ព័ត៌មានជាតិ

គម្រោងសាងសង់ លើកកម្រិតគុណភាពផ្លូវជាតិ លេខ៤៨ សម្រេចបានជិត ១១%

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា គម្រោងសាងសង់លើកកម្រិត គុណភាពផ្លូវជាតិលេខ៤៨ ប្រវែងសរុប ១៤៨ គីឡូម៉ែត្រ ចាប់ពីចំណុចប្រសព្វ ជាមួយផ្លូវជាតិលេខ៤ ដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង គិតមកទល់ពេលនេះសម្រេចវឌ្ឍនភាពបាន ១០,៧៣%ហើយ។

នាថ្ងៃទី២៨ កញ្ញា លោក សូរ វ៉ិចទ័រ រដ្ឋលេខាធិការក្រសួងសាធារណការ និងជាប្រធានគ្រប់គ្រងគម្រោង បានដឹកនាំគណៈប្រតិភូ ចុះពិនិត្យវឌ្ឍនភាពការងារ គម្រោងសាងសង់ផ្លូវជាតិលេខ៤៨។

បេសកកម្មនេះមានគោលបំណង ពិនិត្យមើលស្ថានភាព ជាក់ស្តែងនៃការអនុវត្តគម្រោង និងរៀបចំផែនការសកម្មភាព និងទិសដៅការងារបន្ត សំដៅពន្លឿនការងារសាងសង់ នៅក្នុងរដូវប្រាំងខាងមុខនេះ ឲ្យសម្រេចបានតាមផែនការ គម្រោងដែលបានកំណត់។

យោងតាមរបាយការណ៍របស់ អង្គភាពគ្រប់គ្រងគម្រោងឲ្យដឹងថា «គិតរហូតមកទល់ពេលនេះ គម្រោងសាងសង់លើកកម្រិត គុណភាពផ្លូវជាតិលេខ៤៨នេះ សម្រេចវឌ្ឍនភាពការងារបានចំនួន ១០,៧៣%ហើយ គិតចាប់តាំងពីថ្ងៃបើកការដ្ឋានសាងសង់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២២មក»។

ក្នុងដំណើរបេសកកម្មនេះ គណៈប្រតិភូ បានចុះពិនិត្យការងារបច្ចេកទេស នៃទីតាំងការដ្ឋានសំខាន់ៗមួយចំនួន រួមទាំងទីតាំងការដ្ឋានកែសម្រួល តម្រាយផ្លូវចំណោតតាតៃ ឲ្យស្របតាមស្តង់ដារបច្ចេកទេស ដើម្បីធានារថយន្តដឹកជញ្ជូនទំនិញ ក៏ដូចជាការធ្វើដំណើរ ប្រជាពលរដ្ឋសុវត្ថិភាពក្នុងការបើកបរ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ។

សូមរំលឹកថា គម្រោងនេះប្រើប្រាស់ រយៈពេលសាងសង់ចំនួន ៣២ខែ គ្រោងបញ្ចប់អំឡុងខែមិថុនា ឆ្នាំ២០២៤ ។ សាងសង់ដោយសម្ព័ន្ធក្រុមហ៊ុនកូរ៉េ ILSUNG & HANIL Joint Venture និងត្រួតពិនិត្យបច្ចេកទេស ដោយសម្ព័ន្ធក្រុមហ៊ុន ទីប្រឹក្សាបច្ចេកទេស KCI & KECC Joint Venture ។ ចំណាយ ថវិកាសរុបប្រមាណ ៦៥,១៤លានដុល្លារ ក្រោមឥណទានសម្បទាន ពីរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ មិនរាប់បញ្ចូលថវិកាបដិភាគ របស់រាជរដ្ឋាភិបាលសម្រាប់ការងារ ដោះស្រាយផលប៉ះពាល់ និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ៕

To Top