ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានថ្លែងអះអាងបន្ថែមពីលើ សារជាសំឡេងរបស់សម្តេច កាលពីរាត្រីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ អំពីបញ្ហាភ្នំតាម៉ៅថា ក្រុមហ៊ុនឈូសឆាយដី នៅតំបន់ភ្នំតាម៉ៅ នាពេលកន្លងមកអស់ជាច្រើនហិកតានោះ នឹងទទួលខុសត្រូវ លើការដាំដុះឡើងវិញ ខណៈសម្ដេច ក៏ធានាអះអាងមិនឲ្យបាត់បង់ព្រៃឈើ នៅតំបន់ភ្នំតាម៉ៅ ហើយនឹងប្រែក្លាយទៅជាឧទ្យានជាតិព្រៃឈើផងដែរ។
នាឱកាសអញ្ជើញចែកសញ្ញាបត្រជូននិស្សិត សាកលវិទ្យាល័យពុទ្ធិសាស្ត្រ នាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ សម្ដេចតេជោ បានណែនាំដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវរកប្រភពទឹក នៅតំបន់ភ្នំតាម៉ៅ ដើម្បីស្រោចលើកូនឈើនៅទីនោះ។
សម្ដេចតេជោបញ្ជាក់ថា «ចឹងមិនមែនគ្រាន់តែដាំហើយ បង្ហោះហ្វេសប៊ុកលេងណា ចឹងដាំឲ្យត្រូវខ្នាតរបស់វារួចហើយ ត្រូវតាមមើលការថែទាំទៀត ដែលក្រុមហ៊ុនឈូសឆាយហ្នឹងត្រូវទទួលខុសត្រូវ នាពេលខាងមុខ។ សម្រាប់ការផ្ដល់ឲ្យរដ្ឋបាលព្រៃឈើថែទាំនៅពេលខាងមុខ ព្រោះដាំឥឡូវហ្នឹង មានភ្ញៀងកំពុងតែធ្លាក់ល្អ” ។
សម្ដេចតេជោ ក៏បានបញ្ជាដល់ភាគីពាក់ព័ន្ធប្រែក្លាយតំបន់ភ្នំតាម៉ៅ ទៅជាឧទ្យាព្រៃឈើ សួនព្រៃឈើ សួនដាំដើមឈើ ដែលមុននេះគ្រាន់តែជាព្រៃ តែមិនមែនជាឈើទទួលផល។ សម្ដេចថា ប៉ុន្ដែនាពេលខាងមុខតំបន់ភ្នំតាម៉ៅ នឹងក្លាយទៅជាឈើដែលមានតម្លៃ ខណៈសួនសត្វភ្នំតាម៉ៅ ក៏មិនមានអ្វីប៉ះពាល់នោះទេ។
សម្ដេចតេជោ បញ្ជាក់បន្ថែមថា «យើងសម្រេចចិត្តថា ទុកព្រៃហ្នឹងទាំងមូល និងដើម្បីធានាអះអាងជាមួយនឹងការមិនបាត់បង់នៅពេលក្រោយ ត្រូវដាក់តំបន់ទាំងមូលនេះ ទាំងសួនសត្វភ្នំតាម៉ៅ ទាំងព្រៃព័ទ្ធជុំវិញដែលដកហូតពីឯកជន ឲ្យទៅជាតំបន់អភិរក្ស គ្រប់គ្រងដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មិនមែនគ្រប់គ្រងដោយក្រសួងបរិស្ថានទេ ព្រោះមានការចញ្ចឹមសត្វនៅកន្លែងហ្នឹង»។
សូមរំលឹកថា កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានប្រកាសលុបចោលលិខិតអនុញ្ញាតឲ្យដោះដូរ និងអភិវឌ្ឍន៍ភ្នំតាម៉ៅ ដើម្បីរក្សាទុកដី និងព្រៃនៅជុំវិញសួនសត្វភ្នំតាម៉ៅជាដីដែលត្រូវការពារ និងអភិរក្សដោយក្រសួងកសិកម្ម រុក្ខាប្រមាណ និងនេសាទ ក្រោយមានក្រុមហ៊ុនប្រមាណជា៣បានឈូសឆាយអស់ជាង៥០០ហិកតា ដើម្បីវិនិយោគលើគម្រោងផ្សេងៗ ៕