តាមពិតមិនថាខ្ញុំរឺ ប្រជាពលរដ្ឋទូទៅនោះទេ គេបានភ្លេចឈ្មោះ សម រង្ស៊ីបាត់ទៅហើយក្រោយចាញ់បោកការឃោសនាបោកប្រាស់លំដាប់ផ្កាយប្រាំរឿងវិលចូលស្រុកខ្មែរថ្ងៃ ៩ វិច្ឆិកា ២០១៩ ។
ម៉្យាងទៀត ពេលនេះអ្វីដែលជាការគិតគូររបស់ប្រជាជនដែលមានខ្សែស្រឡាយចិន គឺការត្រៀមសែននិងការដើរលេងសប្បាយក្នុងពិធីបុណ្យចូលឆ្នាំចិនខាងមុខនេះ ។ ហើយបច្ចុប្បន្ន អ្វីដែលសាធារណ:មតិមួយចំនួនកំពុងតាមដានគឺរឿងតុលាការកំពុងដំណើរការកាត់ក្តីលោក កឹម សុខា ។
ទោះបីខ្ញុំសំរេចតាំងពីថ្ងៃ ៩ វិច្ឆិកា ២០១៩ ថាឈប់និយាយនិងសរសេរពីឈ្មោះសម រង្ស៊ីទៀត ដោយសារបុគ្គលរូបនេះគ្មាននូវសល់តំលៃអ្វីទៀត ទេសំរាប់ការយកចិត្តទុកដាក់ពីមហាជន ក៌ប៉ុន្តែខ្ញុំសម្រេចចិត្តដោយបង្ខំត្រូវតែសរសេរឈ្មោះ សម រង្ស៊ីនេះម្តងទៀតខានមិនបានពីព្រោះតែមានរឿងសំខាន់ដែលត្រូវនិយាយ។
អ្វីដែលសំខាន់គឺ ខណៈ ពេលដែលសវនាការ សំណុំរឿងលោក កឹម សុខា កំពុងតែដំណើរការ ហើយលោក កឹម សុខា និងក្រុមមេធាវីកំពុងរកវិធី និងភស្តុតាងដើម្បីដោះបន្ទុកពី ការចោទប្រកាន់ក្នុងសំណុំរឿងក្បត់ជាតិ បែរជាលោក សម រង្ស៊ី ស្រាប់តែបង្ហាញនិងផ្តល់ភស្តុតាងជាច្រើនដោយ free ដើម្បីបញ្ជាក់ពីភាពពាក់ព័ន្ធរបស់លោកកឹម សុខា ឬ របស់គណបក្សសង្គ្រោះជាតិក្នុងការឃុបឃិតជាមួយបរទេសក្នុងផែនការផ្តួលរំលំ រដ្ឋាភិបាលកម្ពុជាទៅវីញ។
តាមរយៈការសំភាសន៍ជាមួយវិទ្យុអាស៊ីសេរីនិងការបង្ហោះតាមទំព័រ
ហ្វេសប៊ុកផេករបស់ខ្លួន លោក សម រង្ស៊ី បាន បង្ហោះសារនិងរូបភាពជាច្រើនដែលបញ្ជាក់ ពី ភាពពាក់ព័ន្ធរបស់ខ្លួនក៏ដូចជាលោក កឹម សុខា អំពីការឃុបឃិតជាមួយបរទេស។ លោក សម រង្ស៊ី ធ្វើជានិយាយឌឺថា ចង់ឲ្យតុលាការចោទប្រកាន់ខ្លួនដូច លោក កឹម សុខា ដែរទើបបង្ហាញភស្តុតាងទាំងនោះ ហើយនឹងបន្តផ្ញើមកអោយតុលាការថែមទៀត។
បើស្តាប់មួយភ្លែតទៅ វាហាក់ដូច ជាលោក សម រង្ស៊ី ក្លាហានចង់រួមសុខទុក្ខជាមួយលោក កឹម សុខា ចង់ដោះបន្ទុកលោក កឹម សុខា ហើយទទួលទោសជំនួសលោក កឹម សុខា ! ប៉ុន្តែ បើយើងពិនិត្យនិងវិភាគអោយស៊ីជំរៅទៅ គឺជាចេតនា ពិតប្រាកដនិងសែន ពិសពុលរបស់លោក សម រង្ស៊ី ក្នុងការចង់ដាក់បន្ទុកថែមទៀតដល់លោក កឹម សុខា តែប៉ុណ្ណោះ។
អ្វីដែលលោក សម រង្ស៊ី បាន បង្ហាញនិងអះអាងក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ គឺពិតជាមានអត្ថន័យច្រើនយ៉ាងណាស់ :
ទី១៖ គឺជាការប្រកាស ទទួលស្គាល់ជា សាធារណៈថា ពិតជា មានការឃុបឃិតជាមួយបរទេសក្នុងការរៀបចំផែនការផ្តួលរំលំរដ្ឋាភិបាលលោក ហ៊ុនសែនតាមរៀបបដិវត្តន៍ ពណ៌ដោយអតីតគណបក្សសង្គ្រោះជាតិ មែន។
ទី២៖ បន្ថែមពីលើការប្រកាសទទួលស្គាល់ជាលាយលក្ខណ៍អក្សរ នេះ លោក សម រង្ស៊ី ក៏បានបង្ហោះរូបភាពដើម្បីបញ្ជាក់ពីភស្តុតាងថា មេដឹកនាំអតីតបក្សសង្គ្រោះជាតិ ពិតជាបានទទួលការបង្វឹកពីបរទេសដើម្បីរៀបចំផែនការផ្តួលរំលំរដ្ឋាភិបាលពិតប្រាកដ មែន។
ទី៣៖ អ្វីដែលលោក សម រង្ស៊ី បានបង្ហោះនិង និយាយក្នុងសំភាសន៍ជាមួយវិទ្យុអាស៊ីសេរីគឺជាសក្ខីកម្មក្នុងនាមសាសក្សីដ៏សំខាន់ម្នាក់ ដើម្បីបញ្ជាក់ឲ្យឃើញថា ការរំលាយអតីតគណបក្សសង្គ្រោះជាតិដោយតុលាការកំពូល ពិតជា រឿងត្រឹមត្រូវនិងចាំបាច់។
ទី៤៖ សក្ខីកម្មរបស់លោក សម រង្ស៊ី ក៏បានបន្ថែម ទម្ងន់ទៅលើសំណុំរឿងក្តីរបស់លោក កឹម សុខា ដើម្បីបញ្ជាក់ថា ដំណើរការរឿងក្តីនេះពិតជាត្រឹមត្រូវ និងចាំបាច់ពីព្រោះទាំងលោក កឹម សុខា ទាំងលោក សម រង្ស៊ី សុទ្ធតែបានឃុបឃិតជាមួយបរទេស យ៉ាងជ្រាលជ្រៅដើម្បីឈានទៅផ្តួលរដ្ឋអំណាច ស្របច្បាប់នៅកម្ពុជា។ ដូច្នេះ លោក កឹម សុខា ច្បាស់ជាមិនអាចបដិសេធថា ខ្លួនមិនបានឃុបឃិតជាមួយបរទេសដូចដែលគាត់តែងតែ បដិសេធនោះឡើយពីព្រោះសូមកុំភ្លេចថា លោក សម រង្ស៊ី គឺជាសាក្សី និងក៏ជាអ្នក ពាក់ព័ន្ធដ៏សំខាន់ម្នាក់ក្នុងសំណុំរឿងក្តីនេះ។
ទី៥: ការផ្តល់ភស្តុតាងនិងការអះអាងសារភាពរបស់ សម រង្ស៊ីអំពីការឃុបឃិត របស់ពួកខ្លួនជាមួយបរទេសដើម្បីផ្តួលរំលំ រដ្ឋាភិបាល លោក ហ៊ុន សែនគឺជាការបញ្ជាក់ យ៉ាងច្បាស់បន្ថែមទៀតថា រឿងក្តីរបស់លោក កឹម សុខានេះមិនមែនជារឿង នយោបាយទេគឺរឿងព្រហ្មទណ្ឌ ក្បត់ជាតិ ពិតប្រាកដមែន។
តាមពិត វាគ្មានអ្វីជាអាថ៌កំបាំងទៀតនោះឡើយសម្រាប់ចេតនា របស់លោក សម រង្ស៊ី ចំពោះ លោក កឹម សុខា ពីព្រោះនរណាៗ ក៏បាន ដឹងដែរថា ជារៀងរាល់ លើក នៅពេលដែល លោក កឹម សុខា ជួបរឿងក្តីក្តាំ ហើយព្យាយាមការពារខ្លួន ដើម្បីឲ្យរួចផុតពីការចោទប្រកាន់ គឺ លោក សម រង្ស៊ី តែងតែ ដាក់បន្ទុកបន្ថែមឲ្យលោក កឹម សុខា ជានិច្ច។
ជាក់ស្តែង ពេលសង្ស័យថា លោក កឹម សុខា អាចត្រូវបានដោះលែងកាលពីកំឡុងខែមីនាឆ្នាំ ២០១៩ លោក សម រង្ស៊ី បានស្កាត់ទុកជាមុនដោយយក សេរីភាពលោក កឹម សុខា មកភ្នាល់ជាមួយលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន។