ព័ត៌មានអន្តរជាតិ

លោក រ៉ូហានី៖ ប្រទេសអ៊ីរ៉ង់ មិនដែលស្វះស្វែង បង្កើតអាវុធនុយក្លេអ៊ែ ទោះបីមាន ឬក៏មិនមាន កិច្ចព្រមព្រៀងនុយក្លេអ៊ែក៏ដោយ

បរទេស៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក ហាស្សាន រ៉ូហានី បាននិយាយនៅថ្ងៃពុធនេះថា ប្រទេសអ៊ីរ៉ង់ នឹងមិនស្វះស្វែងបង្កើតអាវុធនុយក្លេអ៊ែ ទោះបីមានឬក៏មិនមាន កិច្ចព្រមព្រៀងនុយក្លេអ៊ែក៏ដោយ ហើយលោកបានអំពាវនាវ ឲ្យមហាអំណាចអឺរ៉ុប ចៀសឲ្យផុតពីកំហុសឆ្គង់ របស់ទីក្រុងវ៉ាស៊ីនតោន ដែលបំពាន កិច្ចព្រមព្រៀងនុយក្លេអ៊ែឆ្នាំ២០១៥ របស់ទីក្រុងតេអេរ៉ង់ ដែលធ្វើឡើងជាមួយមហាអំណាចធំៗ។

យោងតាមគេហទំព័រ President.Ir លោក រ៉ូហានី បានមានប្រសាសន៍ថា “យើងមិនស្វះស្វែង រកអាវុធនុយក្លេអ៊ែនោះទេ គឺទោះមានឬក៏មិនមាន កិច្ចព្រមព្រៀងនុយក្លេអ៊ែក៏ដោយ យើងនឹងមិនដែលស្វះស្វែង រកអាវុធនុយក្លេអ៊ែសោះឡើយ ហើយមហាអំណាចអឺរ៉ុប ត្រូវទទួលខុសត្រូវ ចំពោះផលវិបាក នៃការរំលោភបំពានកិច្ចព្រមព្រៀង”។

គួរបញ្ជាក់ថា ក្នុងប្រតិបត្តិការឆ្លើយតប ចំពោះទីក្រុងវ៉ាស៊ីនតោន ដែលដកខ្លួនចេញ ពីកិច្ចព្រមព្រៀងនុយក្លេអ៊ែ នៅក្នុងឆ្នាំ២០១៨ និងបានដាក់ទណ្ឌកម្មជាថ្មីនោះ ប្រទេសអ៊ីរ៉ង់ ជារឿយៗបានបន្ធូរបន្ថយ ការប្តេជ្ញារបស់ខ្លួន តែលោក រ៉ូហានី បានថ្លែងថា ប្រទេសអ៊ីរ៉ង់នៅតែប្រកាន់ខ្ជាប់ ចំពោះកិច្ចព្រមព្រៀងនោះ ហើយអាចនឹងបោះជំហាន បែរមករកការអនុវត្តតាមកិច្ចព្រមព្រៀង ប្រសិនបើភាគីដទៃទៀត បានបំពេញតាមកាតព្វកិច្ចរបស់ពួកគេ៕ ប្រែសម្រួល៖ប៉ាង កុង

To Top