ព័ត៌មានជាតិ

ប្រមុខការពារជាតិ​ ប្រាប់សភាអាមេរិកថា កម្ពុជាមានសិទ្ធិទទួល ជំនួយសព្វាវុធ ប៉ុន្តែគ្មានច្បាប់ឲ្យកងទ័ពបរទេស ដាក់មូលដ្ឋានទ័ពលើកទឹកដីខ្លួន

ភ្នំពេញ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា បានប្រាប់ដល់ក្រុមសមាជិកសភាអាមេរិកថា ប្រទេសកម្ពុជា មិនអនុញ្ញាតឲ្យបរទេស បោះទីតាំងកងទ័ព នៅលើ ទឹកដីរបស់ខ្លួនជាដាច់ខាត ប៉ុន្តែកម្ពុជាមានសិទ្ធិទទួលយុទ្ធោបករណ៍ ពីបណ្ដាប្រទេសនានា ដើម្បីអភិវឌ្ឍកងទ័ពរបស់ខ្លួនបាន ខណៈចិននឹងជួយសាងសង់ កំពង់ផែចតនាវាដល់កម្ពុជា នាពេលខាងមុខនេះ ។

យោងតាមការចុះផ្សាយរបស់​ ស្ថានីយទូរទស្សន៍ប៊ីធីវីបានឲ្យដឹងថា ការបញ្ជាក់ជាថ្មីរបស់ប្រមុខការពារជាតិកម្ពុជា ធ្វើឡើងបន្ទាប់ពីមានការចោទសួរ របស់ក្រុមសមាជិកសភាអាមេរិក ដែលដឹកនាំដោយលោក Seth Wilbur Molton កាលពីល្ងាចថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ នៅទីស្ដីការគណៈរដ្ឋមន្ត្រី ។

សម្ដេចពិជ័យសេនា ទៀ បាញ់ បានប្រាប់ដល់ក្រុមសមាជិកសភាអាមេរិកថា កុំឲ្យមានការព្រួយបារម្ភ និងមានការសង្ស័យចំពោះកម្ពុជា បន្តទៀតទាក់ទងនឹង មូលដ្ឋានកងទ័ពបរទេស ជាពិសេសកងទ័ពចិននៅលើ ទឹកដីកម្ពុជា ខណៈករណីនេះត្រូវបានថ្នាក់ដឹកនាំកំពូលកម្ពុជា បញ្ជាក់ជាច្រើនលើកច្រើនសារមកហើយ តាមរយៈវេទិកានានាទាំងក្នុង និងក្រៅប្រទេសនោះ ។

សម្ដេច ទៀ បាញ់ បានលើកឡើងទៀតថា ចំពោះការលើកឡើងរបស់អាមេរិកថា «កងទ័ពចិនសាងសង់កំពង់ផែ នៅខេត្តព្រះសីហនុនោះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន និងសម្តេចពិជ័យសេនាផ្ទាល់ បានលើក ហេតុផលជាច្រើនលើក ច្រើនសារមកហើយ នៅតាមវេទិកានានាដោយបានបញ្ជាក់ច្បាស់ថា មាត្រា ៥៤ រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា មិនអនុញ្ញាតឲ្យបរទេស បោះទីតាំងនៅលើទឹកដី នៃព្រះរាជាណាចក្រ កម្ពុជាជាដាច់ខាត់ ។ ប៉ុន្តែត្រង់ចំណុចមួយបានចែងថា កម្ពុជាមានសិទ្ធិទទួលយុទ្ធោបករណ៍ ពីបណ្ដាប្រទេសនានា ដើម្បីធ្វើការអភិវឌ្ឍកងទ័ព របស់ខ្លួនបាន» ។

តែយ៉ាងណាក៏ដោយ សម្ដេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់បន្ថែមប្រាប់ ដល់ក្រុមសមាជិកសភាអាមេរិកទៀតថា កម្ពុជាមានគោលបំណង សាងសង់កំពង់ផែចតនាវា ជួសជុលនាវា និងផ្ដល់នាវាខ្នាតធំមធ្យម មួយចំនួនពិតមែន ក្រោមការជួយឧបត្ថម្ភរបស់ចិន ខណៈកំពង់ផែចតនាវា ជួសជុលនាវា និងនាវាកំពុងមានបច្ចុប្បន្ន ពុំមានលទ្ធភាពប្រើប្រាស់បាន តាមសេចក្តីត្រូវការជាក់ស្ដែង របស់កងទ័ពកម្ពុជាដូចជាកំពង់ផែ មានទឹករាក់អាចចូលចត បានតែនាវាតូចៗ រោងជាងជួសជុលនាវា ពុំមានសមត្ថភាព នាវាកំពុងមានបច្ចុប្បន្នពុំមាន លទ្ធភាពចូលរួមក្នុងលំហាត់ហ្វឹកហ្វឺនរួមគ្នា ការជួយសង្គ្រោះគ្រោះមហន្តរាយជាមួយបណ្ដា ប្រទេសជាមិត្ត និងការពារដែនកោះសមុទ្រ របស់កម្ពុជាគ្រប់គ្រាន់បាននោះឡើយ ។ មួយវិញទៀតនាវា របស់អាមេរិក បារាំង ចិន និងឥណ្ឌា ចូលចតនៅកម្ពុជា នាពេលកន្លងមក គឺសុទ្ធតែប្រើប្រាស់ កំពង់ផែពាណិជ្ជកម្ម ខេត្តព្រះសីហនុប៉ុណ្ណោះ ។ ប៉ុន្តែគម្រោង នៃការសាងសង់កំពង់ផែ ដែលជាជំនួយរបស់ រដ្ឋាភិបាលចិននេះ គឺមិនទាន់បានកំណត់ពេលវេលា សម្រាប់សាងសង់ នៅឡើយទេ ។

បន្ទាប់ពីមានការបកស្រាយ ដោយផ្ទាល់មាត់ ពីសំណាក់សម្ដេចពិជ័យសេនា ទៀ បាញ់ សារជាថ្មីនោះក្រុមសមាជិកសភាអាមេរិក បានសម្ដែងការអគុណចំពោះសម្តេច ដែលបានបង្ហាញពីការពិតនៅកម្ពុជា ហើយ ក្រុមសមាជិកសភាទាំងនោះ បានសន្យាថា នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយកម្ពុជា ឲ្យកាន់តែល្អប្រសើរឡើងថែមទៀត និងពាំនាំនូវប្រសាសន៍សម្ដេចពិជ័យសេនា នាពេលនេះដើម្បីរាយការណ៍ ជូន រដ្ឋាភិបាលសភា និងប្រជាជនអាមេរិកឲ្យ បានយល់កាន់តែច្បាស់ ពីការពិតនៅកម្ពុជានាពេលបច្ចុប្បន្ននេះ ៕

To Top