ព័ត៌មានអន្តរជាតិ

South China Morning Post៖ អ្នកស្លាប់ដោយសារ ជំងឺរលាកសួត នៅចិនកើនឡើង ដល់ ៨០ នាក់ និង ឆ្លងចំនួន ២.៥០៤ នាក់

បរទេស៖ នៅក្នុងខែធ្នូ ការផ្ទុះឡើង នៃ ជំងឺរលាកសួត ដែលមិនត្រូវបាន គេស្គាល់ ពីមុនដែលក្រោយមកត្រូវបានគេកំណត់ថា បណ្តាលមកពីវីរុសថ្មី គឺកូរ៉ូណាវីរុសនេះត្រូវបាន ចុះបញ្ជីនៅទីក្រុង វូហា ខេត្ត ហ៊ូប៉ី ប្រទេសចិន។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយ នៅថ្ងៃទី ២៧ ខែមករា ឆ្នាំ២០២០ បានឱ្យដឹង ដោយផ្អែកតាមការផ្សាយរបស់ Global Times ថា ខេត្ដហ៊ូប៉ី បានរាយការណ៍ថា មានករណីឆ្លងវីរុសថ្មី ៣៧១ ករណី និងមានអ្នកស្លាប់ ថ្មីចំនួន ២៤ នាក់ នៅថ្ងៃទី ២៦ ខែមករាម៉ោងក្នុងស្រុក ហើយករណីឆ្លងសរុប នៅក្នុងខេត្តនេះបានកើនឡើងដល់ ១.៤២៣ នាក់ ដោយមានអ្នកស្លាប់ ៧៦ នាក់ និង ៤៤ នាក់បានជាសះស្បើយ ឡើងវិញ។

យ៉ាងណាក៏ដោយ យោងតាមការ ចុះផ្សាយរបស់កាសែត South China Morning Post ចំនួនមនុស្សដែលបានស្លាប់ ដោយសារជំងឺឆ្លង តាមមេរោគក្នុងប្រទេសចិន បានកើនឡើងដល់ ៨០ នាក់ហើយ។ ការរាប់ផ្ទាល់ របស់កាសែតបានបង្ហាញថា សរុបមកករណីឆ្លងវីរុសនេះចំនួន ២.៥០៤ នាក់ត្រូវបានចុះបញ្ជី ទូទាំងពិភពលោក។

មុននេះប្រធានគណៈកម្មការសុខភាព ជាតិរបស់ប្រទេសចិនលោក Ma Xiaowei បានប្រាប់អ្នកសារព័ត៌មានថា ការរីករាលដាលនៃវីរុសនេះ ហាក់ដូចជា មានការកើនឡើង បើទោះបីជាមានការប្រឹងប្រែងកាត់ បន្ថយក៏ដោយ។

សូមបញ្ជាក់ថា ប្រទេសថៃ ជប៉ុន កូរ៉េខាងត្បូង វៀតណាម សឹង្ហបុរី នេប៉ាល់ បារាំង សហរដ្ឋអាមេរិក ម៉ាឡេស៊ី អូស្ត្រាលី និងកាណាដា បានបញ្ជាក់ពីករណីឆ្លង នៅក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ។ ករណីទី ៥ នៃជំងឺឆ្លងវីរុសនៅ សហរដ្ឋអាមេរិកត្រូវបានបញ្ជាក់នៅក្នុងតំបន់ Maricopa County រដ្ឋ Arizona កាលពី ថ្ងៃអាទិត្យ៕ ប្រែសម្រួលៈ ណៃ តុលា

To Top