រ៉ាម៉ាឡា៖ នាយករដ្ឋមន្ត្រីប៉ាឡេស្ទីន លោក Mohammed Ishtaye បានចោទប្រកាន់អ៊ីស្រាអែលថា បានផ្គើននឹងកិច្ចព្រមព្រៀងសន្តិភាព ដែលបានចុះហត្ថលេខាទាំងអស់ ហើយមិនគោរពច្បាប់អន្តរជាតិ។
លោកបានធ្វើការកត់សម្គាល់ ក្នុងអំឡុងពេលពិធីបុណ្យ ទំពាំងបាយជូប្រចាំឆ្នាំ ដែលបានប្រារព្ធឡើង នៅទីក្រុង West Bank ដោយជំរុញឱ្យរដ្ឋាភិបាល អ៊ីស្រាអែល បញ្ឈប់រាល់ការបំពាន របស់ខ្លួននៅក្នុងទឹកដីប៉ាឡេស្ទីន នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ប៉ាឡេស្ទីន។
លោក Ishtaye ត្រូវបានដកស្រង់សម្តីថា “ការកាន់កាប់របស់អ៊ីស្រាអែល រំលោភលើកិច្ចព្រមព្រៀងសន្តិភាព ដែលបានចុះហត្ថលេខាទាំងអស់ ដោយមិនគោរព និងភាពស្របច្បាប់អន្តរជាតិ” ។
ទន្ទឹមនឹងនេះ នាយករដ្ឋមន្ត្រី ប៉ាឡេស្ទីនរូបនេះ បានប្រកាសថា ប្រធានាធិបតីប៉ាឡេស្ទីនលោក Mahmoud Abbas កំពុងធ្វើដំណើរទៅចូលរួម ក្នុងកិច្ចប្រជុំនៃមហាសន្និបាតអង្គការសហប្រជាជាតិ ដោយបន្ថែមថា “សាររបស់លោកទៅកាន់ពិភពលោកថា រាល់វិធានការឯកតោភាគី របស់អ៊ីស្រាអែល ត្រូវតែបញ្ឈប់” ។
កាលពីថ្ងៃសៅរ៍ កងទ័ពអ៊ីស្រាអែល បានបំបែកបាតុកម្មប្រឆាំង នឹងការតាំងទីលំនៅរបស់អ៊ីស្រាអែល និងការរឹបអូសយកដីនៅក្នុងតំបន់ Masafer Yatta ភាគខាងត្បូងនៃទីក្រុង Hebron ហើយបានចាប់ខ្លួនបាតុករ ៣នាក់ នេះបើយោងតាមប្រភពផ្លូវការរបស់ប៉ាឡេស្ទីន និងសាក្សីដែលឃើញផ្ទាល់ភ្នែក៕
ប្រែសម្រួល ឈូក បូរ៉ា