ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូ ធ្វើដំណើរដល់ទីក្រុងតូក្យូ ប្រទេសជប៉ុន ប្រកបដោយសុវត្ថិភាព

ភ្នំពេញ​៖ នៅវេលាម៉ោង ១៨និង​៣០នាទី(ម៉ោងនៅតូក្យូ) ត្រូវនឹងម៉ោង ១៦និង៣០នាទី(ម៉ោងនៅរាជធានីភ្នំពេញ)  ល្ងាចថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា ធ្វើដំណើរដល់ទីក្រុងតូក្យូប្រទេសជប៉ុន ប្រកបដោយសុវត្ថិភាពហើយ។ 

យោងតាម​គេហទំព័រ​ហ្វេសប៊ុក ​របស់​សម្ដេច​តេជោ​ ហ៊ុន ​សែន​បានឱ្យ​ដឹង​ថា​ ដំណើរអញ្ជើញដល់របស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីនៅទីក្រុងតូក្យូ ប្រទេសជប៉ុន ទទួលបានការធ្វើគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុត ពីសំណាក់មន្ត្រីថ្នាក់ដឹកនាំ នៃប្រទេសជប៉ុន ឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅប្រទេសជប៉ុន និងមន្ត្រីពាក់ព័ន្ធជាច្រើនទៀតផងដែរ។

សូមជម្រាបថា ដំណើរអញ្ជើញមកកាន់ប្រទេសជប៉ុននេះ គឺដើម្បីចូលរួម ក្នុងពិធីបុណ្យសពថ្នាក់ជាតិរបស់ លោក អាបេ ស៊ីនហ្សូ (ABE Shinzo) អតីតនាយករដ្ឋមន្តី ជប៉ុន ដែលនឹងប្រព្រឹត្តនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ស្អែកនេះ។

អតីតនាយករដ្ឋមន្ត្រី លោក​ អាបេ ស៊ីនហ្សូ គឺជាមិត្តដ៏ល្អយូរអង្វែងរបស់សម្តេចតេជោ នាយករដ្ឋមន្តី និងកម្ពុជា។ នៅក្នុងអាណត្តិជានាយករដ្ឋមន្ត្រីរបស់លោក​ បានធ្វើការយ៉ាងជិតស្និទ្ធ ជាមួយរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី រវាងកម្ពុជា និងជប៉ុន ក្នុងនោះរួមទាំង ការលើកកម្រិតកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យក្លាយទៅជាភាពជាដៃគូយុទ្ធសាស្ត្រ នៅឆ្នាំ២០១៣។

លោកត្រូវបានគេទទួលស្គាល់ និងកោតសរសើរយ៉ាងទូលំទូលាយ ចំពោះភាពជាអ្នកដឹកនាំ ប្រកបដោយសមត្ថភាព ក្នុងការជំរុញវឌ្ឍនភាពរបស់ជប៉ុន និងការចូលរួមចំណែកយ៉ាងសកម្មដល់ សន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់ និងពិភពលោកទាំងមូល។

ក្នុងអំឡុងពេលស្នាក់នៅទីក្រុងតូក្យូ សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងជួបជាមួយសមភាគី បរទេសរបស់សម្ដេច និងទទួលការជួបសម្ដែងការគួរសម ពីសំណាក់ឥស្សរជនជប៉ុន៕

To Top