កាលពីថ្ងៃទី២១ខែកញ្ញា សមាគមសង្គមស៊ីវិលមួយចំនួន របស់ជប៉ុន បានប្រគល់លិខិតស៊ីញ៉េឈ្មោះរួម របស់មនុស្សប្រហែល៤ម៉ឺន២ពាន់នាក់ ទៅឱ្យក្រុមហ៊ុនថាមពលអគ្គិសនីក្រុងតូក្យូ របស់ជប៉ុន និងក្រសួងឧស្សាហកម្ម និងសេដ្ឋកិច្ចជប៉ុន ដើម្បីប្រឆាំងនឹងគម្រោង ស្តីពីការបង្ហូរទឹកសំណល់នុយគ្លេអ៊ែរ នៃរោងចក្រអគ្គិសនី ដើរដោយថាមពលនុយគ្លេអ៊ែរ Fukushima ទៅក្នុងសមុទ្រ ហើយទាមទារឱ្យរដ្ឋាភិបាលជប៉ុន ប្រើប្រាស់មធ្យោបាយផ្សេងទៀត មកដោះស្រាយបញ្ហាទឹកសំណល់នុយគ្លេអ៊ែរ ។
តាមការផ្សាយដំណឹង នៃទីភ្នាក់ងារសារព័ត៌មាន Kyodo ជប៉ុនឱ្យដឹងថា ចាប់ពីខែមិថុនាឆ្នាំ២០២១មក ទូទាំងជប៉ុនបានប្រមូលលិខិតស៊ីញ៉េឈ្មោះរួមរបស់មនុស្ស ប្រហែល២សែន២ម៉ឺន១ពាន់នាក់ ។
កាលពីខែមេសាឆ្នាំមុន រដ្ឋាភិបាលជប៉ុន បានប្រកាសនឹងបង្ហូរទឹកសំណល់នុយគ្លេអ៊ែរ នៃរោងចក្រអគ្គិសនី ដើរដោយថាមពលនុយគ្លេអ៊ែរ Fukushima ទៅក្នុងសមុទ្រចាប់ពីរដូវផ្ការីកឆ្នាំ២០២៣ឡើងទៅ ។ ដើម្បីលាងជម្រះ នូវទង្វើបង្ហូរទឹកសំណល់នុយគ្លេអ៊ែរ អ្នកនយោបាយជប៉ុន អះអាងថា បន្ទាប់ពីចាត់ចែង តាមរយៈប្រព័ន្ធ ALPS ទឹកសំណល់នុយគ្លេអ៊ែរ គឺមានសុវត្ថិភាព ដែល “អាចផឹកបាន” ។ ក្នុងរយៈពេលមួយឆ្នាំកន្លងទៅនេះ ពាក្យសម្តីដែលបោកបញ្ឆោតខ្លួនឯងនេះ ត្រូវបានការពិតជាក់ស្តែង ច្រានចោលឥតឈប់ឈរ រហូតដល់ទទួលសារភាពដោយខ្លួនឯង ។
ប៉ុន្មានថ្ងៃកន្លងទៅនេះ ក្រុមហ៊ុនថាមពលអគ្គិសនីក្រុងតូក្យូ បានប្រកាសដំណឹងឱ្យដឹងថា បន្ទាប់ពីធ្វើការវិភាគ ចំពោះសំណាកនៃទឹកសំណល់នុយគ្លេអ៊ែរ នៃរោងចក្រអគ្គិសនីដើរដោយថាមពលនុយគ្លេអ៊ែរFukushima ដែលត្រូវចាត់ចែងដោយប្រព័ន្ធ ALPS បានរកឃើញថា កំហាប់និងកម្រិតរស់រវើក នៃសារធាតុ Strontium-90 ធា្លប់ឡើងដល់៣ដង នៃស្តង់ដារជាតិជប៉ុន ។ ប្រការទាំងនេះ បានបង្ហាញយ៉ាងពេញលេញថា អ្វីដែលហៅថា ទឹកសំណល់នុយគ្លេអ៊ែរ ដែលត្រូវចាត់ចែងរួចគឺមានសុវត្ថិភាព ពិតជានិយាយពាក្យកុហកទាំងស្រុង ការសង្ស័យ របស់សហគមន៍អន្តរជាតិ ចំពោះភាពជឿទុកចិត្តនៃទិន្នន័យ ប្រសិទ្ធភាព នៃបរិក្ខារចាត់ចែងទឹកសំណល់ និងភាពមិនប្រាកដប្រជា នៃផលប៉ះពាល់នៃបរិស្ថាន របស់ភាគីជប៉ុនគឺសមហេតុផលទាំងស្រុង ហើយប្រជាជនជប៉ុន ប្រឆាំងរដ្ឋាភិបាលបង្ហូរទឹកសំណល់ នុយគ្លេអ៊ែរ ទៅក្នុងសមុទ្រក៏មានហេតុផលផងដែរ ។
តាមលទ្ធផលគណនា នៃអង្គការសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រសមុទ្ររបស់អាល្លឺម៉ង់បានឱ្យដឹងថា ចាប់ពីថ្ងៃបង្ហូរទឹកសំណល់មក គ្រាន់តែចំណាយ រយៈពេល៥៧ថ្ងៃប៉ុណ្ណោះ ទឹកសំណល់នុយគ្លេអ៊ែរដែលជប៉ុន បានបង្ហូរនោះក៏អាចរីករាលដាលទៅដល់តំបន់ភាគច្រើន នៃមហាសមុទ្រប៉ាស៊ីហ្វិក ហើយគ្រាន់តែចំណាយរយៈពេលបីឆ្នាំ វិទ្យុសកម្មនៃទឹកសំណល់នុយគ្លេអ៊ែរ ក៏នឹងប៉ះពាល់ដល់សហរដ្ឋអាមេរិក កាណាដានិងអូស្ត្រាលី ។ នេះគឺមានន័យថា ប្រជាជននៃប្រទេសនិងតំបន់កាន់តែច្រើនត្រូវប្រឈមមុខ នឹងហានិភ័យយ៉ាងខ្លាំង ។
ជប៉ុនជាប្រទេស ដែលមានមនសិការៈយ៉ាងខ្លាំង ក្នុងការចេះគិតគូរដល់វិបត្តិការនេះ អាចរកឃើញពីការដែលជប៉ុនចាត់វិធានការបង្ការគ្រោះមហន្តរាយ គ្រប់បែបយ៉ាងដែលប្រហែលនឹងកើតឡើង ដូចជារញ្ជួយដីជាដើម ។ ប៉ុន្តែ បញ្ហាបង្ហូរទឹកសំណល់នុយគ្លេអ៊ែរ បែរជាធ្វើឱ្យអ្នកផងទាំងពួងឃើញមួយផ្នែកទៀតរបស់ជប៉ុន ពោលគឺ មិនទទួលខុសត្រូវនិងមិនគិតពីលទ្ធផល ចាត់ទុកមហាសមុទ្រ ជាធុងសំរាមរបស់ខ្លួន ដែលនាំឱ្យទូទាំងពិភពលោកបង់ថ្លៃ ដោយសារភាពអាត្មានិយមរបស់ជប៉ុន ។
ការចាត់ចែងទឹកសំណល់នុយគ្លេអ៊ែរ នៃរោងចក្រអគ្គិសនីដើរដោយថាមពលនុយគ្លេអ៊ែរFukushima វាមិនមែនជារឿងផ្ទាល់ខ្លួនរបស់ជប៉ុននោះទេ គឺជាកិច្ចការដែលពាក់ព័ន្ធនឹងសន្តិសុខអេកូបរិស្ថានសមុទ្រ ទូទាំងពិភពលោកនិងសុខភាពនិងអាយុជីវិត របស់ប្រជាជនគ្រប់ប្រទេស ។ មិនថាការតវ៉ារួមរបស់ប្រជាជនជប៉ុន ឬក៏ការប្រឆាំងយ៉ាងខ្លាំង របស់ប្រជាជននៃប្រទេសជិតខាងក៏ដោយ ក៏រដ្ឋាភិបាលជប៉ុន សុទ្ធតែមិនត្រូវធ្វើគរធ្វើថ្លង់ទេ ចាំបាច់ត្រូវយកចិត្តទុកដាក់ និងឆ្លើយតបយ៉ាងត្រឹមត្រូវ ហើយបញ្ឈប់អនុវត្តផែនការ ដ៏មានគ្រោះថ្នាក់ស្តីពីការបង្ហូរទឹកសំណល់នុយគ្លេអ៊ែរ ទៅក្នុងសមុទ្រភ្លាម ៕