នយោបាយ

មន្រ្តីជាន់ខ្ពស់កម្ពុជា៖ អាមេរិកដាក់ទណ្ឌកម្មលើគុយបា ជារឿងទ្វេភាគី ខណៈគោលនយោបាយកម្ពុជា គឺ «បន្តពង្រីកមិត្ត»

ភ្នំពេញ៖ លោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានអះអាងថា ការដាក់ទណ្ឌកម្មលើប្រទេសគុយបា ពីសំណាក់សហរដ្ឋអាមេរិក គឺជារឿង ទ្វេភាគី ខណៈគោលនយោបាយកម្ពុជា គឺ «បន្តពង្រីកមិត្ត»។

ថ្លែងប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២នេះ លោកកៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានឲ្យដឹងថា ក្នុងកំឡុងពេលទស្សនកិច្ចគុយបា សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញជំហរ មិនដែលភ្លេចមិត្តចាស់នោះទេ ព្រោះមិត្តចាស់ធ្លាប់ជួយកម្ពុជា នៅគ្រាក្រគ្រាលំបាក ដោយសម្ដេចមិនភ្លេចគុណនោះទេ ដូច្នេះជាការឆ្លើយតប សម្ដេចក៏បានផ្ដល់ជំនួយទៅឲ្យគុយបាវិញ។

ពាក់ព័ន្ធទៅនឹងការដាក់ទណ្ឌកម្មពីសំណាក់ សហរដ្ឋអាមេរិកលើគុយបាលោក កៅ គឹមហ៊ួន បានលើកឡើងថា គឺជារឿងរបស់សហរដ្ឋអាមេរិក និងគុយប៉ា មិនមានពាក់ជាមួយកម្ពុជាទេ ។

លោកបញ្ជាក់ថា “គោលនយោបាយរបស់ប្រទេសកម្ពុជា គឺបន្តពង្រីកមិត្ត មិនថាមិត្តថ្មីឬមិត្តចាស់នោះទេ មិត្តចាស់យើងរក្សា មិត្តថ្មីយើងពង្រីក នេះគឺជាគោលនយោបាយ ដ៏ឈ្លាសវៃរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៅក្នុងការជំរុញ ការងារការទូតនេះ “។

លោក កៅ គឹមហួន ថាព្រោះការងារការទូតនេះ មិនអាចបោះបង់មិត្តចាស់ ទៅជ្រើសរើសមិត្តថ្មី នោះទេ។

បន្ថែមលើសពីនេះ លោក កៅ គឹមហួន បានឲ្យដឹងទៀតថា សម្ដេចតេជោ បានណែនាំឲ្យយកចិត្តទុកដាក់ចំពោះមិត្តចាស់ ដែលធ្លាប់ជួយក្នុងគ្រាលំបាក ហើយឥឡូវនេះគុយបា កំពុងទទួលរងសម្ពាធទណ្ឌកម្ម របស់សហរដ្ឋអាមេរិក នេះគឺជាការលំបាក។

លោកសង្កត់ធ្ងន់ថា “អ្វីដែលជាការដែលអាមេរិកដាក់ទណ្ឌកម្មលើប្រទេសគុយប៉ា ជារឿងទ្វេភាគី” ។

គួររំលឹកថា ទំនាក់ទំនងរវាងគុយបា និងសហរដ្ឋអាមេរិក បានស្គាល់ភាពតានតឹងនឹងគ្នាមួយកម្រិត ចាប់តាំងពីលោកប្រធានាធិបតី ដូណាល់ ត្រាំ ស្បថចូលកាន់តំណែង កាលពីខែមករា ឆ្នាំ២០១៧ ។ លោក ត្រាំ បានរឹតបន្តឹងទណ្ឌកម្មលើគុយបាឡើងវិញ ដែលធ្លាប់ត្រូវបានបន្ធូរបន្ថយ កាលពីជំនាន់រដ្ឋបាល អតីតប្រធានាធិបតីលោក បារ៉ាក់ អូបាម៉ា។

កាលពីខែមិថុនា ឆ្នាំ ២០១៩ រដ្ឋបាលលោក ដូណាល់ ត្រាំ ក៏បានដាក់កំហិតយ៉ាងខ្លាំង ចំពោះការធ្វើដំណើរទៅគុយបា ម្តងរួចទៅហើយ ក្នុងគោលបំណង ដើម្បីដាក់សម្ពាធបន្ថែមទៀត លើរដ្ឋាភិបាលមួយនេះ សម្រាប់ការគាំទ្ររបស់ខ្លួន ចំពោះប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ (Nicolas Madoru)៕

To Top