ព័ត៌មានជាតិ

ក្រសួង ដាក់ផែនការ ដោះស្រាយការងារ សេសសល់ ត្រៀមដាក់ដំណើរសាកល្បង ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ឆាប់ៗនេះ (Video)

ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានដាក់ផែនការ ឲ្យគ្រប់ភាគីពាក់ព័ន្ធ ដោះស្រាយការងារសេសសល់ យកមកពិភាក្សា រកដំណោះស្រាយ ឲ្យបានរួចរាល់ ដើម្បីត្រៀម ដាក់ឲ្យដំណើរសាកល្បងផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ ក្នុងពេលឆាប់ៗខាងមុខនេះ ។

ក្នុងកិច្ចប្រជុំជាមួយ ថ្នាក់ដឹកនាំក្រុមហ៊ុន សាជីវកម្មស្ពានថ្នល់ចិន (CRBC) ដឹកនាំដោយ លោក Sun Yao Guo ប្រធានវិស្វករ នាថ្ងៃ៦ កញ្ញា លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង សាធារណការ និងដឹកជញ្ជូន បាន កោតសរសើរ ក្រុមហ៊ុនសាជីវកម្ម ស្ពានថ្នល់ចិន(CRBC) ដែលបានអនុវត្តការងារ សាងសង់លឿនជាង គម្រោងដែលបានគ្រោងទុក ក្នុងកិច្ចសន្យា ។

លោកបញ្ជាក់ថា «បានដាក់ផែនការ ឲ្យគ្រប់ភាគីពាក់ព័ន្ធដោះស្រាយ ការងារដែលនៅសេសសល់ យកមកពិភាក្សា រកដំណោះស្រាយឲ្យបានរួចរាល់ ដើម្បីត្រៀមដាក់ឲ្យដំណើរសាកល្បង ក្នុងពេលឆាប់ៗខាងមុខនេះ» ។

ក្នុងនោះដែរចំពោះ ទីតាំងសាងសង់បង្គោលអង់តែន ទូរសព្ទសំខាន់ៗមួយចំនួន នៅតាមបណ្តោយផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ក្រសួងឯកភាព ជាមួយក្រុមហ៊ុន CRBC ផ្តល់ឲ្យក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ធ្វើការរៀបចំ បំពាក់បង្គោល តាមនីតិវិធីរបស់ខ្លួន ជាមួយភាគីពាក់ព័ន្ធ ។

សូមបញ្ជាក់ថា ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ មានប្រវែងសរុប ១៨៧,០៥គីឡូម៉ែត្រ បានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ។ ផ្លូវនេះសម្រចបាន ៩៦,៦០% គិតត្រឹមថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២។ ផ្លូវនេះតភ្ជាប់ពីភូមិ១ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។ គម្រោងសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ នឹងក្លាយជាផ្លូវល្បឿនលឿនថ្មី និងដំបូងបំផុត នៅកម្ពុជា និងជាគម្រោងផ្លូវរបៀង យុទ្ធសាស្រ្តសំខាន់បំផុត ជួយកាត់បន្ថយ ពេលវេលាធ្វើដំណើរ ពីរាជធានីភ្នំពេញ ទៅកាន់ក្រុងព្រះសីហនុ ពីចំនួន៥ម៉ោង ថយមកប្រមាណ២ម៉ោងប៉ុណ្ណោះ ព្រមទាំងជួយកាត់បន្ថយតម្លៃដឹកជញ្ជូនផងដែរ ៕

To Top