ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានថ្លែងថា ទោះបីជាស្ថិត ក្នុងកាលៈទេសៈជំងឺកូវីដ-១៩ក្តី ក៏កម្ពុជា-ថៃ បានជំរុញកិច្ចសហប្រតិបត្តិការ លើវិស័យពាណិជ្ជកម្ម អប់រំ និងវិស័យដទៃទៀត បានយ៉ាងល្អជាទីមោទក ។
នាឱកាសអនុញ្ញាតឲ្យលោក ប៉ានយ៉ារ៉ាក់ ពុលថាប់ (Panyarak Poolthup) ឯកអគ្គរាជទូតថៃ ប្រចាំកម្ពុជា ចូលជួបជម្រាបលា នាថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២ សម្ដេចតេជោ បានថ្លែងថា «ទោះបីស្ថិតក្នុងកាលៈទេសៈកូវីដ-១៩ ក៏ដោយ យើងបានខិតខំរួមគ្នាធ្វើការបានល្អ ជំរុញទំនាក់ទំនង រវាងប្រទេសទាំងពីរផង និងជំរុញកិច្ចសហប្រតិបត្តិការ លើវិស័យពាណិជ្ជកម្ម អប់រំ និងវិស័យដទៃទៀត បានយ៉ាងល្អជាទីមោទក»។
ឆ្លៀតឱកាសនោះ លោក ពុលថាប់ បានអបអរសាទរចំពោះ រាជរដ្ឋាភិបាលកម្ពុជា បានទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ បានជោគជ័យ ហើយក្នុងនាមជាប្រធានអាស៊ាន បានបើកប្រទេសឡើងវិញ ដឹកនាំកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ទទួលជោគជ័យ ដែលនោះឆ្លុះបញ្ចាំងពីតួនាទីដ៏រឹងមាំរបស់កម្ពុជា លើឆាកអន្តរជាតិ ។
លោកបន្ដថា កិច្ចសហប្រតិបត្តិការ និងទំនាក់ទំនង រវាងប្រទេសទាំងពីរ ត្រូវបានពង្រីក-ពង្រឹង ខណៈទំហំពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ បានកើនឡើង១០% ទោះបីស្ថិតក្នុងដំណាក់កាលកូវីដ-១៩ ក៏ដោយ ក្នុងនោះវិស័យអប់រំ ការអភិវឌ្ឍធនធាន មនុស្ស និងវិស័យដទៃទៀត ក៏មានការរីកចម្រើនផងដែរ ៕