ទូតចិន ជឿជាក់ថា ការបើកដំណើរការ នៃអាកាសយានដ្ឋានអន្ដរជាតិតេជោ នឹងនាំឱ្យចំនួនភ្ញៀវទេសចរចិនមកកម្ពុជាកើនឡើងខ្ពស់ជាថ្មី
ភ្នំពេញ ៖ លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា បានជឿជាក់ថា ការបើកដំណើរការនៃអាកាសយានដ្ឋានថ្មី និងតាមរយៈ «ឆ្នាំទេសចរណ៍ចិន-កម្ពុជា» នឹងនាំឱ្យចំនួនភ្ញៀវទេសចរចិនមកកម្ពុជាកើនឡើងខ្ពស់សារជាថ្មីម្ដងទៀត។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន នាល្ងាចថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ លោក ឯកអគ្គរដ្ឋទូតចិន បានអបអរសាទរយ៉ាងកក់ក្តៅចំពោះការបើកជាផ្លូវការនៃអាកាសយានដ្ឋានអន្តរជាតិតេជោ។ នេះជាព្រឹត្តិការណ៍សំខាន់មួយទៀត ក្នុងការធ្វើទំនើបកម្មរបស់កម្ពុជា។ លោកថា «ការស្ដារភាពរស់រវើកឡើងវិញដ៏មហិមារបស់ប្រជាជាតិខ្មែរ គឺមិនអាចរារាំងបានឡើយ»។

លោក ទូត បន្ដថា ភ្ញៀវទេសចរចិនដែលធ្វើដំណើរតាមជើងហោះហើរលើកដំបូងបន្ទាប់ពីការបើកជាផ្លូវការនៃអាកាសយានដ្ឋានអន្តរជាតិតេជោ។ លោក គូសបញ្ជាក់ថា «ជឿជាក់ថា ការបើកដំណើរការនៃអាកាសយានដ្ឋានថ្មីនិងតាមរយៈ ឆ្នាំទេសចរណ៍ចិន-កម្ពុជា នឹងនាំឱ្យចំនួនភ្ញៀវទេសចរចិនមកកម្ពុជាកើនឡើងខ្ពស់សារជាថ្មីម្ដងទៀត»។

សូមរំលឹកថា អាកាសយានដ្ឋានអន្តរជាតិតេជោ បានចាប់ផ្តើមដំណើរការបម្រើសេវាកម្មហោះហើរជូនភ្ញៀវជាតិ និងអន្តរជាតិ កាលពីព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥នេះ។ វិស័យអាកាសចរ គឺជាមធ្យោបាយធ្វើដំណើរដឹកជញ្ជូនមួយក្នុងចំណោមមធ្យោបាយជាច្រើន ដែលអាចភ្ជាប់ទំនាក់ទំនងរបស់អ្នកទេសចរណ៍ ធុរកិច្ច នយោបាយ និងបេសកកម្មពហុបំណង និងជាប្រភពសេដ្ឋកិច្ចយ៉ាងសំខាន់សម្រាប់ប្រទេស។

អាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវបានកសាងឡើងក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានបើកការដ្ឋានសាងសង់នៅឆ្នាំ២០២០ ដោយស្នាដៃស្ថាបត្យករ វិស្វករ និងអ្នកសាងសង់ជាកូនខ្មែរ។
អាកាសយានដ្ឋានអន្តរជាតិភ្នំពេញតេជោនេះគឺជាច្រកទ្វារថ្មីភ្ជាប់កម្ពុជាទៅកាន់ពិភពលោក ដោយមានផ្ទៃដី ២៦០០ហិកតា ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងមួយផ្នែកស្ថិតនៅស្រុកបាទីខេត្តតាកែវ។ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញតេជោ គឺជាប្រភេទព្រលានយន្តហោះខ្នាតធំ ប្រភេទ 4F ដែលអាចស្រូបយក និងទទួលបានការហោះហើរពីឆ្ងាយឆ្លងទ្វីប ដែលអាចឲ្យប្រភេទយន្តហោះធុនយក្ស រហូតដល់ Airbus A380-800 និង យន្តហោះ Boeing 747-800 ចុះចតបាន៕
