បរទេស៖ យោងតាមរបាយការណ៍ របស់ប្រព័ន្ធផ្សព្វផ្សាយបានឲ្យដឹងថា គ្រាប់រ៉ុក្កែត ៣ គ្រាប់ ត្រូវបានគេបាញ់សំដៅស្ថានទូតអាមេរិក ក្នុងតំបន់បៃតងនៃទីក្រុងបាកដាដ នៅថ្ងៃអាទិត្យនេះ ដោយមីស៊ីលមួយគ្រាប់ក្នុងចំណោម ៣គ្រាប់ បានវាយប្រហារចំភោជនីយដ្ឋានក្នុងស្ថានទូត។ ការវាយប្រហារនេះ ត្រូវបានគេរាយការណ៍ថា បណ្តាលឱ្យមានមនុស្សស្លាប់ និងរបួសជាច្រើននាក់ផងដែរ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែកតាមលើកឡើង របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក កាលពីថ្ងៃអាទិត្យថា ក្រុមដែលគាំទ្រអ៊ីរ៉ង់បាន គំរាមកំហែងដល់សន្តិសុខរបស់អ៊ីរ៉ាក់ បន្ទាប់ពីការវាយប្រហារ ដោយមីស៊ីលថ្មីៗនេះ មកលើស្ថានទូតអាមេរិក ក្នុងទីក្រុងបាកដាដ រដ្ឋធានីនៃប្រទេសអ៊ីរ៉ាក់។
សេចក្តីថ្លែងការណ៍បាននិយាយថា «ស្ថានភាពសន្តិសុខនៅតែតានតឹង ហើយក្រុមប្រដាប់អាវុធដែលគាំទ្រ ដោយអ៊ីរ៉ង់នៅតែជាការគំរាមកំហែង។ ដូច្នេះយើងនៅតែមាន ការប្រុងប្រយ័ត្ន»។
អ្នកនាំពាក្យក្រសួងការបរទេសម្នាក់ របស់អាមេរិកបាននិយាយថា មានការវាយប្រហារជាង ១៤ ដង ដោយកងជីវពលដែលគាំទ្រដោយអ៊ីរ៉ង់ និងអ៊ីរ៉ង់ ទៅលើបុគ្គលិកអាមេរិកនៅអ៊ីរ៉ាក់ ចាប់តាំងពីខែកញ្ញាឆ្នាំ ២០១៩ ។
សហរដ្ឋអាមេរិកក៏បាន អំពាវនាវឱ្យរដ្ឋាភិបាលអ៊ីរ៉ាក់ «បំពេញកាតព្វកិច្ចរបស់ខ្លួន» ដើម្បីការពារមូលដ្ឋានអាមេរិក នៅក្នុងប្រទេសនេះ។
មុននេះសារព័ត៌មាន Al Arabiya បានដកស្រង់ដោយ AFP ថា គ្រាប់មីស៊ីល ៣ គ្រាប់បានវាយប្រហារស្ថានទូតអាមេរិក នៅតំបន់បៃតងនៃទីក្រុងបាកដាដ ដែលស្ថិតនៅចំកណ្តាល ប្រទេសអ៊ីរ៉ាក់ ដែលជាកន្លែងដែលអគារ រដ្ឋាភិបាលអ៊ីរ៉ាក់ស្ថិតនៅ។
ទូរទស្សន៍ Al Sumaria TV របស់អ៊ីរ៉ាក់បានរាយការណ៍ថា មនុស្សជាច្រើនបានរងរបួស នៅក្នុងការវាយប្រហារមីស៊ីលនេះ។ បុគ្គលិកនិងប្រជាជនទាំងអស់ នៅលើទឹកដីស្ថានទូតត្រូវបានជម្លៀស ចេញពីស្ថានទូតដោយឧទ្ធម្ភាគចក្រ ៕
ប្រែសម្រួលៈ ណៃ តុលា