ព័ត៌មានអន្តរជាតិ

អាមេរិក បាញ់សាកល្បង មីស៊ីល ICBM ក្រោយពន្យារពេល ចំពេលមានភាពតានតឹង នៅតៃវ៉ាន់

តូក្យូ ៖ យោធាអាមេរិក បានឲ្យដឹងថា ខ្លួនបានបាញ់ សាកល្បងមីស៊ីលផ្លោងអន្តរទ្វីប ICBM ដើម្បីបង្ហាញពីការត្រៀមខ្លួន របស់កងកម្លាំងនុយ ក្លេអ៊ែររបស់ខ្លួន ដោយអនុវត្តការសាកល្បង បន្ទាប់ពីការពន្យារពេល កាលពីដើមខែ ចំពេលមានភាពតានតឹង កើនឡើងជាមួយចិន ជុំវិញបញ្ហាតៃវ៉ាន់។

ការបាញ់សាកល្បងមីស៊ីល Minuteman 3 គឺជាផ្នែកមួយនៃ “សកម្មភាពជាប្រចាំ និងតាមកាលកំណត់ ដែលមានបំណង បង្ហាញថា ការទប់ស្កាត់ នុយក្លេអ៊ែរ របស់សហរដ្ឋអាមេរិក មានសុវត្ថិភាព ភាពជឿជាក់ និងមានប្រសិទ្ធភាព ដើម្បីទប់ស្កាត់ការគំរាមកំហែង នៅសតវត្សរ៍ទី២១ និងធានាសន្ដិសុខ ដល់សម្ព័ន្ធមិត្ត” ។

ប្រភពបានបន្ថែមថា “ការធ្វើតេស្តបែបនេះ បានកើតឡើងច្រើនជាង ៣០០ដងពីមុន ហើយការធ្វើតេស្តនេះ មិនមែនជាលទ្ធផល នៃព្រឹត្តិការណ៍ពិភពលោក បច្ចុប្បន្ននោះទេ” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។

ភាពតានតឹង បានកើនឡើងជុំវិញ ស្ថានការណ៍ជុំវិញ កោះតៃវ៉ាន់ ខណៈដែលចិន បានបង្កើនសកម្មភាពយោធា របស់ខ្លួននៅជិតកោះនេះ ដើម្បីជាការ ឆ្លើយតប នឹងដំណើរទស្សនកិច្ច របស់ប្រធានសភា តំណាង រាស្ត្រ អាមេរិកលោកស្រី Nancy Pelosi នៅ ទីនោះ កាលពីថ្ងៃទី០២ ខែសីហា។

រដ្ឋាភិបាលសហរដ្ឋអាមេរិក បានថ្កោលទោសការបាញ់មីស៊ីល ផ្លោងរបស់ចិន អំឡុងពេលសមយុទ្ធទ្រង់ទ្រាយ ធំនៅជិតកោះតៃវ៉ាន់ ខណៈដែលរក្សាបានថា ខ្លួនមិនមានចេតនាបង្កើន ភាពតានតឹងនៅក្នុងតំបន់ បន្ថែមទៀតនោះទេ ៕

ប្រែសម្រួល ឈូក បូរ៉ា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top