បរទេស៖ ផែនការរបស់ប្រទេសតួកគី ដើម្បីចូលរួមជាមួយអង្គការ សហប្រតិបត្តិការសៀងហៃ (SCO) បានបង្កឱ្យមានប្រតិកម្មខឹងសម្បារ ពីសំណាក់រដ្ឋាភិបាលទីក្រុងប៊ែរឡាំង ដោយអធិការបតីអាល្លឺម៉ង់ Olaf Scholz បានរិះគន់ការសម្រេចចិត្តរបស់ ទីក្រុងអង់ការ៉ាក្នុងការស្វែងរក សមាជិកភាពនៅក្នុងប្លុកសន្តិសុខ ដែលដឹកនាំដោយរុស្ស៊ី និងចិន។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Scholz បានប្រាប់អ្នកកាសែតនៅទីក្រុងញូវយ៉ក បន្ទាប់ពីកិច្ចប្រជុំជាមួយ ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan នៅខាងក្រៅមហាសន្និបាត អង្គការសហប្រជាជាតិថា “ខ្ញុំមួម៉ៅសម្បារយ៉ាងខ្លាំង ចំពោះការអភិវឌ្ឍន៍នេះ” ។ អធិការបតីអាល្លឺម៉ង់ រូបនេះបាននិយាយថា លោកជឿថា SCO មិនមែនជាអង្គការដែលផ្តល់ការ រួមចំណែកដ៏សំខាន់ដល់ការរួមរស់ ជាសកលដ៏ល្អនោះទេ។
ទោះជាយ៉ាងណាក៏ដោយ លោក Scholz បាននិយាយថា អ្វីដែលសំខាន់បំផុត គឺត្រូវយល់ព្រមជាមួយ សមភាគីរបស់លោកអំពីជម្លោះអ៊ុយក្រែន ជាពិសេសការឈានដល់ កិច្ចព្រមព្រៀងមួយស្តីពី “របៀបធ្វើឱ្យច្បាស់ថាសង្រ្គាមរុស្ស៊ីលើ អ៊ុយក្រែនអាចនឹងមិន ទទួលបានជោគជ័យ” ៕
ប្រែសម្រួលៈ ណៃ តុលា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
