ព័ត៌មានអន្តរជាតិ

យ៉ាងហោចណាស់ សិស្សសាលាចំនួន ១១នាក់ បាត់បង់ជីវិតនៅក្នុងការវាយប្រហារ តាមអាកាស នៅមីយ៉ាន់ម៉ា

រ៉ងហ្គូន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ថា យ៉ាងហោចណាស់មាន សិស្សសាលាចំនួន ១១នាក់បានស្លាប់ នៅក្នុងការវាយប្រហារតាមអាកាស និងការបាញ់ប្រហារទៅលើ ភូមិមួយរបស់មីយ៉ាន់ម៉ា ដែលជាការវាយប្រហារមួយរបស់ របបយោធារបស់ប្រទេសបានឲ្យដឹងថា ក្រុមឧទ្ទាមជាគោលដៅ ដែលលាក់ខ្លួននៅក្នុងតំបន់នោះ ។

គេបានដឹងថា ប្រទេសមីយ៉ាន់ម៉ា បានស្ថិតក្នុងភាពចលាចល ចាប់តាំងពីយោធាបានដណ្តើមអំណាច នៅក្នុងរដ្ឋប្រហារកាលពីខែកុម្ភៈឆ្នាំមុន ដោយជនស៊ីវិលជិត ២.៣០០នាក់ ត្រូវបានសម្លាប់នៅក្នុងការ បង្រ្កាបលើអ្នកប្រឆាំង នេះបើយោងតាមក្រុមឃ្លាំមើល ក្នុងស្រុកមួយបានឲ្យដឹងដូច្នេះ ។

តំបន់ Sagaing ភាគពាយ័ព្យរបស់ប្រទេសនេះ មានការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាបំផុត ។ ចំពេលមានការប៉ះទង្គិចគ្នា រវាងក្រុមប្រឆាំងរដ្ឋប្រហារ និងយោធា ភូមិទាំងមូលត្រូវបានដុតបំផ្លាញ ។

ទីភ្នាក់ងារកុមាររបស់ អង្គការសហប្រជាជាតិ ហៅកាត់ UNICEF បានថ្កោលទោសឧប្បត្តិហេតុ កាលពីថ្ងៃសុក្រ នៅសង្កាត់ Depeyin ក្នុងតំបន់ Sagaing ។

អង្គការ UNICEF បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយកាលពីថ្ងៃចន្ទថា “កាលពីថ្ងៃទី១៦ ខែកញ្ញា យ៉ាងហោចណាស់មានកុមារចំនួន ១១នាក់ បានស្លាប់នៅក្នុងការ វាយប្រហារតាមអាកាស និងមានការបាញ់ប្រហារដោយ មិនរើសអើងនៅក្នុងតំបន់ស៊ីវិល” ។

អង្គការបានឲ្យដឹងថា សាលារៀនត្រូវតែមានសុវត្ថិភាព និងមិនដែលកំណត់គោលដៅឡើយ ។

អង្គការ UNICEF បានឲ្យដឹងដោយអំពាវនាវឲ្យ មានការដោះលែងពួកគេជាបន្ទាន់ ដោយសុវត្ថិភាពថា “យ៉ាងហោចណាស់មានកុមារ ១៥នាក់ មកពីសាលាដូចគ្នានៅតែបាត់ខ្លួន” ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top