ព័ត៌មានជាតិ

រដ្ឋមន្ដ្រីសាធារណការ ស្នើADB ពិនិត្យលទ្ធភាព ផ្ដល់ការគាំទ្រ គម្រោងសំខាន់ៗ ដទៃទៀត នៅកម្ពុជា (Video)

ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ពិនិត្យលទ្ធភាពផ្តល់ការគាំទ្រ លើគម្រោងសំខាន់ៗដទៃទៀត ដើម្បីអភិវឌ្ឍន៍ប្រទេសកម្ពុជា បន្ថែមទៀត។

នាឱកាសទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រី Jyotsana Varma ទើបទទួលបានការតែងតាំង ជានាយិកាធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ប្រចាំកម្ពុជា នាថ្ងៃទី៨ កញ្ញា លោក ស៊ុន ចាន់ថុល បានថ្លែងអំណរគុណ ចំពោះធនាគារអភិវឌ្ឍន៍អាស៊ី ដែលតែងតែជួយគាំទ្រ ស្ទើរគ្រប់វិស័យលើការអភិវឌ្ឍន៍កម្ពុជា ជាពិសេសវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងវិស័យដឹកជញ្ជូនសាធារណៈ។

លោកបានលើកឡើង ពីសកម្មភាពការងារសំខាន់ៗជាច្រើន ដែលក្រសួងបាននិងកំពុងយកចិត្តទុកដាក់ ក្នុងការអនុវត្ត និងការអភិវឌ្ឍឲ្យកាន់តែមានភាពរីកចម្រើន និងទំនើប ជាពិសេសការគ្រប់គ្រង ប្រព័ន្ធចម្រោះទឹកកខ្វក់ ការជំរុញការប្រើប្រាស់រថយន្តអគ្គិសនី ប្រព័ន្ធស្វ័យ ប្រវត្តិកម្ម និងទំនើបកម្មប្រព័ន្ធបច្ចេកវិទ្យាឌីជីថល។

លោកទេសរដ្ឋមន្ដ្រី បញ្ជាក់ថា «ស្នើឲ្យធនាគារអភិវឌ្ឍន៍អាស៊ី ពិនិត្យលទ្ធភាព ផ្តល់ការគាំទ្រ លើគម្រោងសំខាន់ៗដទៃទៀត ដែលក្នុងនោះ រួមមាន៖ គម្រោងទាក់ទង នឹងការថែទាំជួសជុលផ្លូវថ្នល់ គម្រោងផែនការមេ ស្ដីពីហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធគ្រប់គ្រងទឹកកខ្វក់ នៅតាមបណ្ដារាជធានី-ខេត្តមួយ ចំនួន គម្រោងផែនការមេ ដឹកជញ្ជូនសាធារណៈ ក៏ដូចជាចូលរួមគាំទ្រ និងសហការជាមួយនឹងគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក ដើម្បីលើកកម្ពស់សុវត្ថិភាពចរាចរណ៍ និងកាត់បន្ថយអត្រាគ្រោះថ្នាក់ ចរាចរណ៍នៅកម្ពុជា»។

ជាការឆ្លើយតប លោកស្រី Jyotsana Varma យល់ព្រមបន្តកិច្ចសហការ ជាមួយក្រសួង ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា។

លើសពីនេះ លោកស្រីនាយិកា ក៏កោតសរសើរចំពោះការរីកចម្រើនយ៉ាងឆាប់រហ័ស របស់កម្ពុជាលើវិស័យ ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ចូន ក្រោមកិច្ចខិតខំប្រឹងប្រែង ពីសំណាក់ថ្នាក់ដឹកនាំក្រសួង ក៏ដូចជាក្រោមការដឹកនាំដ៏ឆ្លាតវៃ របស់រាជរដ្ឋាភិបាលកម្ពុជា៕

To Top