ព័ត៌មានអន្តរជាតិ

រុស្ស៊ីបញ្ជាក់ហើយថា នឹងមិនបើកដំណើរការឡើងវិញ នូវលំហូរឧស្ម័នធម្មជាតិ តាមរយៈបំពង់បង្ហូរប្រេង ដ៏សំខាន់ទៅកាន់ អឺរ៉ុបឡើយ រហូតទាល់តែទណ្ឌកម្ម ត្រូវបានដកចេញ

ម៉ូស្គូ ៖ វិមានក្រឹមឡាំង បានចេញសេចក្តី អធិប្បាយ យ៉ាងមុតស្រួចរបស់ខ្លួន អំពីការកាត់ផ្តាច់លំហូរ ឧស្ម័នធម្មជាតិ របស់រុស្ស៊ីទៅកាន់អឺរ៉ុប តាមរយៈបំពង់បង្ហូរ Nord Stream 1 ដោយលើកឡើងថា ការផ្គត់ផ្គង់នឹងមិនបន្តរហូតដល់ “សមូហភាពលោកខាងលិច” ដកទណ្ឌកម្មប្រឆាំង នឹងទីក្រុងម៉ូស្គូ។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានឲ្យដឹងថា “បញ្ហានៃការផ្គត់ផ្គង់ ឧស្ម័នបានកើតឡើង ដោយសារតែការដាក់ទណ្ឌកម្ម លើប្រទេសរបស់យើង ដោយរដ្ឋបស្ចិមប្រទេស រួមទាំងប្រទេស អាល្លឺម៉ង់ និងចក្រភពអង់គ្លេស” ។

លោកបានលើកឡើង “យើងឃើញការព្យាយាមឥតឈប់ឈរ ដើម្បីផ្លាស់ប្តូរទំនួលខុសត្រូវ និងការស្តីបន្ទោស មកលើពួកយើង។ យើងបដិសេធយ៉ាង ដាច់អហង្ការ និងទទូចថាសមូហភាពលោកខាងលិច – ក្នុងករណីនេះ អឺរ៉ុប កាណាដា ចក្រភពអង់គ្លេស – ត្រូវស្តីបន្ទោស ចំពោះការពិតដែលថា ស្ថានភាពបានឈានដល់ចំណុច ដែលវាគឺឥឡូវនេះ” ។

លោក Peskov បានបន្ថែមថា Nord Stream 1 នឹង “ប្រាកដណាស់” បន្តការផ្គត់ផ្គង់របស់ខ្លួនដល់អឺរ៉ុប ប្រសិនបើទណ្ឌកម្ម ត្រូវបានបន្ធូរបន្ថយ។ មុនពេលបិទការផ្គត់ផ្គង់ទាំងស្រុង កាលពីថ្ងៃសុក្រសប្តាហ៍មុន ក្រុមហ៊ុន ឧស្ម័នរដ្ឋរុស្ស៊ីយក្ស Gazprom បាននិងកំពុងបន្ថយល្បឿន លំហូរឧស្ម័នធម្មជាតិ តាមរយៈ Nord Stream 1 ក្នុងរយៈពេលពីរបីខែ។ ក្រុមហ៊ុន និងវិមានក្រឹមឡាំង បានទទូចយ៉ាងខ្ជាប់ខ្ជួនថា ការថយចុះនៃលំហូរឧស្ម័ន គឺដោយសារ តែហេតុផលបច្ចេកទេស។

ការបញ្ឈប់ទាំងស្រុងនៅ Nord Stream 1 បានធ្វើឱ្យអនាគតឧស្ម័នធម្មជាតិ របស់ប្រទេសហូឡង់កើនឡើងដល់ទៅ ៣៦ភាគរយ ក្នុងរយៈពេលត្រឹមតែមួយ ថ្ងៃកាលពីថ្ងៃចន្ទ។

គួរបញ្ជាក់ថា ប្រទេសរុស្ស៊ី ផ្គត់ផ្គង់ប្រហែល ៤០ភាគរយ នៃឧស្ម័នធម្មជាតិរបស់អឺរ៉ុប ដែលភាគច្រើន ត្រូវបានដឹកជញ្ជូនតាមបំពង់។ ក្នុងឆ្នាំ២០២១ រុស្ស៊ីបាននាំចេញឥន្ធនៈប្រហែល ១៥៥ ពាន់លានម៉ែត្រគូបទៅកាន់អឺរ៉ុប ដែលច្រើនជាងមួយភាគបី បានមកពីបំពង់បង្ហូរ Nord Stream 1៕ប្រែសម្រួល ឈូក បូរ៉ា

To Top