ព័ត៌មានអន្តរជាតិ

អតីតមេបញ្ជាការណាតូ៖ អសមត្ថភាពរបស់កងទ័ពរុស្ស៊ី ក្នុងសង្គ្រាមនៅអ៊ុយក្រែន លើសពីការរំពឹងទុក

គៀវ៖ អតីតមេបញ្ជាការសម្ព័ន្ធមិត្តកំពូលរបស់អង្គការណាតូលោក James Stavridis បានឲ្យដឹងថា “អសមត្ថភាព” របស់កងទ័ពរុស្ស៊ីបានលើសពីការរំពឹងទុកនៅក្នុងការឈ្លានពានរបស់ប្រធានាធិបតីរុស្ស៊ីលោក  វ្ល៉ាឌីមៀ ពូទីន ទៅលើអ៊ុយក្រែន។

លោកបានលើកឡើងថា “អសមត្ថភាពរបស់ជនជាតិរុស្សី ដែលបានកើតឡើងលើសពីអ្វីដែលខ្ញុំរំពឹងទុក។ ពួកគេបានបរាជ័យក្នុងការផ្តល់ភស្តុភារ ផែនការសមរភូមិសមរម្យ និង កងទ័ពដែលមានសមត្ថភាព”។

ការកត់សម្គាល់របស់លោក បានកើតឡើងបន្ទាប់ពីការឈានទៅមុខដោយជោគជ័យជាច្រើនដោយកងកម្លាំងអ៊ុយក្រែន រួមទាំងការវាយលុកលើតំបន់ Kharkiv ដែលបានរុញច្រានកងកម្លាំងរុស្ស៊ីឱ្យដកថយពីទីក្រុងសំខាន់ៗដូចជា ទីក្រុង Izium កាលពីសប្តាហ៍មុន ដែលបង្ហាញថា ទីក្រុងម៉ូស្គូកំពុងតស៊ូក្នុងសង្រ្គាមរបស់ខ្លួន។ 

ប្រទេសនៅអឺរ៉ុបខាងកើត ក៏បានបើកការវាយលុកដើម្បីដណ្តើមយកតំបន់នៅតំបន់ Kherson ភាគខាងត្បូងអ៊ុយក្រែន ដែលខ្លួនបានដណ្តើមយកភូមិ Vysokopillia មកវិញកាលពីដើមខែនេះ។  ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានឲ្យដឹងនៅថ្ងៃចន្ទនេះថា កងទ័ពអ៊ុយក្រែនបានដណ្តើមបានមកវិញនូវទឹកដីប្រហែល ២,៣២០ម៉ាយការ៉េ ចាប់តាំងពីការវាយលុកបានចាប់ផ្តើមកាលពីដើមខែកញ្ញា៕ ប្រែសម្រួល ឈូក បូរ៉ា

To Top