ស្ទឹងត្រែង៖ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ក្នុងឱកាសអញ្ជើញជាអធិបតីភាពបើកយុទ្ធនាការផ្សព្វផ្សាយ របបសន្តិសុខសង្គមផ្នែកប្រាក់សោធន នៅខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២ នេះបានថ្លែងថា៖ ចាប់តាំងពីរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសជាផ្លូវការក្នុងការដាក់ឱ្យដំណើរការ របបសន្តិសុខសង្គមផ្នែកប្រាក់សោធនសម្រាប់វិស័យឯកជន រហូតមកដល់ពេលនេះ គឺមានរយៈពេលជិត ៣ខែហើយ ដែល ប.ស.ស. បានចុះយុទ្ធនាការផ្សព្វផ្សាយ របបសន្តិសុខសង្គមផ្នែកប្រាក់សោធន ជូនដល់បងប្អូនដែលកំពុងបំពេញការងារ ក្នុងវិស័យឯកជនទាំងអស់ ដែលគិតត្រឹមថ្ងៃទី៦ ខែកញ្ញា ម្សិលមិញនេះ មានបងប្អូនកម្មករនិយោជិត សរុបប្រមាណជាង ១លាននាក់ហើយ ដែលក្នុងនោះមានបងប្អូនកម្មករនិយោជិតជាស្រ្តី សរុបប្រមាណជាង ៧០ម៉ឺនាក់ ទទួលបានការចុះផ្សព្វផ្សាយ របបសន្តិសុខសង្គមថ្មីមួយនេះ។
លោក ប្រតិភូរាជរដ្ឋាភិបាល បានបញ្ជាក់ទៀតថា៖ របបសន្តិសុខសង្គមផ្នែកប្រាក់សោធនសម្រាប់វិស័យឯកជនដ៏ល្អមួយនេះ គឺអាចជួយគាំពារដល់បងប្អូនជាសមាជិក ប.ស.ស. ទាំងអស់ រហូតឈានដល់វ័យចំណាស់ ដែលពួកគាត់ទាំងអស់នឹងទទួលបាននូវប្រាក់ចូលនិវត្តន៍ប្រចាំខែ ជាមួយនឹងការទទួលបានការធានារ៉ាប់រងលើការថែទាំសុខភាព រួមទាំងអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀតផងដែរ ដែលនេះសបញ្ជាក់ពីការគិតគូរ និងយកចិត្តទុកដាក់ខ្ពស់បំផុតរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងឈ្លាសវៃបំផុតពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ទៅលើសុខុមាលភាព និងជីវភាពរស់នៅរបស់ពលរដ្ឋគ្រប់ៗរូប ពិសេសបងប្អូនកម្មករនិយោជិត។
លោក ប្រតិភូរាជរដ្ឋាភិបាល បានបន្តថា៖ គោលនយោបាយដ៏ល្អបំផុត ដែលប្រមុខដឹកនាំនៃរាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្ត របបសន្តិសុខសង្គមផ្នែកប្រាក់សោធនសម្រាប់វិស័យឯកជននាពេលនេះ គឺជាជំហានថ្មីមួយទៀត ដែលជាជំហានឆ្ពោះទៅកាន់ការអភិវឌ្ឍប្រព័ន្ធសន្តិសុខសង្គមពេញលេញនៅកម្ពុជា និងជាចំណែកក្នុងការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមមួយដ៏រឹងមាំ ដើម្បីជាប្រយោជន៍សម្រាប់ប្រជាជនគ្រប់ក្រុមគោលដៅ និងជាពិសេសការបង្ការហានិភ័យខ្ពស់ នៃការធ្លាក់ចូលក្នុងភាពក្រីក្រ នៅពេលចូលដល់វ័យចាស់ជរា ដែលនេះជាការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងតែងតែយកចិត្តទុកដាក់ខ្ពស់ ចំពោះបងប្អូនប្រជាពលរដ្ឋ ជាពិសេសគឺពលរដ្ឋមានវ័យចំណាស់។
ក្នុងឱកាសនោះដែរ លោក ញ៉ែម សារី អភិបាលរង នៃគណៈអភិបាលខេត្តស្ទឹងត្រែង បានសម្តែងការសាទរយ៉ាងខ្លាំងចំពោះគោលនយោបាយដ៏ល្អបំផុតមួយនេះ លោកអភិបាលរង ក៏បានអំពាវនាវទៅដល់ ថៅកែ ឬម្ចាស់សហគ្រាស គ្រឹះស្ថានទាំងអស់ ជាពិសេសបងប្អូនកម្មករនិយោជិត ដែលស្ថិតនៅក្នុងភូមិសាស្រ្ត នៃទឹកដីខេត្តស្ទឹងត្រែង ត្រូវយកចិត្តទុកដាក់ក្នុងការអនុវត្ត កាតព្វកិច្ចរបស់ខ្លួន ប្រកបដោយការពេញចិត្ត និងទទួលខុសត្រូវខ្ពស់ស្របទៅតាមច្បាប់ ស្តីពីរបបសន្តិសុខសង្គមកម្ពុជា។
សូមបញ្ជាក់ថា៖ ខេត្តស្ទឹងត្រែង គឺជាខេត្តទី២៣ ដែល ប.ស.ស. បានចុះបើកយុទ្ធនាការផ្សព្វផ្សាយរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន។ ស្ថិតនៅភូមិភាគឥសាន្តនៃប្រទេសកម្ពុជា ខេត្តស្ទឹងត្រែងក៏មានរោងចក្រ សហគ្រាស គ្រឹះស្ថាន ដែលបម្រើការងា លើវិស័យផ្សេងៗគ្នាជាច្រើន ដែលក្នុងនោះ រោងចក្រ សហគ្រាស គ្រឹះស្ថាន ចំនួន ១០៧ បានចុះបញ្ជីមកក្នុង ប.ស.ស. និងមានបងប្អូនកម្មករនិយោជិតសរុបចំនួន ៣ ៧២៤ នាក់ (ស្រ្តីចំនួន ១ ៣៥៥នាក់) បានក្លាយជាសមាជិក ប.ស.ស. ដែលកំពុងនឹងទទួលបានការប្រើប្រាស់ សេវាដោយឥតគិតថ្លៃ នៅតាមមន្ទីរពេទ្យដៃគូ ប.ស.ស. ក៏ដូចជាទទួលបាននូវអត្ថប្រយោជន៍ របបសន្តិសុខសង្គមផ្សេងៗជាច្រើនទៀតផងដែរ៕