ព័ត៌មានអន្តរជាតិ

UNICEF៖ អង់គ្លេស ចុះកិច្ចសន្យាផលិតវ៉ាក់សាំង ការពារជំងឺគ្រុនចាញ់ ជាលើកដំបូងបង្អស់ របស់ពិភពលោក នាំឲ្យកុមាររាប់លាននាក់ អាចការពារនឹងជំងឺដ៏សាហាវនេះ

អ.ស.ប៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃពុធ ទី១៧ ខែសីហា ឆ្នាំ២០២២ថា ក្រុមហ៊ុនឱសថអង់គ្លេស GSK បានទទួលកិច្ចសន្យាផលិតវ៉ាក់សាំង ការពារជំងឺគ្រុនចាញ់ដំបូងគេ របស់ពិភពលោក ដូច្នេះកុមាររាប់លាននាក់ទៀត នឹងត្រូវបានការពារប្រឆាំងនឹងឃាតករមួយនេះ ។ មូលនិធិកុមារអង្គការសហប្រជាជាតិ ហៅកាត់ថា (UNICEF) បានប្រកាសកាលពីថ្ងៃអង្គារ ។

ពានរង្វាន់ដែលមានតម្លៃរហូត ដល់១៧០លានដុល្លារអាមេរិក នឹងនាំទៅដល់១៨លានដូស នៃវ៉ាក់សាំង RTS,S ដែលអាចប្រើបានក្នុងរយៈពេល ៣ឆ្នាំខាងមុខ ដែលអាចជួយសង្គ្រោះជីវិតវ័យក្មេង រាប់ពាន់នាក់ក្នុង១ឆ្នាំ ។

កុមារអាយុក្រោម៥ឆ្នាំ នៅតែស្ថិតក្នុងចំណោមកុមារ ដែលងាយរងគ្រោះបំផុតនឹងជំងឺគ្រុនចាញ់ ។ ក្នុងឆ្នាំ២០២០ ក្មេងប្រុស និងក្មេងស្រីជិតកន្លះលាននាក់បានស្លាប់ ដោយសារជំងឺនេះ នៅតែក្នុងទ្វីបអាហ្រ្វិកប៉ុណ្ណោះ ដែលជាអត្រានៃការស្លាប់ម្នាក់ក្នុង១នាទី ។

លោកស្រី Etleva Kadilli នាយកផ្នែកផ្គត់ផ្គង់របស់ UNICEF បានលើកឡើងថា ការដាក់ឱ្យដំណើរការនេះ ផ្ញើសារយ៉ាងច្បាស់ទៅកាន់ អ្នកបង្កើតវ៉ាក់សាំងការពារជំងឺគ្រុនចាញ់ ដើម្បីបន្តការងាររបស់ពួកគេ ។

លោកស្រីបានលើកឡើងថា “យើងសង្ឃឹមថា នេះគ្រាន់តែជាការចាប់ផ្តើម ។ ការបន្តការបង្កើតថ្មីគឺត្រូវការជាចាំបាច់ ក្នុងការអភិវឌ្ឍន៍វ៉ាក់សាំងថ្មី និងជំនាន់ក្រោយ ដើម្បីបង្កើនការផ្គត់ផ្គង់ដែលមាន និងធ្វើឱ្យទីផ្សារវ៉ាក់សាំងមានសុខភាពល្អ” ។

លោកស្រីបានឲ្យដឹងទៀតថា “នេះគឺជាជំហានដ៏ធំមួយឆ្ពោះទៅមុខ ក្នុងកិច្ចខិតខំប្រឹងប្រែងរួមរបស់យើង ក្នុងការជួយសង្គ្រោះជីវិតកុមារ និងកាត់បន្ថយបន្ទុកនៃជំងឺគ្រុនចាញ់ ដែលជាផ្នែកនៃកម្មវិធីបង្ការ និងគ្រប់គ្រងជំងឺគ្រុនចាញ់ កាន់តែទូលំទូលាយ” ។

ជំងឺគ្រុនចាញ់ បង្កឡើងដោយប៉ារ៉ាស៊ីត និងចម្លងមកមនុស្សតាមរយៈសត្វមូសឈ្មោះ Anopheles ដែលមានមេរោគ ។ ខណៈគ្រាដែលជំងឺនេះអាចការពារបាន និងអាចព្យាបាលបាន វាអាចបណ្តាលឲ្យស្លាប់បាន ប្រសិនបើមិនព្យាបាល ។

យោងតាមអង្គការសុខភាពពិភពលោក (WHO) បានឱ្យដឹងថា ប្រទេសជាង៣០ មានតំបន់ដែលមានការចម្លង ជំងឺគ្រុនចាញ់ពីមធ្យមទៅខ្ពស់ ហើយវ៉ាក់សាំងនេះ អាចផ្តល់ការការពារបន្ថែម ដល់កុមារជាង២៥លាននាក់ក្នុង១ឆ្នាំៗ នៅគ្រាដែលការផ្គត់ផ្គង់កើនឡើង ។

វ៉ាក់សាំងការពារជំងឺគ្រុនចាញ់ RTS,S ដែលជាលទ្ធផលនៃការស្រាវជ្រាវ និងការអភិវឌ្ឍន៍រយៈពេល៣៥ឆ្នាំ គឺជាវ៉ាក់សាំងដំបូងគេដែលមិនធ្លាប់មាន សម្រាប់ប្រឆាំងនឹងជំងឺប៉ារ៉ាស៊ីតមួយនេះ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top