គៀវ៖ ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) បានឲ្យដឹងដោយដកស្រង់ ព័ត៌មានពីអ៊ុយក្រែនថា រោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia នៅក្នុងប្រទេសអ៊ុយក្រែន ត្រូវបានផ្តាច់ចេញពីខ្សែថាមពលបម្រុង របស់ខ្លួនកាលពីថ្ងៃចន្ទ ប៉ុន្តែនៅតែបន្តទទួលអគ្គិសនី ដែលវាត្រូវការសម្រាប់សុវត្ថិភាព ពីម៉ាស៊ីនរ៉េអាក់ទ័រប្រតិបត្តិការ តែមួយគត់របស់ខ្លួន។
IAEA បានឲ្យដឹងនៅក្នុង សេចក្តីថ្លែងការណ៍មួយថា ខ្សែថាមពលបម្រុងដែលតភ្ជាប់រោងចក្រ Zaporizhzhia និងស្ថានីយ៍ថាមពលកំដៅនៅក្បែរនោះ ត្រូវបាន “ផ្តាច់ដោយចេតនា” នៅមុនថ្ងៃដើម្បី “ពន្លត់ភ្លើង ប៉ុន្តែខ្សែបណ្តាញមិនបានខូចខាតនោះទេ” ។
ខ្សែបណ្តាញបម្រុងត្រូវបានប្រើប្រាស់ ដើម្បីបញ្ជូនអគ្គិសនីពីរោងចក្រ Zaporizhzhia ទៅកាន់បណ្តាញអគ្គិសនី ខណៈដែលរោងចក្រនេះបាន បាត់បង់ការតភ្ជាប់ទៅខ្សែថាមពលខាងក្រៅ សំខាន់ៗទាំងបួននៅថ្ងៃសុក្រ។
IAEA បានឲ្យដឹងថា វាត្រូវបានជូនដំណឹងដោយអ៊ុយក្រែនថា ខ្សែបន្ទាត់បម្រុងនឹងត្រូវបានតភ្ជាប់ឡើងវិញ នៅពេលដែលភ្លើងត្រូវបានពន្លត់។ បុគ្គលិកអ៊ុយក្រែនរបស់រោងចក្រ ក៏មានគម្រោងជួសជុលខ្សែ ថាមពលខាងក្រៅដ៏សំខាន់ ដែលបានធ្លាក់ចុះកាលពីថ្ងៃសុក្រ ប៉ុន្តែដំណើរការ “នឹងចំណាយពេលច្រើនថ្ងៃ”។
អគ្គនាយក IAEA លោក Rafael Grossi បានដឹកនាំបេសកកម្មអ្នកជំនាញទៅកាន់រោងចក្រ Zaporizhzhia កាលពីសប្តាហ៍មុន។ អ្នកជំនាញ ៦នាក់ ក្នុងចំណោមអ្នកជំនាញទាំងនោះ នៅតែនៅកន្លែងនោះ បន្ទាប់ពីបេសកកម្មបានបញ្ចប់ ដំណើរទស្សនកិច្ច កាលពីថ្ងៃព្រហស្បតិ៍មុន។
ក្រុមឃ្លាំមើលនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ បានបញ្ជាក់កាលពីថ្ងៃចន្ទថា អ្នកជំនាញ ៤នាក់បានចាកចេញពីរោងចក្រ Zaporizhzhia នៅមុនថ្ងៃដូចការគ្រោងទុក ហើយពីរនាក់ទៀតកំពុងស្នាក់នៅ ដើម្បីរក្សាវត្តមានរបស់ IAEA ជាបន្តបន្ទាប់ “អាចឱ្យទីភ្នាក់ងារតាមដាន ស្ថានភាពនៅទីនោះ និងផ្តល់ការវាយតម្លៃដោយឯករាជ្យ” ៕
ប្រែសម្រួល ឈូក បូរ៉ា