ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រី ឲ្យអ្នកបន្លំធ្វើជាជនរងគ្រោះ ក្នុងរឿងដីធ្លី នៅព្រះសីហនុ ចូលខ្លួនទៅសារភាពកំហុស បើមិនចង់ត្រូវគេចាប់ខ្លួន

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រាប់ឲ្យអ្នកដែលបន្លំធ្វើជាជនរងគ្រោះ ក្នុងរឿងបញ្ហាដីធ្លីនៅខេត្តព្រះសីហនុ ចូលខ្លួនទៅសារភាពកំហុស បើមិនចង់មានដីកាតាមចាប់ខ្លួន ។

បើតាមសម្តេចតេជោ ក្នុងឱកាសអញ្ជើញ ប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យពុទ្ធិសាស្ត្រ នាព្រឹកថ្ងៃទី១៧ សីហានេះ គឺសម្តេចមើលព័ត៌មាន អំពីបញ្ហាទំនាស់ដីធ្លីនៅព្រះសីហនុ ដោយសារព័ត៌មាន មួយផ្សាយ អំពីភាពអយុត្តិធម៌ របស់តំណាងពលរដ្ឋប៉ុន្មាននាក់ ដែលបានពាក់អាវ មានស្លាកគណបក្ស ប្រជាជនកម្ពុជា ស្រែករកយុត្តិធម៌ពីសម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុន សែន ប៉ុន្តែដល់ពេលសម្តេច ទាក់ទងទៅសួរលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ទើបដឹងការពិតថា អ្នកស្រែកអយុត្តិធម៌នោះ គឺជាអ្នកពីក្រោយខ្នង នៃទំនាស់ដីធ្លីទៅវិញ ។

សម្តេចតេជោឲ្យដឹងថា “អ្នកដែលកំពុងស្រែករកយុត្តិធម៌ រឿងដីធ្លីនៅព្រះសីហនុ បើមើលឲ្យមែនទែនទៅ ដំបូងយើងថា រឿងអយុត្តិធម៌ ក៏ប៉ុន្តែធាតុពិតគាត់នេះ កំពុងតែបោកប្រាស់យើង”

សម្ដេចតេជោបន្តថា ឥឡូវនេះម្នាក់នោះ បានរត់គេចខ្លួនបាត់ហើយ ប៉ុន្តែសម្តេចបានណែនាំឲ្យជន ដែលបន្លំខ្លួននោះ ទៅជួបលោក គួច ចំរើន ដើម្បីទទួលស្គាល់កំហុសពិតប្រាកដ នៃការកាប់ទន្ទ្រានដីព្រៃ ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសន្យាឲ្យតែអ្នកឯងចូលខ្លួន ទៅនិយាយគ្នាឲ្យច្បាស់លើរឿងនេះ ឥឡូវសុំទៅ បើមិនទៅទេប្រយ័ត្នមានដីកាចាប់ខ្លួន ។ ឥឡូវខ្ញុំទទួលបានហើយ ខ្ញុំបានបញ្ជូនតាំងពីម្សិល ហើយខ្ញុំបានណែនាំទៅ គួច ចំរើន គាត់លូនក្រាបៗ ពាក់អាវគណបក្សប្រជាជនទៀត»

សម្ដេចគូសបញ្ជាក់ថា ពេលមេខ្លោងទៅទទួលខុសត្រូវរួចហើយ គឺឲ្យនៅក្រៅឃុំ ព្រោះមិនទាន់ដល់ដំណើរការរឿងក្ដីនៅក្នុងតុលាការទេ ដែលអាចឈានទៅដល់ ការលើកលែងការចោទប្រកាន់ ៕

To Top