ព័ត៌មានអន្តរជាតិ

វៀតណាម នឹងរងឥទ្ធិពលព្យុះទីហ្វុង Noru បង្ខំឲ្យជម្លៀស ពលរដ្ឋចេញបន្ទាន់

ហាណូយ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ថា នៅថ្ងៃអង្គារនេះប្រទេស វៀតណាម បានជំរុញឲ្យពលរដ្ឋបន្ថែមទៀតឱ្យធ្វើការជម្លៀសខ្លួនចេញ ខណៈដែលព្យុះទីហ្វុង Noru ដែលកំពុងមានកម្លាំងខ្លាំង បានវាយប្រហារ ប្រទេសអាស៊ីអាគ្នេយ៍ បន្ទាប់ពីបានបណ្តាល ឱ្យមនុស្សយ៉ាងហោចណាស់៨នាក់ស្លាប់ និងទឹកជំនន់បានបន្តរីករាលដាល នៅក្នុងប្រទេសហ្វីលីពីន ។

ទីភ្នាក់ងារឧតុនិយម របស់ប្រទេសនេះបានឲ្យដឹងថា ល្បឿនខ្យល់ត្រូវបានគេមើលឃើញថា មានរហូតដល់ទៅ១៨៣ គីឡូម៉ែត្រក្នុង១ម៉ោង នៅល្ងាចថ្ងៃអង្គារនេះ ដោយបន្ថែមថា ព្យុះ Noru ត្រូវបានគេរំពឹងថា នឹងបោកបក់នៅប្រទេសវៀតណាម នៅថ្ងៃពុធ មុនពេលចុះខ្សោយ និងបន្តឆ្ពោះទៅប្រទេសថៃឡង់ដ៏ ។

យោងតាមសេចក្តីថ្លែងការណ៍ផ្លូវការ បានឱ្យដឹងថា ព្យុះទីហ្វុងបានបង្ខំឲ្យអាកាសយានដ្ឋាន ក្នុងប្រទេសវៀតណាមត្រូវបិទ ដែលបណ្តាលឱ្យមានការរំខាន ដល់ការធ្វើដំណើរ ខណៈដែលមនុស្សរាប់ពាន់នាក់ ត្រូវបានបង្ខំឱ្យជម្លៀសចេញពីផ្ទះសម្បែង របស់ពួកគេ នេះបើយោងតាមសេចក្តីថ្លែងការណ៍ផ្លូវការ ។ ទីភ្នាក់ងារឧតុនិយមបានឲ្យដឹងថា ល្បឿនខ្យល់បានឈានដល់ពី ១៣៤គីឡូម៉ែត្រក្នុង១ម៉ោងដល់ ១៤៩គីឡូម៉ែត្រក្នុង១ម៉ោង កាលពីព្រឹកថ្ងៃអង្គារ ។

នាយករដ្ឋមន្ត្រី Pham Minh Chinh បានឲ្យដឹងនៅក្នុងកិច្ចប្រជុំឆ្លើយតបគ្រោះមហន្តរាយកាលពីថ្ងៃអង្គារថា “យើងមិនមានពេលច្រើនទេ ។ ព្យុះកំពុងកាន់តែខ្លាំង ដូច្នេះការឆ្លើយតបរបស់យើង ត្រូវតែខ្លាំង និងលឿនជាងមុន” ។

“ការជម្លៀសត្រូវតែធ្វើឡើង ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ជាមួយនឹងអាទិភាពចម្បងគឺជីវិត និងទ្រព្យសម្បត្តិ របស់ពលរដ្ឋ” ។

អាជ្ញាធរអាកាសចរណ៍ របស់ប្រទេសវៀតណាម បានបិទអាកាសយានដ្ឋានចំនួន ប្រាំបួននៅទូទាំងប្រទេសចាប់តាំងពីថ្ងៃអង្គារ ដោយបង្ខំឱ្យជើងហោះហើរ ក្នុងស្រុក និងអន្តរជាតិរាប់រយត្រូវបានលុបចោល ។

រដ្ឋាភិបាលបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា បុគ្គលិកយោធាប្រហែល២៧០.០០០នាក់ ត្រូវបានដាក់ឱ្យរង់ចាំជួយសង្គ្រោះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top