន្ទុកជាអគ្គនាយក ប.ស.ស. បានថ្លែងថា ខេត្តកោះកុង ជាតំបន់អេកូទេសចរណ៍ ដ៏ល្អមួយរបស់កម្ពុជា ហើយក៏ជាខេត្តទី៨ហើយ ដែល ប.ស.ស. បានបើកពិធីផ្សព្វផ្សាយ របបសន្តិសុខសង្គម ផ្នែកប្រាក់សោធន សម្រាប់វិស័យឯកជន នៃយុទ្ធនាការផ្សព្វផ្សាយ ចំនួន៩០ថ្ងៃ បន្ទាប់ពីលោកបណ្ឌិត រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាស បើកយុទ្ធនាការផ្សព្វផ្សាយ កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ កន្លងទៅ។

លោកប្រតិភូរាជរដ្ឋាភិបាល បានបន្តថា យុទ្ធនាការផ្សព្វផ្សាយរយៈពេល ៩០ថ្ងៃនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីផ្សព្វផ្សាយរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធន ដែលជារបបសន្តិសុខសង្គមថ្មី ទៅកាន់បងប្អូនប្រជាពលរដ្ឋ ពិសេសបងប្អូនកម្មករនិយោជិត ដែលកំពុងបម្រើការងារ ក្នុងវិស័យឯកជនទាំងអស់ ឱ្យទទួលបានការយល់ដឹង អំពីនីតិវិធី លក្ខខណ្ឌ និងការទទួលបានអត្ថប្រយោជន៍ ។

លោកប្រតិភូរាជរដ្ឋាភិបាល បានថ្លែងបញ្ជាក់ថា ប.ស.ស. បានចូលរួមយ៉ាងសំខាន់ ក្នុងការជួយសម្រាល នូវទុក្ខលំបាក នៃជីវភាពរស់នៅក្នុងសង្គម របស់បងប្អូន ដោយ ប.ស.ស. មានរបបសន្តិសុខសង្គម ផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព ដែលអាចឱ្យបងប្អូនជាសមាជិក ប.ស.ស. ទៅពិនិត្យផ្ទៃពោះ មុន និងក្រោយសម្រាល ការព្យាបាលជំងឺ ឬគ្រោះថ្នាក់ផ្សេងៗ ជាមួយការទទួលបាន ប្រាក់បំណាច់ប្រចាំថ្ងៃ និងការទទួលបានប្រាក់ឧបត្ថម្ភបន្ថែម របស់រាជរដ្ឋាភិបាលផងដែរ នៅពេលសម្រាកលំហែមាតុភាព។

ក្នុងឱកាសជាមួយគ្នានេះ លោក សេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានថ្លែងថា ក្នុងនាមជាថ្នាក់ដឹកនាំខេត្ត ក៏ដូចជាអាណាព្យាបាល របស់ប្រជាពលរដ្ឋ ក្នុងភូមិសាស្រ្តខេត្តកោះកុង លោក បានថ្លែងការសាទរយ៉ាងខ្លាំង ចំពោះគោលនយោបាយថ្មីមួយនេះ ដែលនេះជាការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល ដែលតែងតែយកចិត្តទុកដាក់ ការពារបងប្អូនពីការធ្លាក់ចុះភ្លាមៗ នៃប្រាក់ចំណូល នៅពេលដែលមានជំងឺ មាតុភាព ឬគ្រោះថ្នាក់ផ្សេងៗ ជាពិសេស គឺការពារនៅពេល ដែលពលរដ្ឋមានវ័យចំណាស់។

ជាមួយគ្នានេះ លោកអភិបាលរង បានអំពាវនាវ ទៅដល់នាយករោងចក្រ ឬម្ចាស់សហគ្រាស គ្រឹះស្ថាន ជាពិសេសបងប្អូនកម្មករ និយោជិតទាំងអស់ ព្យាយាមយកចិត្តទុកដាក់ ក្នុងការអនុវត្តកាតព្វកិច្ចរបស់ខ្លួន ដើម្បីចូលរួមលើកកម្ពស់ ប្រព័ន្ធសន្ដិសុខសង្គម ដែលជាប្រព័ន្ធការពារខ្លួន ប្រកបដោយការពេញចិត្ត និងសាទរដល់រាជរដ្ឋាភិបាល ដែលបង្កើតឱ្យមានប្រព័ន្ធសន្ដិសុខសង្គមនេះ។

គួរបញ្ជាក់ឲ្យដឹងផងដែរថា ពិធីផ្សព្វផ្សាយរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធន សម្រាប់វិស័យឯកជនខាងលើ ប្រព្រឹត្តិទៅនៅសាលមហោស្របខេត្តកោះកុង ដោយមានសមាសភាពអញ្ជើញចូលរួម ពីតំណាងមន្ទីរ ស្ថាប័ន អង្គភាពពាក់ព័ន្ធ និងដំណាងនិយោជក សហគ្រាស គ្រឹះស្ថាន សរុបប្រមាណជិត ២៣០នាក់៕

To Top