ភ្នំពេញ ៖ ក្រសួងទេសចរណ៍ បានឲ្យដឹងថា កម្ពុជា ទទួលបានភ្ញៀវទេសចរសរុបជាង ១លាន ២សែននាក់ នាពិធីបុណ្យភ្ជុំបិណ្ឌ និងការដើរកម្សាន្ត រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៤-២៦ ខែកញ្ញា ឆ្នាំ២០២២ ក្នុងនោះ ខេត្តបាត់ដំបង សៀមរាប ប៉ៃលិន ទទួលបានភ្ញៀវច្រើនជាងគេដាច់។
យោងតាមគេហទំព័រហ្វេសប៊ុក របស់ក្រសួងទេសចរណ៍ នាថ្ងៃទី២៧ កញ្ញា នេះបានឲ្យដឹងថា «នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌរយៈពេល៣ថ្ងៃ ២៤-២៦ ខែកញ្ញា ឆ្នាំ២០២២ កម្ពុជាយើង ទទួលបានភ្ញៀវទេសចរ សរុបទូទាំងប្រទេស១,២៥៩,១២១នាក់ ក្នុងនោះភ្ញៀវជាតិ មានចំនួន១,២៤៤,៦៤២នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង មានចំនួន១៤,៤៧៩នាក់»។
ក្រសួងបន្ដថា តួលេខនេះមានកំណើន៨៩.៤៣% ធៀបនឹងរយៈពេល៣ថ្ងៃ នៃពិធីភ្ជុំបិណ្ឌ កាលពីឆ្នាំ២០២១ ។ ចរន្តភ្ញៀវ នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ មានសភាពផុសផុលខ្លាំងធៀបនឹងឆ្នាំ២០២១ ដោយសាររាជរដ្ឋាភិបាល បានអនុញ្ញាតឲ្យមានការកម្សាន្ត នៅគ្រប់រមណីយដ្ឋាន ទេសចរណ៍ទាំងអស់ ហើយប្រជាពលរដ្ឋអាចទៅធ្វើបុណ្យទាន នៅតាមទីវត្តអារាមនានា ដោយពុំមាន ការរឹតត្បិត ខុសពីឆ្នាំ២០២១ដែលប្រជាពលរដ្ឋ បានត្រឹមយកចង្ហាន់ ទៅប្រគេនព្រះសង្ឃ នៅត្រឹមមុខខ្លោងទ្វារចូលវត្ត ដោយសារវិបត្តិ ជំងឺកូវីដ-១៩។
ក្រសួងបន្ថែមថា ប្រជាពលរដ្ឋបានសម្រុក ចូលរាជធានីភ្នំពេញវិញ នាល្ងាចថ្ងៃ២៦ កញ្ញាធ្វើឲ្យចរាចរណ៍ នៅតាមដងផ្លូវជាតិនានា មានការមមាញឹកខ្លាំង ខណៈប្រជាពលរដ្ឋខ្លះទៀតនឹងបន្តចូលរាជធានីភ្នំពេញនាថ្ងៃនេះទៀត ពិសេសកម្មករ-កម្មការិនី ទទួលបានច្បាប់ឈប់ សម្រាកពី៤-៥ថ្ងៃ ។
ចំពោះបញ្ហាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាព ចរាចរណ៍វិញ ក្រសួងទេសចរណ៍ បានសង្កេតឃើញថា គណៈបញ្ជាការ ឯកភាព រដ្ឋបាលរាជធានី-ខេត្ត និងកម្លាំង មានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ បានសម្រួលចរាចរណ៍ និងថែរក្សាសន្តិសុខ សណ្តាប់ធា្នប់នៅតាមដងផ្លូវជាតិ និងទីតាំងសំខាន់ៗ ៕