គែរ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ថា ក្រសួងសុខាភិបាលអេហ្ស៊ីបបានឲ្យដឹងថា យ៉ាងហោចណាស់មនុស្សចំនួន៤១នាក់បានស្លាប់ និង១២នាក់ទៀតរងរបួសដោយសារអគ្គិភ័យដ៏ធំមួយដែលបានឆាបឆេះព្រះវិហារ Coptic នៅក្នុងខេត្ត Giza ប្រទេសអេហ្ស៊ីប កាលពីថ្ងៃអាទិត្យ ។
យោងតាមក្រសួងបានឱ្យដឹងថា ឧបទ្ទវហេតុនេះបានកើតឡើងនៅក្នុងព្រះវិហារ Abu Sifin ក្នុងសង្កាត់ Imbaba ។
ក្រសួងបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “អ្នករបួសបួននាក់ស្ថិតក្នុងស្ថានភាពមិនស្ថិតស្ថេរ” ដោយបានបន្ថែមថា ខ្លួនបានបញ្ជូនរថយន្តសង្គ្រោះចំនួន៣៧គ្រឿងទៅកាន់កន្លែងកើតហេតុ ។
ក្រសួងមហាផ្ទៃអេហ្ស៊ីប បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយថា អគ្គិភ័យនេះបានចាប់ផ្តើមចេញពីម៉ាស៊ីនត្រជាក់នៅជាន់ទី២នៃអគារព្រះវិហារ ដោយសារតែមានបញ្ហាអគ្គិសនី ។
លោកប្រធានាធិបតីអេហ្ស៊ីប Abdel-Fattah al-Sisi បានចូលរួមរំលែកទុក្ខដល់ជនរងគ្រោះនៃអគ្គីភ័យក្នុងព្រះវិហារនៅក្នុងការហៅទូរស័ព្ទទៅកាន់សម្តេចប៉ាប Tawadros II ដែលជាប្រធានព្រះវិហារ Coptic Orthodox របស់ប្រទេសអេហ្ស៊ីប ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយចេញដោយប្រធានាធិបតីថា “ប្រធានាធិបតី Sisi បានរំលឹកឡើងវិញថា ស្ថាប័នរដ្ឋទាំងអស់កំពុងផ្តល់ការគាំទ្រជាចាំបាច់ដើម្បីទប់ទល់នឹងផលវិបាកនៃគ្រោះថ្នាក់ដ៏សោកនាដកម្មនេះ” ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា