សេអ៊ូល៖ អ្នកតាមដានអាកាសចរណ៍ បានឲ្យដឹងថា សហរដ្ឋអាមេរិកបានហោះហើរយន្តហោះ ស៊ើបការណ៍មួយ នៅលើប្រទេសកូរ៉េខាងត្បូង នៅថ្ងៃអង្គារនេះចំពេលមាន ភាពតានតឹងនៅឧបទ្វីបកូរ៉េជុំវិញការបង្កហេតុ ដែលអាចកើតមានដោយ ប្រទេសកូរ៉េខាងជើង។
ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយថា យន្តហោះ RC-135W Rivet Joint របស់កងទ័ពអាកាសសហរដ្ឋអាមេរិក ត្រូវបានគេប្រទះឃើញនៅលើមេឃ នៅខាងលើប្រទេសកូរ៉េ ដែលមានកម្ពស់ ៣១,០០០ ហ្វីត។ យន្តហោះប្រភេទនេះ ត្រូវបានរកឃើញនៅទីនេះចំនួន ៣ ថ្ងៃជាប់គ្នាកាលពីដើមខែនេះ។
យោងតាមអ្នកតាមដាន អាកាសចរណ៍បានឱ្យដឹងថា កាលពីថ្ងៃចន្ទកងនាវាចរ EP-3E របស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក ក៏បានហោះពីលើប្រទេសកូរ៉េខាងត្បូងផងដែរ។
ពួកគេត្រូវបានគេជឿជាក់ថា បានអនុវត្តប្រតិបត្តិការឃ្លាំមើលប្រទេសកូរ៉េខាងជើង បន្ទាប់ពីប្រទេសកុម្មុយនិស្តមួយនេះ បានព្រមានអំពី“ អាវុធយុទ្ធសាស្ត្រថ្មី” នាពេលអនាគតដ៏ខ្លីនិង“ សកម្មភាពជាក់ស្តែងគួរឱ្យភ្ញាក់ផ្អើល” ក្នុងការតវ៉ាជុំវិញការចរចានុយក្លេអ៊ែរ ដែលជាប់គាំងជាមួយ សហរដ្ឋអាមេរិក៕
ដោយ ឈូក បូរ៉ា