ព័ត៌មានជាតិ

សម្តេចតេជោ ៖ ទោះ ហ៊ុន ម៉ាណែត ជាកូនអ្នកផ្សេង ក៏សម្តេច គាំទ្រជាបេក្ខភាព អនាគតនាយករដ្ឋមន្ត្រី (Video)

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសថា ទោះបីជាលោក ហ៊ុន ម៉ាណែត ជាកូនរបស់អ្នកណាក៏ដោយ ក៏សម្តេច គាំទ្រជាបេក្ខភាពនាយករដ្ឋមន្ត្រីដែរ ព្រោះ ហ៊ុន ម៉ាណែត ជាមនុស្សមានលក្ខណៈត្រឹមត្រូវ សមនឹងកាន់តួនាទីនេះ។

នាឱកាសអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋស្ម័គ្រចិត្ត រើសំណង់ចេញ ពីតំបន់រមណីយដ្ឋានអង្គរ នាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ សម្ដេចតេជោបានមានប្រសាសន៍ថា ទោះបីសម្ដេច ឈប់ពីតំណែងជានាយករដ្ឋមន្រ្តី ក៏មិនមានគណបក្សណាផ្សេង ក្រៅពីគណបក្សប្រជាជនកម្ពុជាកាន់អំណាចនោះទេ ។

សម្ដេចបញ្ជាក់ថា «បើទោះបី ហ៊ុន ម៉ាណែត ជាកូនអ្នកណាក៏ដោយ ក៏ខ្ញុំ ក៏គាំទ្រ ហ៊ុន ម៉ាណែតដែរព្រោះលក្ខណៈសម្បត្តិគ្រប់គ្រាន់ វាមិនមែនស្ថិតនៅក្នុង គាំទ្រកូនខ្លួនឯងណា។ ខ្ញុំ គាំទ្រអ្នកណា ដឹកនាំគណបក្សប្រជាជនកម្ពុជាបាន ដឹកនាំប្រទេសកម្ពុជាបាន ចឹងកុំនិយាយរឿង កូន ហ៊ុន សែន»។

ជាមួយគ្នានេះ សម្ដេចក៏ឆ្លើយតបទៅក្រុមប្រឆាំងវិញដែរថា សម្ដេច មិនមែនបណ្ដុះបណ្ដាលកូនឲ្យធ្វើចោលឡើយ បើកូនមានលទ្ធភាពធ្វើនាយករដ្ឋមន្ដ្រី គឺឲ្យធ្វើនាយករដ្ឋមន្ដ្រី។ សម្ដេចបញ្ជាសារជាថ្មីថា បើ ហ៊ុន ម៉ាណែត មិនមានលក្ខណៈគ្រប់គ្រាន ក៏សម្ដេច មិនគាំទ្រឲ្យធ្វើនាយករដ្ឋមន្ដ្រីដែរ។

សូមរំលឹកថា កាលពេលថ្មីៗនេះ សន្និបាតរបស់គណបក្សប្រជាជនកម្ពុជា បានសម្រេចជាឯកច្ឆ័ន្ទគាំទ្រ សម្ដេចតេជោ ហ៊ុន សែន ជាបេក្ខភាព នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជ្រើសតាំង លោកហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ជាបេក្ខភាព នាយករដ្ឋមន្ត្រី សម្រាប់ពេលអនាគត៕

To Top