ភ្នំពេញ៖ លោក Christian Berger ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ទើបតែងតាំងថ្មី ប្រចាំកម្ពុជាបានបង្ហាញឆន្ទៈ អំពីការជួយជំរុញឲ្យពាណិជ្ជករ និងវិនិយោគិនអាល្លឺម៉ង់ ងាកមកចាប់អារម្មណ៍លើ សក្តានុពលពាណិជ្ជកម្មរបស់កម្ពុជា ឱ្យបានកាន់តែច្រើនបន្ថែមទៀត ដើម្បីចូលរួមអភិវឌ្ឍកម្ពុជា។
ក្នុងជំនួបជាមួយលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ លោក Christian Berge បានថ្លែងថា “ខ្ញុំនឹងជួយជំរុញឲ្យពាណិជ្ជករ និងវិនិយោគិនអាល្លឺម៉ង់ ងាកមកចាប់អារម្មណ៍លើ សក្តានុពលពាណិជ្ជកម្មរបស់កម្ពុជា” ។
ជាការឆ្លើយតបលោក ប៉ាន សូរស័ក្តិ ក៏បានបង្ហាញពីការស្វាគមន៍ ការវិនិយោគពីប្រទេសអាល្លឺម៉ង់ និងការត្រៀមខ្លួនរួចជាស្រេច ក្នុងការសម្របសម្រួល។
លោកបន្តថា ការខិតខំប្រឹងប្រែងរបស់ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការសម្របសម្រួលពាណិជ្ជកម្ម និងការវិនិយោគជូនដល់ពាណិជ្ជករ និងវិនិយោគិន តាមរយៈកំណែទម្រង់ច្បាប់ និងបទប្បញ្ញត្តិ ស្ថាប័ន និងការកាត់បន្ថយថ្លៃ ចំណាយផ្សេងៗជាដើម។
លោករដ្ឋមន្រ្តីបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា កំពុងផ្តោតទៅលើការធ្វើពិពិធកម្មទីផ្សារ ដើម្បីធ្វើសមារណកម្ម ចូលទៅក្នុងទីផ្សារអន្តរជាតិ។
គូសបញ្ជាក់ថា កម្ពុជា-អាល្លឺម៉ង់ បានបង្ហាញអំពីឆន្ទៈដ៏មោះមុតក្នុងការពង្រឹង កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតផងដែរ ៕
ដោ៖ ធី លីថូ