ព័ត៌មានជាតិ

លោក ហ៊ុន ម៉ាណែត ប្រគល់សញ្ញាបត្រ ជូនដល់និស្សិត ជ័យលាភី ៤០០នាក់ នៅសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច

ភ្នំពេញ៖ លោក ហ៊ុន ម៉ាណែត ប្រធានគណៈកម្មការអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចូលរួមក្នុងពិធី ប្រគល់សញ្ញាបត្រ ជូនដល់និស្សិត ជ័យលាភី ចំនួន ៤០០រូប នៅសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME) សាខាខេត្តព្រះសីហនុ កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០ ។

លោក សូមចូលរួមអបអរសាទរ ជាមួយនិស្សិតជ័យលាភី ទាំង ៤០០ រូប ព្រមទាំងមាតាបិតា អាណាព្យាបាល ចំពោះការទទួលបាន សញ្ញាបត្រកម្រិតឧត្តមសិក្សា និងក្រោយឧត្តមសិក្សា ក្នុងឱកាសនេះ បន្ទាប់ពីបានយកចិត្តទុកដាក់ ពុះពារខិតខំប្រឹងប្រែង សិក្សារៀនសូត្រ និងតស៊ូជម្នះការលំបាកអស់ រយៈពេលជាច្រើនឆ្នាំ និងសង្ឃឹមយ៉ាងមុតមាំថា និស្សិតជ័យលាភីទាំងអស់ នឹងបន្តអភិវឌ្ឍចំណេះដឹង និងសមត្ថភាព ដើម្បីក្លាយខ្លួន ជាធនធានមនុស្ស ប្រកបដោយសក្តានុពលខ្លាំងក្លា ថែមទៀត ជាពិសេស ដើម្បីចូលរួមចំណែក ធានាការពារជោគវាសនា និងអនាគតកម្ពុជា សម្រាប់អ្នកជំនាន់ក្រោយ របស់យើងតទៅមុខទៀត។

លោក ម៉ាណែត ក៏សូមវាយតម្លៃខ្ពស់ ចំពោះការរីកចម្រើន របស់សាកលវិទ្យាល័យ ដែលអាចចាត់ទុកបាន ជាការចូលរួមចំណែកមួយ យ៉ាងសំខាន់ មិនអាចខ្វះបាន ជាមួយរាជរដ្ឋាភិបាល ក្នុងការបន្តកសាងបណ្តុះបណ្តាល ធនធានមនុស្ស ដើម្បីឈានទៅសម្រេចបាន តាមគោលដៅ នៃគោលនយោបាយ អភិវឌ្ឍវិស័យអប់រំ ដែលជាមូលដ្ឋានគ្រឹះ នៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ក៏ដូចជាការរីកចម្រើន លើគ្រប់វិស័យនៅកម្ពុជា។

លោកចាត់ទុកថា ទាំងនេះ សរបញ្ជាក់យ៉ាងច្បាស់ អំពីការដឹកនាំដ៏ត្រឹមត្រូវ របស់រាជរដ្ឋាភិបាល ជាពិសេសគោលនយោបាយ ក្នុងការអភិវឌ្ឍធនធានមនុស្ស និងការអភិវឌ្ឍលើគ្រប់វិស័យ ឆ្ពោះទៅកាន់ ការកសាងអនាគតរុងរឿង របស់ប្រជាពលរដ្ឋ។ ការរីកចម្រើនលើគ្រប់វិស័យ របស់ប្រទេសជាតិ, ការទ្រទ្រង់និរន្តរភាព នៃកំណើនសេដ្ឋកិច្ច, និងភាពប្រកួតប្រជែង របស់កម្ពុជា ទាំងក្នុងពេលបច្ចុប្បន្ន និងទៅអនាគត គឺអាស្រ័យលើ ការអភិវឌ្ឍធនធានមនុស្ស ជាកត្តាអាទិភាពចាំបាច់ ដែលត្រូវបន្ត យកចិត្តទុកដាក់ ដើម្បីធានាបាន នូវធនធានមនុស្ស ប្រកបដោយគុណភាពជំនាញ សម្រាប់បម្រើសង្គមជាតិ និងទីផ្សារការងារ ពីព្រោះសេដ្ឋកិច្ច ដែលដំណើរការបានល្អ គឺសេដ្ឋកិច្ចដែលមាន ការបណ្តុះបណ្តាល, ការប្រើប្រាស់ និងការគ្រប់គ្រង នូវមូលធនបញ្ញា ប្រកបដោយប្រសិទ្ធភាពខ្ពស់។

លោក បន្ថែមថា ការបណ្តុះបណ្តាលនៅក្នុងសាលា ជាការផ្តល់មូលដ្ឋាន ចំណេះដឹងជំនាញ ដើម្បីត្រៀមលក្ខណៈឱ្យនិស្សិតយើង មុននឹងចូលទៅក្នុង មជ្ឈដ្ឋានការងារ។ ប៉ុន្តែអ្វីដែលសំខាន់ផងដែរនោះ គឺផ្នត់គំនិតទទួលខុសត្រូវ ល្អិតល្អន់ ហ្មត់ចត់ ខិតខំប្រឹងប្រែង ធ្វើការងារមិនថាតូចធំ និងផ្នត់គំនិតជឿជាក់លើខ្លួនឯង ដោយផ្នត់គំនិតទាំងនេះ នឹងជួយជំរុញនិស្សិតឱ្យកាន់ តែមានភាពជោគជ័យ។

ម្យ៉ាងវិញទៀត អ្វីដែលរាជរដ្ឋាភិបាល អាចជួយបាន គឺការខិតខំពង្រឹងលំនឹងសន្តិភាព, លំនឹងស្ថិរភាព, ពង្រីកវិសាលភាព សេដ្ឋកិច្ចទាក់ទាញ វិនិយោគបរទេស និងក្នុងស្រុក ដើម្បីបង្កើនឱកាសធុរកិច្ច ព្រមទាំងការពង្រឹង ការអនុវត្តច្បាប់ និងបទដ្ឋានការងារ ដើម្បីគាំទ្រដល់ដំណើរការ នៃទីផ្សាសេរី និងបង្កើនភាពជោគជ័យ ឱ្យប្រជាពលរដ្ឋ។ ដោយឡែក ការប្រកួតប្រជែង នៅក្នុងក្របខ័ណ្ឌទីផ្សារសេរីនេះ ក៏ត្រូវពឹងផ្អែកជាចម្បង លើសមត្ថភាពរបស់ប្រជាពលរដ្ឋយើងផ្ទាល់ ជាពិសេសការខិតខំប្រឹងប្រែងតស៊ូ ដើម្បីទទួលបាននូវឱកាសទាំងក្នុង និងក្រៅប្រទេស ក្នុងបរិបទនៃចរន្ត សាកលភាវូបនីយកម្ម សព្វថ្ងៃនេះ៕

To Top