ព័ត៌មានជាតិ

កេរដំណែល សាលាក្តីខ្មែរក្រហម គួររក្សាទុកឱ្យមនុស្សជំនាន់ក្រោយ ស្វែងយល់ ដើម្បីទប់ស្កាត់ការវិលត្រឡប់ របបប៉ុល ពត

ភ្នំពេញ ៖ លោក ប៊ិន ឈិន ឧបនាយករដ្ឋមន្ដ្រីប្រចាំការ រដ្ឋមន្ដ្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ដ្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល សម្រាប់ទ្រទ្រង់ដំណើរការអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) បានថ្លែងឱ្យដឹងថា កេរដំណែលរបស់ អ.វ.ត.ក ត្រូវបានចាត់ទុកជាកត្តាដ៏សំខាន់បំផុត ដែលគួរថែរក្សាទុក និងផ្តល់ទុកឱ្យមនុស្សជំនាន់ក្រោយ ស្វែងយល់ និងទប់ស្កាត់ការវិលត្រឡប់របបប្រល័យពូជសាសន៍ប៉ុលពត កុំឱ្យ កើតឡើងជាថ្មីម្ដងទៀត។

ក្នុងពិធីប្រកាសសាលដីការរបស់អង្គជំនុំជម្រះតុលាការកំពូល នៃ អ.វ.ត.ក ចំពោះសំណុំរឿង ០០២ ដំណាក់កាលទី២ ពាក់ព័ន្ធនឹង ខៀវ សំផន នាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ លោក ប៊ិន ឈិន បានបញ្ជាក់ថា «កេរដំណែលរបស់ អ.វ.ត.ក គឺត្រូវបានចាត់ទុកជាកត្តាដ៏សំខាន់បំផុតដែលគួរថែរក្សាទុក និងផ្តល់ទុកឱ្យសម្រាប់មនុស្សជំនាន់ក្រោយ សម្រាប់ធ្វើការស្វែងយល់ ចងចាំ និងទប់ស្កាត់ការវិលត្រលប់នរបបប្រល័យពូជសាសន៍បែបនេះកើតឡើងជាថ្មីម្ដងទៀត តាមរយៈការងារអប់រំផ្សព្វផ្សាយទូលំទូលាយដល់យុវជនជំនាន់ក្រោយ»។

លោក បន្ដថា អ.វ.ត.ក បានរួមចំណែកដល់ការរក្សាបាននៃសុខសន្តិភាព និងការផ្សះផ្សាជាតិនៅតាមមូលដ្ឋាន បានជួយពង្រឹងដល់នីតិរដ្ឋ និងបញ្ចប់និទណ្ឌភាពនៅកម្ពុជា។ លោកថា អ.វ.ត.ក បានក្លាយជាទីកន្លែងមួយសម្រាប់ផ្ទេរចំណេះដឹង ចំណេះធ្វើ និងបទពិសោធន៍របស់ខ្លួនទៅដល់ចៅក្រម ព្រះរាជអាជ្ញា មន្ត្រីច្បាប់ និងមេធាវី។ ជាក់ស្តែង ទស្សនទានអំពីរដ្ឋបាលតុលាការរបស់អ.វ.ត.ក. ត្រូវបានយកមកបង្កើត និងដាក់ឱ្យអនុវត្តនៅក្នុងប្រព័ន្ធតុលាការជាតិ។

លោក បន្ថែមថា ជោគជ័យរបស់ អ.វ.ត.ក ត្រូវបានចាត់ទុកជាជោគជ័យរួមទាំងអស់គ្នា រួមមាន ៖ ប្រជាជនខ្មែរទាំងមូល រាជរដ្ឋាភិបាល អង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិ ហើយគប្បីត្រូវបានលើកកម្ពស់ ដើម្បីក្លាយជាគំរូតុលាការមួយ សម្រាប់ធ្វើការវិនិច្ឆ័យទោសចំពោះឧក្រឹដ្ឋកម្មធ្ងន់ធ្ងរ និងការសម្លាប់រង្គាលនាពេលអនាគតនៅលើឆាកអន្តរជាតិ និងជាពិសេសនៅថ្នាក់តំបន់ ដើម្បីចូលរួមពង្រឹងប្រព័ន្ធច្បាប់យុត្តិធម៌ព្រហ្មទណ្ឌអន្តរជាតិ។

សូមរំលឹកថា ចាប់តាំងពីដើមឆ្នាំ២០០៦មក រហូតមកទល់ពេលនេះ អ.វ.ត.ក. បានបញ្ចប់ជាស្ថាពរចំពោះសំណុំរឿងទាំងអស់ចំនួន៧ របស់ខ្លួនរួចហើយ។ គ្រប់សំណុំរឿងទាំងអស់ បានដំណើរការជម្រះក្ដីអនុលោមទៅតាមនីតិវិធីតុលាការដែលក្នុងអំឡុងពេលនោះគ្រប់ភាគីតុលាការទាំងអស់ ត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់សិទ្ធិ និងកាតព្វកិច្ចរបស់ខ្លួនយ៉ាងពេញលេញទៅតាមនីតិវិធីត្រឹមត្រូវតាមច្បាប់ និងរក្សាបាននូវ ឯករាជ្យភាពផ្នែកតុលាការ ព្រមទាំងជៀសវាងបាននូវការជ្រៀតជ្រែកពីភាគីខាងក្រៅណាមួយ៕

To Top