ព័ត៌មានជាតិ

តុលាការ កំពុងបន្តសវនាការ សំណុំរឿងលោក កឹម សុខា នៅព្រឹកនេះ

ភ្នំពេញ៖​ លោក កឹម សុខា អតីតប្រធាននៃ អតីតគណបក្សសង្គ្រោះជាតិ បានមកដល់សាលាដំបូងរាជធានីភ្នំពេញ ហើយ នៅព្រឹកថ្ងៃទី២៣ ខែមករា នេះ ដើម្បីបន្តសវនាការសំណុំរឿង ពាក់ព័ន្ធការចោទប្រកាន់អំពីបទ “ក្បត់ជាតិ” ឃុបឃិតជាមួយជនបរទេស ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា ។

ជាមួយគ្នានេះ គេសង្កេតឃើញថា មានកងកម្លាំងចម្រុះបាន ដាក់ពង្រាយជាធម្មតា មុខសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសម្រួលចរាចរណ៍ជូនអ្នកដំណើរ និង មិនមានបាតុភាពណាមួយកើតមានឡើង គួរឲ្យកត់សម្គាល់នោះទេ ពោលគឺ ដំណើរការនីតិវិធី ដើរដោយរលូន គ្មានការរារាំង ឬ រាំងស្ទះអ្វីនោះទេ ។

ក្រឡេកមកមើលក្រុមអ្នកសារព័ត៌មានវិញ មានទាំងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ នៅតែបន្តតាមដានសំណុំរឿង ដ៏ក្តៅគគុករបស់លោក កឹម សុខា នេះ និង រង់ចាំយកព័ត៌មានយ៉ាងចិត្តទុកដាក់ផងដែរ។

ក្រោយតំណាងមេធាវីលោក កឹម សុខា បង្ហាញវីឌីអូ ភស្តុតាងថ្មី ដែលមានរយៈពេលជាងមួយម៉ោង នៅក្នុងសវនាការកាលម្សិលមិញនេះ , លោក គី តិច មេធាវីតំណាងរាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញការជឿជាក់ ទៅលើរឿងក្តីនេះកាន់ខ្លាំងឡើង ដោយលោកសង្កត់យ៉ាងធ្ងន់ថា “កឹម សុខា មិនអាចដោះបន្ទុករួចខ្លួននោះទេ”។ នេះបើតាមការបញ្ជាក់របស់លោក គី តិច ដល់ក្រុមអ្នសារព័ត៌មាន ក្រោយបញ្ចប់សវនាការ។

ចំណែក លោកស្រី ម៉េង សុភារី មេធាវីការពារក្តី លោក កឹម សុខា វិញ អះអាងថា នេះគឺជាសវនាការពិនិត្យ ដេញដោលរវាងវីដេអូរយៈពេល ២នាទី ដែលយកមកដាក់បន្ទុក និង ភស្តុតាងដោះបន្ទុករបស់លោក កឹម សុខា ដែលមានខ្លឹមសារពេញរយៈពេល ១ម៉ោង៣នាទី។

ក្រុមមេធាវី រកឃើញថា ភស្តុតាងដាក់បន្ទុកជាភស្តុតាងក្លែងក្លាយ ដោយសារមានការកាត់វីដេអូរជាកង់ៗ ហើយយកមក ត ភ្ជាប់គ្នា ធ្វើឲ្យប្រាស់ចាក និងមិនឆ្លុះបញ្ចាំងពីខ្លឹមសារ និងគោលបំណងពិតប្រាកដនៃសន្ទរកថា ។

សូមជម្រាបថា សវនាការរឿងក្តីដ៏ក្តៅគគុកនេះ នឹងអាចពន្យាពេលជាច្រើនថ្ងៃបន្តទៀត ដោយសារតែមានអ្នកពាក់ព័ន្ធជាច្រើន ដែលនឹងត្រូវផ្តល់សក្ខីកម្មជូនដល់តុលាការ ៕

To Top