ស្វាយរៀង ៖ ដើម្បីធានាឱ្យបានសុវត្ថិភាព ចំណីអាហារជូនប្រជាពលរដ្ឋ នៅក្នុងឱកាសចូលឆ្នាំចិន វៀតណាម មន្ត្រីសាខាកាំកុងត្រូល ខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី២២ខែមករា ឆ្នាំ២០២០នេះ បានសហការជាមួយ មន្ទីពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានចុះត្រួតពិនិត្យទំនិញផលិតផល ម្ហូបអាហារ និងទំនិញវិចខ្ចប់ស្រាប់ នៅក្នុងផ្សារវាលយន្តក្រុងស្វាយរៀង ខេត្តស្វាយរៀង ដោយរកឃើញ គីមីបូរ៉ាក់ចំនួន ១០គីឡូក្រាម ដាក់ក្នុងលតអង្ករ និងបង្អែមបាញ់ឌុកនិងងៀតត្រី រស់ខូចគុណភាព៣០ គីឡូក្រាម។
លោក ផឹង និល ប្រធានសាខាកាំកុងត្រូល ខេត្តស្វាយរៀង បានឱ្យដឹងថា សកម្មភាពការងារ ត្រួតចុះពិនិត្យ ពីមន្ត្រីជំនាញយើង បានពិនិត្យគ្រឿង ឧបភោគ បរិភោគ នៅតាមស្តង់ក្នុងផ្សារតាំងលក់ ទំនិញមួយចំនួន និងបានប្រើប្រាស់ឧបករណ៍ ធ្វើ Test Kits បឋមលើម្ហូបអារហាចំនួន ២១គំរូ ផ្តោតសំខាន់ លើផលិតផលម្ហូបអាហារ ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ ដែលធ្វើឱ្យប៉ះពាល់ ដល់សុខភាពប្រជាពលរដ្ឋ។
លោកបានបញ្ជាក់ថា ជាលទ្ធផលក្រោយការចុះ អនុវត្តការងារមន្ត្រីជំនាញយើងបានរកឃើញទំនិញមានសារធាតុគីមី ហាមឃាត់ នៅក្នុងលតអង្ក ចំនួន៥គីឡូក្រាម មានសារធាតុគីមី (Borax) និងនំបង្អែមបាញ់ឌុក ចំនួន៥គីឡូក្រាម មានសារធាតុគីមី (Borax) និងរកឃើញងៀតត្រីរស់ខូចគុណភាព ៣០គីឡូក្រាម(ដុះផ្សិត) ហើយមន្ត្រីជំនាញយើងបានធ្វើកំណត់ហេតុដកហូត ទំនិញទាំងនោះយកមករក្សាទុក ដើម្បីធ្វើការដុតកម្ទេចចោល នៅពេលក្រោយ។
លោក ផឹង និល បានអំពាវដល់ ប្រជាពលរដ្ឋទាំងអស់ សូមមានការប្រយ័ត្នចំពោះការបរិភោគចំណីអាហារ ត្រូវពិនិត្យមើលស្លាកសញ្ញា កាលបរិច្ឆេទ ឱ្យបានច្បាស់លាស់មុននឹងទិញ យកទៅបរិភោគ។ ជាពិសេសចំណីអាហារក្មេងៗ និយមបរិភោគ ត្រូវពិនិត្យមើល ឱ្យបានត្រឹមត្រូវ មុននឹងបរិភោគ ដើម្បីចូលរួមលើកកម្ពស់ សុខុមាលភាព ទាំងអស់គ្នា ហើយមន្ត្រីកាំកុងត្រូល នឹងបន្តចុះពិនិត្យទំនិញនៅតាមផ្សារនានា នៅក្នុងខេត្តស្វាយរៀង ឱ្យបានជាបន្តបន្ទាប់បន្ថែមទៀតផងដែរ៕