ព័ត៌មានជាតិ

សម្ដេចតេជោ ណែនាំនិស្សិតខ្មែរ​ផ្នែក​សុខាភិបាល កំពុង​សិក្សា នៅគុយបា ត្រូវខិតខំរៀនសូត្រ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំដល់និស្សិតកម្ពុជា ផ្នែកសុខាភិបាល ត្រូវខិតខំសិក្សា ព្រោះគុយបា ជាប្រទេសមានភាពជឿនលឿន លើការបណ្តុះបណ្តាលលើវិស័យសុខាភិបាល។

នាឱកាសអនុញ្ញាតឲ្យនិស្សិតកម្ពុជា ចំនួន ៦នាក់ កំពុងរស់នៅ និងសិក្សានៅឯប្រទេសគុយបា បានជួបសំណេះសំណាល សម្តេចតេជោ នាយករដ្ឋមន្រ្តី បានបញ្ជាក់ថា «ណែនាំដល់និស្សិតកម្ពុជាទាំងអស់ ត្រូវខិតខំសិក្សា លើផ្នែកសុខាភិបាល ព្រោះថាគុយបាជាប្រទេស ដែលមានភាពជឿនលឿនលើការបណ្តុះបណ្តាល លើវិស័យសុខាភិបាល»។

សម្តេចតេជោ បន្តថា «យើងបានចាកឆ្ងាយពីមាតុប្រទេសកំណើតរបស់យើង យើងត្រូវខិតខំប្រឹងប្រែងសិក្សា រៀនសូត្រ ដើម្បីយកចំណេះវិជ្ជា មកបម្រើប្រទេសរបស់យើងវិញ ពិសេសត្រូវមានទំនាក់ទំនងល្អជាមួយ ប្រជាពលរដ្ឋគុយបា និងនិស្សិតរៀនក្នុងថ្នាក់ សិស្សរៀនក្នុងសាលាជាមួយ និងនិស្សិតមកពីបរទេសដូចគ្នា»។ 

សម្តេចតេជោ នាយករដ្ឋមន្រ្តី បានឧបត្ថម្ភថវិកាមួយចំនួន ជូនដល់និស្សិតទាំង៦រូបផងដែរ។ 

នាឱកាសនោះ តំណាងនិស្សិត បានថ្លែងអំណរគុណជូនចំពោះសម្តេចតេជោ ដែលបានផ្តល់ឱកាស និងអនុញ្ញាតឲ្យពួកគេបានចូលជួបសំដែងការគួរសម ដើម្បីបានស្តាប់ដោយផ្ទាល់នូវប្រសាសន៍ណែនាំរបស់សម្តេច។ តំណាងនិស្សិតក៏បានថ្លែងអំណរគុណជូនចំពោះ សម្តេចតេជោ ដែលបានខិតខំតម្លើងប្រាក់អាហារូបករណ៍ ដល់ការសិក្សារបស់និស្សិតនៅក្រៅប្រទេស៕

To Top