ភ្នំពេញ៖ ចំពោះមុខនឹងស្ថានភាព ប្រែប្រួលឥតឈប់ឈរ នៃសកល នាយឧត្តមសេនីយ៍ ហ្ស៊ី ឈីឡាំង អនុប្រធានគណៈកម្មាធិការ យោធាមជ្ឈឹម នៃសាធារណរដ្ឋប្រជាមានិតចិន បានលើកឡើងថា កងទ័ពចិនប្រកាន់ខ្ជាប់ នូវគំនិតផ្តួចផ្តើមសន្តិសុខសកល និងគំនិតផ្តួចផ្តើម ការអភិវឌ្ឍសកល រួមគ្នាជាមួយនឹងភាគីកម្ពុជា និងការពារនូវផលប្រយោជន៍រួម នៃប្រទេសទាំងពីរ ព្រមទាំងរួមគ្នា បើកទំព័រប្រវត្តិសាស្រ្តថ្មី នៃការអភិវឌ្ឍទំនាក់ទំនងកម្រិតខ្ពស់ នៃកងទ័ពទាំងពីរ ក្នុងយុគ្គសម័យថ្មី ។
ការលើកឡើងបែបនេះ ធ្វើឡើងនៅក្នុងជំនួបជាមួយ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង ការពារជាតិកម្ពុជា ក្នុងពេលដែលសម្ដេច អញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការ នៅទីក្រុងក្វាងចូវ សាធារណរដ្ឋប្រជាមានិតចិន ។
នៅក្នុងជំនួបនោះ នាយឧត្តមសេនីយ៍ ហ្ស៊ី ឈីឡាំង បានចាត់ទុកដំណើរទស្សនៈកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់នៃ ខភម នៅប្រទេសចិនលើកនេះ ជាព្រឹត្តិការប្រវត្តិសាស្ត្រ រវាងកងទ័ពទាំងពីរ កម្ពុជា ចិន ។
លោក ហ្ស៊ី ឈីឡាំង បានបញ្ជាក់ថា ទំនាក់ទំនងរវាងប្រទេសទាំងពីកម្ពុជា ចិន មានតាំងពីយូរលុងណាស់មកហើយ ហើយរក្សាបានជាប្រវត្តិសាស្ត្រ និងទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ ។
លោក ហ្ស៊ី ឈីឡាំង សង្កត់ធ្ងន់ថា “ចំពោះមុននឹងស្ថានភាពប្រែប្រួល ឥតឈប់ឈរ នៃសកលលោក កងទ័ពចិន ប្រកាន់ខ្ជាប់នូវ គំនិតផ្តួចផ្តើម សន្តិសុខសកល និងគំនិតផ្តួចផ្តើម ការអភិវឌ្ឍសកល រួមគ្នាជាមួយនឹងភាគីកម្ពុជា ខិតខំប្រឹងប្រែអនុវត្តឲ្យបានម៉ឹងមាត់ តាមកូសង់ស៊ីសំខាន់ៗ ដែលប្រមុខរដ្ឋាភិបាល ប្រទេសទាំងពីរ បានឯកភាពគ្នា រួមគ្នាកសាងស្នូល នៃសហគមន៍រួម វាសនាកម្ពុជា ចិន ពង្រឹងការប្រាស្រ័យទាក់ទង ទៅវិញទៅមក ឲ្យកាន់តែជិតស្និត ស៊ីជម្រៅលើកិច្ចសហប្រតិបត្តិការ ជាក់ស្តែង រួមគ្នាថែរក្សាស្ថេរភាពតំបន់ និងការពារនូវផលប្រយោជន៍រួម នៃប្រទេសទាំងពីរ រួមគ្នាបើកទំព័រប្រវត្តិសាស្រ្តថ្មី នៃការអភិវឌ្ឍទំនាក់ទំនងកម្រិតខ្ពស់ នៃកងទ័ពទាំងពីរ ក្នុងយុគ្គសម័យថ្មី” ។
ជាការឆ្លើយតបវិញ សម្ដេច ទៀ បាញ់ បានមានប្រសាសន៍ថា នៅក្នុងរយៈពេលពីរឆ្នាំកន្លងទៅនេះ ទោះបីស្ថានភាពការរីករាលដាលជំងឺកូវីដ-១៩ ជាសកល ធ្វើឱ្យកងទ័ពប្រទេសទាំងពីរ មិនបានជួបគ្នាដោយផ្ទាល់ក្តី ប៉ុន្តែថ្នាក់ដឹកនាំកងទ័ពទាំងពីរ បានធ្វើការទំនាក់ទំនង តាមប្រព័ន្ធទូរស័ព្ទ ដើម្បីសាកសួរសុខទុក្ខគ្នាទៅវិញទៅមក ។
សម្ដេចថា កាយវិការដ៏ថ្លៃថ្លានេះ បានបញ្ជាក់ឱ្យឃើញកាន់តែច្បាស់ នូវចំណងមិត្តភាព សាមគ្គីភាព មនោសញ្ចេតនា និងការគោរពរាប់អានដ៏ស្មោះរបស់ កងទ័ពនិងប្រជាជនចិន ជូនចំពោះកងទ័ព និងប្រជាជនកម្ពុជា ក្នុងស្មារតីលើក កម្ពស់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ដែលជាមិត្តដែកថែប ស្ថិតស្ថិរងមាំជាអមតៈ មិនអាចបំបែកបានឡើយ។
សម្ដេចបញ្ជាក់ថា បន្ទាប់ពីបំពេញទស្សនកិច្ចនេះទៅ កងទ័ពទាំងពីរ នឹងបន្តពង្រឹងទំនាក់ទំនង យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ សំដៅជំរុញកិច្ច សហប្រតិបត្តិការជាក់ស្ដែង លើគ្រប់វិស័យ ដូចជា យន្តការទំនាក់ទំនង លំហាត់សមយុទ្ធរួមគ្នា ការបណ្តុះបណ្តាល ធនធានមនុស្ស និងវិស័យយុទ្ធសាស្ត្រសុខាភិបាលកាន់តែរីកចម្រើន និង ស៊ីជម្រៅថែមមួយកម្រិតទៀត រួមចំណែកក្នុងការកសាង សហគមន៍រួម វាសនាកម្ពុជា ចិន ឱ្យកាន់តែជិត ស្និទ្ធក្នុងយុគសម័យថ្មីនេះ ។
សម្ដេចពិជ័យសេនា បានថ្លែងអំណរគុណ ចំពោះរដ្ឋាភិបាល កងទ័ពនិងប្រជាជនចិន ដែលជានិច្ចកាលតែងតែជួយឧបត្ថម្ភគាំទ្រ ដល់រាជរដ្ឋភិបាល កងទ័ពនិងប្រជាជនកម្ពុជា បានទាន់ពេលវេលា តាមសំណូមពរចាំបាច់ បានលើកកម្ពស់ចំណង សាមគ្គីភាព ជាបងប្អូន និងភាពជាដៃគូ សហប្រតិបត្តិការយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ រវាងកងទ័ពប្រទេស ទាំងពីរកម្ពុជា ចិន។តាមរយៈដំណើរទស្សនកិច្ច របស់គណៈប្រតិភូជាន់ខ្ពស់ នៃកងយោធពលខេមរភូមិន្ទ នៅប្រទេសចិន បាននាំមកនូវលទ្ធផលជាផ្លែផ្កា ជូនប្រទេសជាតិ និងបានពង្រឹងចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរ ក្រោយវិបត្តិជំងឺកូវីដ-១៩ ៕