ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានផ្ដាំផ្ញើដល់លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធ ដើម្បីប្រជាធិបតេយ្យ និងអ្នកគាំទ្រ ត្រូវចេញមុខឆ្លើយត្រឡប់ទៅវិញ ក្រោយមានគេចោទប្រកាន់ សម្ដេចថា ជាអ្នកបញ្ជាឲ្យធ្វើសកម្មភាព ដូចរាល់ថ្ងៃនេះ(ជំនឿបែបអបិយ) ដើម្បីបង្វែរហេតុការណ៍នានា នៅកម្ពុជា ជាពិសេសទាក់ទងនឹងភ្នំតាម៉ៅ។
ក្នុងពិធីជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋ ស្ម័គ្រចិត្តរើលំនៅឋាន និងសំណង់ផ្សេងៗ ចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា នាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ សម្ដេចតេជោបានប្រាប់ទៅលោក ខឹម វាសនាឲ្យបកស្រាយនូវចំងល់ទាំង ក្រោយមានការចោទនិងវាយប្រហារ សម្ដេចថាជាអ្នកមិនពីក្រោយ ។ដោយមានការលើកឡើងថា មូលហេតុអ្វីមិនបង្ក្រាប និងមិនចាប់លោក ខឹម វាសនា ទៅសមាធិក្នុងគុក។
សម្ដេចប្រកាសជាថ្មីថា សម្តេច នឹងមិនប្រើកម្លាំងទៅបង្ក្រាបប្រជាពលរដ្ឋ កំពុងប្រមូលផ្តុំជួបជុំគ្នានៅដីចម្ការនៅជើងភ្នំគូលែន កន្លែងដែលពួកគាត់ជឿស៊ប់លើ លោក ខឹម វាសនា នោះឡើយ។ សម្ដេច អំពាវនាវឲ្យលោក ខឹម វាសនា និងអ្នកគាំទ្រទាំងអស់ នាំគ្នាឆ្លើយតប កុំឲ្យគេចោទប្រកាន់ថា ខឹម វាសនា ជាអាយ៉ងរបស់សម្តេច។
សម្ដេចបញ្ជាក់ថា «ខ្ញុំមិនយកកម្លាំង ទៅបង្រ្កាបកម្លាំងដែលគ្រាន់តែមកជំនឿខុសរឿង ចឹងខាងបងប្អូន ឯកឧត្ដម ខឹម វាសនា គេបាននិយាយថា ខ្ញុំជាអ្នកបញ្ជាឯកឧត្ដម ដើម្បីធ្វើរឿងហ្នឹង ចឹងឯកឧត្ដម គួរតែឆ្លើយតប រឿងអ្នកគាំទ្រ ឯកឧត្ដម ខឹម វាសនា ឆ្លើយតបបើ ហ៊ុន សែន បញ្ជាព្រះព្រហ្មបានហើយ អាហ្នឹង គឺល្អហើយ ចឹងខ្ញុំមិនធំជាងព្រះព្រហ្ម ខឹម វាសនា»។
សម្ដេចបន្ដថា «ដូច្នេះខ្ញុំអំពាវនាវទៅឯកឧត្ដម ខឹម វាសនា និងអ្នកគាំទ្រ ឆ្លើយតបត្រឡប់ទៅវិញ ព្រោះគេចោទថា ខ្ញុំជាអ្នកបញ្ជាឲ្យ ខឹម វាសនា បង្កើតព្រឹត្តិការណ៍នេះ ដើម្បីបង្វែរ រឿងនេះ រឿងនោះ ទៅជារឿងវាចោទទៅចឹង»។
ចំណុចនេះ សម្ដេចនាយករដ្ឋមន្ដ្រី ក៏បានចោទសួរលោក ខឹម វាសនា ថា តើឯកឧត្តម សុខចិត្តឲ្យគេចោទប្រកាន់ថា ឯកឧត្តម ជាអាយ៉ងរបស់ខ្ញុំ? ឬ ខឹម វាសនា និងអ្នកគាំទ្រចេញមុខបដិសេធ តែប៉ុណ្ណោះ។ សម្ដេចបន្ដថា រហូតដល់ពេលនេះ បញ្ហានៅសេសសល់នៅចម្ការ ខឹម វាសនា គឺកូន មិនស្គាល់ឪពុក-ម្ដាយ ឬ ប្ដី-ប្រពន្ធ លែងលះគ្នា ជាដើម។
សូមបញ្ជាក់ថា លោក ខឹម វាសនា បានធ្វើចលនាកៀរគរមនុស្សទៅនៅក្នុងចម្ការរបស់ខ្លួន ស្ថិតក្នុងភូមិថ្មជល់ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ចាប់តាំងពីថ្ងៃទី២៣ ខែសីហា ក្រោមការផ្សព្វផ្សាយពាក្យចចាមអារ៉ាមគ្រោះមហន្តរាយពិភពលោករញ្ជួយដី និងទឹកលិចពិភពលោក នៅគោកតែភ្នំគូលែន។ តាមការឃោសនានោះ មានប្រជាពលរដ្ឋរហូតដល់ទៅជាង១ម៉ឺននាក់ បានទៅប្រមូលផ្តុំនៅក្នុងចម្ការរបស់លោក ខឹម វាសនា។ ក្រោយមក សម្ដេចតេជោ បានណែនាំឲ្យគ្នារំសាយ ហើយគិតដល់ត្រឹមថ្ងៃទី៧ កញ្ញា មានមនុស្សត្រឹមតែ ៤០០នាក់ប៉ុណ្ណោះ កំពុងស្នាក់នៅចំការ ខឹម វាសនា៕