ព័ត៌មានជាតិ

រដ្ឋមន្ត្រីវប្បធម៌ ៖ សម្បត្តិវប្បធម៌ គឺជាមូលដ្ឋានគ្រឹះ នៃអតីតកាល បច្ចុប្បន្នកាល និងអនាគតរបស់ជាតិ

ភ្នំពេញ ៖ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ជាក់ថា សម្បត្តិវប្បធម៌ គឺជាមូលដ្ឋានគ្រឹះ នៃអតីតកាល បច្ចុប្បន្នកាល និងអនាគតរបស់ជាតិ សាសន៍នីមួយៗ តម្រូវឱ្យបណ្តាប្រទេសពាក់ព័ន្ធរួមគ្នាការពារ និងទប់ស្កាត់ការចរាចរជួញដូរ សម្បត្តិវប្បធម៌ខុសច្បាប់ ឱ្យមានប្រសិទ្ធភាព។ នេះបើយោង តាមគេហទំព័រហ្វេសប៊ុក ក្រសួងវប្បធម៌ ។

ក្នុងសន្និសីទអន្តរជាតិ ស្តីពីការការពារ និងទប់ស្កាត់ការចរាចរជួញដូរ សម្បត្តិវប្បធម៌ខុសច្បាប់៖ទស្សនពីអាស៊ាន នាថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២ លោកស្រី ភឿង សកុណា មានប្រសាសន៍ថា «សម្បត្តិវប្បធម៌ ឆ្លុះបញ្ចាំងពីអត្តសញ្ញាណ វប្បធម៌ ប្រាជ្ញា ចំណេះដឹង និងមោទនភាពជាតិសាសន៍មួយ ។ សម្បត្តិវប្បធម៌រួមចំណែកដល់ពិភពលោក និងធ្វើឱ្យជីវិតរបស់យើងកាន់តែសម្បូរបែប តាមរយៈចំណេះដឹងវិទ្យាសាស្ត្រដែលបញ្ជ្រាបចូល ហើយដោយសារតម្លៃជាប្រវត្តិសាស្ត្រនិងភាពងាយខូចខាតរបស់សម្បត្តិវប្បធម៌ វាអាចជាកម្លាំងបង្រួបបង្រួម សម្រាប់ប្រជាជាតិ។ ដូចដែលយើងទាំងអស់គ្នា បានដឹងស្រាប់ហើយថា ពិភពលោកបានឈានចូលដល់ដំណាក់កាល នៃភាពមិនច្បាស់លាស់ និងអស្ថិរភាព»។

លោកស្រី បញ្ជាក់ថា ការការពារសម្បត្តិ វប្បធម៌ទាំងនោះ សហគមន៍នឹងទទួលបានអត្ថប្រយោជន៍ពីតម្លៃសេដ្ឋកិច្ចរបស់ខ្លួន ដោយសារវាផ្តល់នូវការ ចិញ្ចឹមជីវិត និងការបង្កើតប្រាក់ចំណូល ។ មុនពេលជំងឺរាតត្បាត សិល្បៈ និងវប្បធម៌ គឺជាសក្តានុពល សម្រាប់ការងាររាប់លាន និងជាប្រភពនៃកំណើន សេដ្ឋកិច្ចនៅអាស៊ីអាគ្នេយ៍ ។ ទេសចរណ៍បេតិកភណ្ឌវប្បធម៌ មានសារសំខាន់ជា ពិសេសសម្រាប់ សេដ្ឋកិច្ចរបស់អាស៊ាន ហើយវាត្រូវបានព្យាករណ៍ថា ជាកត្តាជំរុញដ៏សំខាន់ ដល់ការកសាងឡើងវិញ នូវសេដ្ឋកិច្ចក្រោយជំងឺរាតត្បាតក្នុងតំបន់ ។

លោក Sardar Umar Alam អ្នកតំណាងយូណេស្កូប្រចាំកម្ពុជា បានថ្លែងឱ្យដឹងថា សម្បត្តិបេតិកភណ្ឌ ដ៏សម្បូរបែបរបស់កម្ពុជា ត្រូវបានទទួលរងនូវការជួញដូរ ដោយខុសច្បាប់នូវ វត្ថុបុរាណវប្បធម៌ តាំងពីរាប់រយឆ្នាំ មកហើយ សិល្បៈខ្មែរត្រូវបានកោតសរសើរ យ៉ាងខ្លាំងនៅទូទាំងពិភពលោក ហើយវត្ថុវប្បធម៌ រាប់មិនអស់ត្រូវបានលួច និងលក់ដោយខុសច្បាប់ នៅលើទីផ្សារសិល្បៈអន្តរជាតិ។

លោក បន្ដថា កម្ពុជា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹង កិច្ចសហប្រតិបត្តិការ ជាមួយសហគមន៍អន្តរជាតិ និងក្នុងការចរចា ដើម្បីប្រគល់ស្នាដៃល្អឯក ដែលបានលួចនោះមកវិញ ដែលប្រជាជនកម្ពុជា ចាត់ទុកថាសម្បត្តិវប្បធម៌ទាំងនោះ ជាសម្បត្តិដែលមានតម្លៃសិល្បៈ វិទ្យាសាស្ត្រ និងស្មារតីដ៏អស្ចារ្យសម្រាប់ប្រជាជាតិ ។ អង្គការយូណេស្កូ ជឿជាក់ថា ការការពារ និងឆ្មាំមើលបេតិកភណ្ឌវប្បធម៌ពិភពលោក គឺជាមូលដ្ឋានគ្រឹះ ក្នុងការសម្រេចបាននូវ របៀបវារៈឆ្នាំ ២០៣០៕

To Top