ព័ត៌មានជាតិ

សម្ដេចតេជោ៖ បង្កើតដេប៉ាតឺម៉ង់វៀតណាម នៅខ្មែរ មានផលចំណេញមកលើកម្ពុជា, សម្តេចសោកស្តាយអ្នករិះគន់ ម៉ាណែតទៅវៀតណាម

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានថ្លែងតបទៅបណ្តាអ្នករិះគន់មួយចំនួន ចំពោះការមិនពេញចិត្តលើការបង្កើតដេប៉ាតឺម៉ង់សិក្សាវៀតណាម នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ពីលើប្រសាសន៍របស់លោករដ្ឋមន្រ្តី ហង់ ជួនណារ៉ុនថា ការបង្កើតនេះ មានផលចំណេញមកលើកម្ពុជាច្រើន តាមរយៈជួយសម្របសម្រួលដល់និស្សិតខ្មែរ ទៅសិក្សានៅវៀតណាម ព្រមទាំងសម្រួលដល់ការធ្វើធុរកិច្ច ដើម្បីបំពេញការងារផ្សេងៗផងដែរ

កាលពីពេលថ្មីៗនេះ ក្រសួងអប់រំ យុវជន និងកីឡាដែលមាន លោក ហង់ ជួនណារ៉ុន ជារដ្ឋមន្រ្តីបានឯកភាព ឲ្យបង្កើតដេប៉ាតឺម៉ងភាសាវៀតណាម នៅក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ។ តែក្រោយការឯកភាពហើយ បន្ទាប់ផ្ទុះការរិះគន់ជាខ្លាំង ពីសំណាកអ្នកប្រើប្រាស់ហ្វេសប៊ុក ក៏ដូចជាពលរដ្ឋខ្មែរផងដែរ។

នាឱកាសអញ្ជើញប្រគល់សញ្ញាបត្រ ជូននិស្សិតជយលាភី របស់សាកលវិទ្យាល័យអាស៊ី-អឺរ៉ុប នាថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ សម្ដេចតេជោបានមានប្រសាសន៍ថា ការបង្កើតដេប៉ាតឺម៉ង់សិក្សាវៀតណាម នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ មិនមែនយកនិស្សិតវៀតណាម មកបង្រៀននៅកម្ពុជាឡើយ។ សម្ដេចថា នាពេលបច្ចុប្បន្ននៅកម្ពុជា មានដេប៉ាតឺម៉ង់សិក្សាភាសាបរទេសជាច្រើន ដូចជា៖ ចិន បារាំង អង់គ្លេស ថៃ ឡាវ ជប៉ុន ជាដើម។

សម្ដេចតេជោ បញ្ជាក់ថា «យើងបង្កើតអានេះ (បង្កើតដេប៉ាតឺម៉ង់សិក្សាវៀតណាម) ផលចំណេញបានមកលើយើងតើ ។ យើងបង្កើតឲ្យនិស្សិតយើងរៀន ហើយអ្នកចង់រកស៊ីជាមួយវៀតណាម ដូចជា តាមព្រំដែនជាមួយវៀតណាម ហើយរកស៊ីជាមួយនឹងទំនាក់ទំនងមួយខាងវៀតណាម គេអាចបញ្ជូនមនុស្សមករៀនភាសា។ រឿងហ្នឹងមានអីខុស វាមានតែចំណេញទេ អ្នកឯងចេះភាសា អង់គ្លេស ចេះភាសាអីក៏ដោយ វាអត់មានអីខាតទេ។ ហេតុអីនាំគ្នាច្របូកច្របល់ ថារៀនហ្នឹងវាបង្កើត ទៅជាបញ្ហាកម្ពុជាក្រោមទីពីរហើយ»។

សម្ដេចតេជោ បានឲ្យដឹងទៀត ការបង្កើតដេប៉ាតឺម៉ង់នេះ មិនមែនយកនិស្សិតវៀតណាម បង្រៀននៅស្រុកខ្មែរឡើយ។ សម្ដេចថា ជប៉ុន ចិន វៀតណាម មុនបញ្ជូននិស្សិតមកវៀននៅស្រុកខ្មែរ គេរៀនភាសាខ្មែរ នៅប្រទេសរបស់ខ្លួនគេជាមុនសិន។

បន្ថែមពីលើនេះ សម្ដេចតេជោបានបង្ហើប ឥឡូវនិស្សិតកម្ពុជា នៅវៀតណាមមានជាង ១០០០នាក់ សូម្បីតែអ្នកចម្រៀងដែលប្រឡងចម្រៀង Cambodian Idol ពេជ្រ ពន្លឺ ក៏ជាអតីតនិស្សិតរៀនវេជ្ជបណ្ឌិត នៅវៀតណាមផងដែរ ។ សម្ដេច ថា «យើងបង្កើតឲ្យនិស្សិតរបស់យើងរៀន»។

ឆ្លៀតឱកាសនោះ សម្ដេចតេជោ ក៏បានភ្ជាប់ពីដំណើរទស្សនកិច្ចរបស់លោក ហ៊ុន ម៉ាណែត នៅវៀតណាម ដោយសម្ដេចបញ្ជាក់ថា លោក ហ៊ុន ម៉ាណែត ទៅទស្សនកិច្ចនៅវៀតណាម មានតិចជាងនៅ ជប៉ុន ប៉ុន្តែសម្តេច បានសោកស្តាយ ចំពោះក្រុមអ្នកវិភាគ មិនលើកពីដំណើរទស្សនកិច្ចរបស់លោក ហ៊ុន ម៉ាណែត ទស្សនកិច្ចនៅជប៉ុន លើកតែពីទៅវៀតណាម។

សម្ដេចតេជោ បញ្ជាក់បន្ថែមថា «វៀតណាម ធ្វើតិចជាងជប៉ុនទេ ធ្វើតិចជាងសិង្ហបុរី ក្នុងដំណើរទស្សនកិច្ចរបស់ ហ៊ុន ម៉ាណែត ហេតុអីបានធ្វើតិចជាង នៅជប៉ុន និងសិង្ហបុរី ក្រៅពីរដ្ឋមន្ដ្រីការពារជាតិទទួល សមភាគីរបស់គេ មេបញ្ជាការជើងគោកដូចគ្នា។ ប៉ុន្ដែបន្ទាប់ទៅគេជួប រដ្ឋមន្ដ្រីការពារជាតិ ក្រៅពីរដ្ឋមន្ដ្រីការពារជាតិ នៅជួបរដ្ឋមន្ដ្រីការបរទេស»។

សម្តេចបន្តថា កូនប្រុសច្បងសម្តេច ទៅវៀតណាមគេរិះគន់ថា មិនមានការដាក់ទង់ជាតិខ្មែរ ក្នុងពេលជួបមន្រ្តីជាន់ខ្ពស់វៀតណាម តែសម្តេចបកស្រាយថា ធម្មតាការដាក់ទង់ជាតិនេះ ធ្វើឡើងទៅតាមឋានានុក្រុមផងដែរ ។ សម្តេចអ្វីកាន់តែពិសេសទៀតពួកប្រឆាំង លើកឡើងថា ការទៅវៀតណាមរបស់ម៉ាណែត ដើម្បីសុំការគាំទ្រពីវៀតណាមគាំទ្របេក្ខភាពម៉ាណែត សម្រាប់អនាគតនាយករដ្ឋមន្រ្តី តែសម្តេចបញ្ជាក់ត្រឡប់ទៅវិញថា កម្ពុជាគ្មានភាពចាំបាច់ណាសុំការគាំទ្រ ពីប្រទេសណាមួយនោះទេ៕

To Top