ព័ត៌មានអន្តរជាតិ

ប្រេស៊ីល ប្រកាសលុបចោលបម្រាមពាក់របាំងមុខ នៅឯព្រលានយន្តហោះ និងនៅតាមជើងហោះហើរ

ប្រេស៊ីល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ថា ទីភ្នាក់ងារគ្រប់គ្រង សុខភាពជាតិរបស់ប្រទេសប្រេស៊ីល ហៅកាត់ថា (Anvisa) បានប្រកាសកាលពីថ្ងៃពុធ ដោយបានលុបចោល នូវការប្រើប្រាស់របាំងមុខជាចាំបាច់នៅក្នុងអាកាសយានដ្ឋានរបស់ប្រេស៊ីល និងនៅលើជើងហោះហើរ ដោយសារស្ថានភាពជំងឺរាតត្បាត កូវីដ-១៩ នាបច្ចុប្បន្នធូរស្បើយ ។

ទោះជាយ៉ាងណាក៏ដោយទីភ្នាក់ងារ Anvisa បានបញ្ជាក់ថា ខ្លួននៅតែបន្តផ្តល់អនុសាសន៍ឱ្យប្រើប្រាស់របាំងមុខ និងការរក្សាគម្លាតសង្គម ព្រោះវាជាវិធានការមានប្រសិទ្ធភាពក្នុងការកាត់បន្ថយហានិភ័យនៃការឆ្លងជំងឺ ។

ទីភ្នាក់ងារបានឲ្យដឹងថា “ដោយគិតពីស្ថានភាពបច្ចុប្បន្ន ការប្រើប្រាស់របាំងដែលត្រូវ បានអនុម័តជាវិធាន ការសុខភាពសមូហភាពនឹងក្លាយ ទៅជាវិធានការការពារបុគ្គល” ។

គួររំលឹកថា កាលពីខែឧសភា ទីភ្នាក់ងារ Anvisa បានអនុញ្ញាតឱ្យបន្តសេវាកម្មម្ហូបអាហារនៅលើយន្តហោះ ក៏ដូចជាសមត្ថភាពអ្នកដំណើរអតិបរមា ប៉ុន្តែបានរក្សាការប្រើប្រាស់របាំងមុខនៅលើយន្តហោះ និងនៅក្នុងតំបន់អាកាសយានដ្ឋាននៅតែមានការរឹតបន្តឹងដដែល ។

គិតត្រឹមថ្ងៃអង្គារ ប្រទេសអាមេរិកខាងត្បូង មួយនេះបានចុះបញ្ជីករណីជំងឺកូវីដ-១៩ចំនួន៣៤,២លានករណី និងការស្លាប់ដែលពាក់ព័ន្ធមានចំនួន៦៨២.០១០នាក់ ជាមួយនឹងការស្លាប់ជាមធ្យម១៧៦នាក់ ក្នុង១ថ្ងៃនៅ ក្នុងសប្តាហ៍ចុងក្រោយនេះ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top