បរទេស ៖ ក្រោយពីជួបគ្នា ជាមួយនាយករដ្ឋមន្ត្រី អ៊ីស្រាអែល លោក Benjamin Netanyahu នៅថ្ងៃពុធនេះ ប្រធានាធិបតីបារាំង លោក Emmanuel Macron បាននិយាយថា ប្រទេសបារាំងបានប្តេជ្ញាថា ប្រទេសអ៊ីរ៉ង់ នឹងមិនទទួលបានអាវុធ នុយក្លេអ៊ែនោះទេ ប៉ុន្តែទីក្រុងប៉ារីស ចង់ឲ្យមានការបញ្ចៀសកំណើនតានតឹង យោធាណាមួយ នៅតំបន់មជ្ឈិមបូព៌ា។
ដំណើរទស្សនកិច្ច រយៈពេលពីរថ្ងៃ របស់លោកប្រធានាធិបតីបារាំង ទៅកាន់ប្រទេសអ៊ីស្រាអែល និងទឹកដីប៉ាឡេស្ទីន តាមសេចក្តីរាយការណ៍ គឺត្រូវបានកំណត់ធ្វើឡើង ចំថ្ងៃគម្រប់ខួបលើកទី៧៥ឆ្នំា នៃការរំដោះជំរុំមរណៈ Auschwitz។
យោងទៅតាមការិយាល័យ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បានឲ្យដឹងថា លោកប្រធានាធិបតីបារាំង បានចាប់ផ្តើមដំណើរទស្សនកិច្ច របស់លោក តាមរយៈការជួបលោក Netanyahu នៅលំនៅស្ថានផ្លូវការរបស់លោក ក្នុងទីក្រុងយេរូសាឡឹម ហើយមេដឹកនាំទាំងពីរ បានពិភាក្សាគ្នាអំពីកម្មវិធីនុយក្លេអ៊ែអ៊ីរ៉ង់ និងបញ្ហាសន្តិសុខក្នុងតំបន់ ចាប់តាំងពីប្រទេសលីប៊ី រហូតដល់ប្រទេសតួកគី ៕
ប្រែសម្រួល៖ប៉ាង កុង