ព័ត៌មានជាតិ

គ.ជ.ប ៖ ការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២ សម្រាប់ពលរដ្ឋ ពុំធ្លាប់ចុះឈ្មោះពីមុនមក ឬទើបគ្រប់អាយុ១៨ ឆ្នាំឡើង

ភ្នំពេញ ៖ លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) បានថ្លែងថា ការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២នេះ សម្រាប់ប្រជាពលរដ្ឋ ពុំធ្លាប់ចុះឈ្មោះបោះឆ្នោតពីមុនមក និង សម្រាប់ប្រជាពលរដ្ឋ ទើបគ្រប់អាយុ១៨ ឆ្នាំឡើង ។ នេះបេីយោងតាមសេចក្ដីប្រកាស ព័ត៌មានរបស់ គ.ជ.ប។

ក្នុងកិច្ចប្រជុំផ្សព្វផ្សាយ អំពីដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ នាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ លោក ប្រាជ្ញ ចន្ទ បានឱ្យដឹងថា ការពិនិត្យបញ្ជីឈ្មោះ និង ការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ មានគោលដៅធានាឱ្យបញ្ជី បោះឆ្នោតមានភាព ពេញលេញ ត្រឹមត្រូវ និងមានបច្ចុប្បន្នភាព ប្រកបដោយសុវត្ថិភាព ។

លោក ប្រធាន គ.ជ.ប បានបញ្ជាក់ថា «ការចុះឈ្មោះឆ្នាំនេះ គឺសម្រាប់ប្រជាពលរដ្ឋដែលពុំធ្លាប់ចុះឈ្មោះបោះឆ្នោតពីមុនមក និងសម្រាប់ប្រជាពលរដ្ឋ ដែលទើបគ្រប់អាយុ១៨ ឆ្នាំឡើង គឺអ្នកកើតមុន ឬកើតត្រឹមថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០០៥»។

លោក បន្ដថា ការកែតម្រូវ ទិន្នន័យ ក្នុងបញ្ជីបោះឆ្នោត គឺករណីទិន្នន័យ ក្នុងបញ្ជីបោះឆ្នោត ខុសពីទិន្នន័យក្នុងអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ របស់អ្នកបោះឆ្នោត ឬការផ្លាស់ប្តូរ ឯកសារចុះឈ្មោះបោះឆ្នោត ដែលជាអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ អស់សុពលភាព ឬជាឯកសារបញ្ជាក់អត្តសញ្ញាណ បម្រើឱ្យការចុះឈ្មោះបោះឆ្នោត ជំនួសដោយអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរប្រភេទថ្មី ដែលមានសុពលភាព ។ ការលុបឈ្មោះប្រជាពលរដ្ឋ ដែលទទួលមរណភាព ដែលត្រូវបានដកហូតសិទ្ធិបោះឆ្នោត ជាបណ្ដោះអាសន្ន និងដែលផ្លាស់លំនៅឋាន ឬទីសំណាក់ចេញពីឃុំ សង្កាត់ ដោយផ្អែកលើឯកសារសំអាងត្រឹមត្រូវ និងច្បាស់លាស់ ។

លោក បន្ថែមថា ការផ្ទេរទិន្នន័យប្រជាពលរដ្ឋ ទៅការិយាល័យបោះឆ្នោតនៃឃុំ សង្កាត់ថ្មី ឬការិយាល័យបោះឆ្នោតណាមួយក្នុងឃុំ សង្កាត់ ទៅតាមលំនៅជាក់ស្ដែងរបស់ប្រជាពលរដ្ឋ និងដោយមានការស្នើសុំផ្អែក លើឯកសារបញ្ជាក់ច្បាស់លាស់។

លើសពីនេះ លោកប្រធាន ក៏បានលើកឡើងអំពីកាលបរិច្ឆេទ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត និងការផ្ដល់សុពលភាព លើបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២២ ដែលចាប់ផ្ដើមពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ ដល់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣។ ហើយការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនៅតាមឃុំ សង្កាត់ មានរយៈពេល៥០ថ្ងៃ គឺចាប់ផ្ដើមពីថ្ងៃទី២០ ខែតុលា រហូតដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២។ ដោយឡែកសម្រាប់ការចែកលិខិតអញ្ជើញអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២១ ចាប់ផ្តើមពីថ្ងៃទី២០ ខែកញ្ញានេះ រហូតដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ ៕

To Top