ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ថាចិនដើរតួនាទីសំខាន់ ក្នុងការអភិវឌ្ឍប្រទេសកម្ពុជា ក៏ដូចជាបណ្តាប្រទេសលើពិភពលោក

ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង អតីត ប្រមុខ ការទូត ខ្មែរ បានលើកឡើងថា ប្រទេសចិនបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមអភិវឌ្ឍប្រទេសកម្ពុជា ក៏ដូចជាបណ្ដាប្រទេសជាច្រើនទៀត នៅលើពិភពលោកផងដែរ ។

ក្នុងឱកាសអញ្ជើញចូលរួម កម្មវិធីសម្ដែងសិល្បៈ ដើម្បីអបអរពិធីបុណ្យចូលឆ្នាំចិន កាលពីថ្ងៃទី២១ មករា នៅសាលមហោស្រពកោះពេជ្រ លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានមានប្រសាសន៍ថា ការរីកចម្រើនរបស់ សាធារណរដ្ឋប្រជាមានិតចិន គឺជាការចូលរួមចំណែក ការពារសន្តិភាព និងការអភិវឌ្ឍសេដ្ឋកិច្ច ក្នុងសកលលោកទាំងមូល។

លោកឧបនាយករដ្ឋមន្ត្រី គូសបញ្ជាក់ថា គោលនយោបាយខ្សែក្រវាត់ និងផ្លូវរបស់ចិនមានសារៈសំខាន់ណាស់ សម្រាប់ប្រទេសកម្ពុជាលើគ្រប់វិស័យ ជាក់ស្តែងរដ្ឋាភិបាលចិន ចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធ បានជាង ៣ពាន់គីឡូម៉ែត្រ ព្រមទាំងផ្លូវល្បឿនលឿនពីភ្នំពេញ ទៅព្រះសីហនុ ក៏បានចាប់ផ្តើមកសាងបណ្តើរៗ ការសាងសង់ព្រលានយន្តហោះថ្មី នៅសៀមរាប និងការកសាងស្ពានឆ្លងកាត់ទន្លេបាសាក់ និងទន្លេមេគង្គ ក៏ស្ថិតនៅក្នុងគោលនយោបាយខ្សែក្រវាត់ និងផ្លូវ របស់លោកប្រធានាធិបតី ស៊ី ជិនពីងដែរ ។

លោកឧបនាយករដ្ឋមន្ត្រីបន្ថែមថា ទំហំពាណិជ្ជកម្មរវាងកម្ពុជា-ចិន ក្នុងឆ្នាំ២០១៩ មានចំនួន ៦,៦ពាន់លានដុល្លារ និងសង្ឃឹមថា ឆ្នាំ២០២០នេះនឹងមានកំណើនដល់ ១០ពាន់លានដុល្លារ ។ ចំពោះភ្ញៀវទេសចរចិនវិញ ឆ្នាំ២០១៩ មកទស្សនានៅកម្ពុជាជាង ២លាននាក់ ហើយសង្ឃឹមថា ឆ្នាំ២០២០នេះ ភ្ញៀវទេសចរចិន នឹងកើនឡើងដល់ ៣លាននាក់ផងដែរ ។

ក្នុងឱកាសអបអរ ពិធីបុណ្យចូលឆ្នាំចិននេះដែរ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ក៏បានជូនពរដល់ប្រជាជន ក៏ដូចជារដ្ឋាភិបាលចិន ដែលមានលោកប្រធានាធិបតី ស៊ី ជិនពីង ជាប្រមុខដឹកនាំប្រទេសចិន ឲ្យបន្តរីកចម្រើន លើគ្រប់វិស័យបន្ថែមទៀត ។

ទន្ទឹមគ្នានោះលោក Wang Wentian ឯកអគ្គរដ្ឋចិនប្រចាំកម្ពុជា បានថ្លែងថា តាមអ្វីដែលបានដឹង ក្នុងរយៈពេល ២ថ្ងៃនេះ ចរាចរណ៍ក្នុងរាជធានីភ្នំពេញ មានការកកស្ទះខ្លាំង ព្រោះបណ្ដាលមកពីការអញ្ជើញចូលរួម អបអរ និងជូនពររបស់ប្រជាពលរដ្ឋ មុនបុណ្យចូលឆ្នាំចិនខិតជិតមកដល់ ។ លោកក៏ចាប់អារម្មណ៍ឃើញថា ក្នុងអំឡុងពេលចូលឆ្នាំប្រពៃណីខ្មែរ ប្រជាពលរដ្ឋចិន ក៏បានអញ្ជើញមកកម្សាន្ត យ៉ាងច្រើនកុះករក្នុង ប្រទេសកម្ពុជាផងដែរ។ ទំនាក់ទំនងរវាងប្រទេសទាំងពីរ គឺស្ថិតត្រង់ភាពស្និទ្ធស្នាលនៃប្រជាជន លោកគិតថា គ្មានអ្វីដែលអាចធៀបជាមួយនឹង ការចូលរួមអបអរសាទរ ក្នុងពិធីបុណ្យជាមួយគ្នា ដែលចូលរួមដោយប្រទេសពីរ ឬជាតិសាសន៍ពីរផ្សេងគ្នា នេះបានបង្ហាញឲ្យឃើញពី មិត្តភាពដ៏សែនជ្រាលជ្រៅបំផុតរបស់ពួកគេ។

លោកឯកអគ្គរដ្ឋទូតបន្ថែមថា អ្នកទាំងអស់គ្នាសុទ្ធតែបានដឹងហើយថា ដើម្បីជំរុញកិច្ចទំនាក់ទំនងមនុស្សសាស្ត្រ រដ្ឋាភិបាលនៃប្រទេសទាំងពីរ បានចាត់ទុកឆ្នាំ២០១៩ ជាឆ្នាំវប្បធម៌ ទេសចរណ៍រវាងចិន និងកម្ពុជា។ ក្នុងមួយឆ្នាំនេះ ភាគីទាំងពីរបានរៀបចំកម្មវិធី ទាក់ទងនឹងវប្បធម៌ជាច្រើន ដើម្បីផ្តល់ជាឱកាស ក្នុងការផ្សាភ្ជាប់គ្នារវាងប្រជាជនទាំងពីរប្រទេស និងស្វែងយល់កាន់តែស៊ីជម្រៅ ហើយកម្មវិធីទាំងនោះមានដូចជា “កម្មវិធីការយល់ដឹង អំពីប្រទេសចិន-សប្ដាហ៍វប្បធម៌ខេត្តបាំងស៊ូៗ”, កម្មវិធីកិច្ចទំនាក់ទំនងវប្បធម៌ ទេសចរណ៍ឡានឆាង-មេគង្គ និងកម្មវិធីដំណើរទេសចរណ៍ បើកបរផ្ទាល់ខ្លួន កម្សាន្តរមណីយដ្ឋានប្រវត្តិសាស្ត្រចិន ឡាវ និងកម្ពុជា, ព្រឹត្តិការណ៍ដំណើរចាក់បញ្ចាំង ភាពយន្តឆ្នើមរវាងចិន និងកម្ពុជាលើកទី៤ និង កម្មវិធីផ្សេងទៀត ដែលប្រជាពលរដ្ឋកម្ពុជា អាចស្វែងយល់កាន់តែ ច្បាស់អំពីប្រទេសចិន តាមរយៈចម្ងាយជិតមួយនេះ។

លោកឯកអគ្គរដ្ឋទូតបន្ថែមទៀតថា កម្មវិធីសម្តែងសិល្បៈ “រីករាយពិធីបុណ្យចូលឆ្នាំចិន” ជាកម្មវិធីដែលសហការរៀបចំឡើង ដោយក្រសួងវប្បធម៌ និងទេសចរណ៍ចិន, ស្ថានទូតចិនប្រចាំកម្ពុជា, មជ្ឈមណ្ឌលវប្បធម៌ចិននៅ រាជធានីភ្នំពេញ មន្ទីរវប្បធម៌ និងទេសចរណ៍នៃខេត្តកានស៊ូ និងក្រុមសិល្បៈល្ខោនឡុង ប្រចាំខេត្តកានស៊ូ ប្រទេសចិន។

លោកឯកអគ្គរដ្ឋទូត ក៏បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈក្នុងប្រទេសកម្ពុជា, សមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជា និងសភាពាណិជ្ជកម្មខេត្តជឺជាំង ដែលបានចូលរួមយ៉ាងសំខាន់ ក្នុងកិច្ចសម្របសម្រួលរៀបចំ កម្មវិធីសម្ដែងសិល្បៈនេះផងដែរ ៕

ដោយ៖ ខា ដា

To Top