បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃសុក្រនេះបានឲ្យដឹងថា ប្រធានាធិបតីតួគីលោក Recep Tayyip Erdogan បានធ្វើការអំពាវនាវទៅកាន់ សមភាគីរបស់លោកគឺលោក Vladimir Putin ដើម្បីចាប់យកការចរចាក្នុងការ
ដោះស្រាយវិបត្តិនៅអ៊ុយក្រែន ឲ្យទទួលបានប្រសិទ្ធភាព។
តាមរយៈទូរស័ព្ទលោក Erdogan បានថ្លែងប្រាប់លោក Putin បែបនេះថា៖ ជាជំហានដើម្បីកាត់បន្ថយ ភាពតានតឹងនិងជាកិច្ចការងារចាំបាច់ ដើម្បីត្រួសត្រាយផ្លូវជាវិជ្ជមាន បន្ថែមទៀតសម្រាប់ការអភិវឌ្ឍរួមគ្នា ហើយក្នុងនោះភាគីរុស្សី គឺជាអ្នកដែលត្រូវ ទទួលខុសត្រូវធំបំផុតសម្រាប់ កិច្ចការងារសម្របសម្រួលគ្នាលើកនេះ។
លោក Erdogan ក៏បានសំណូមពរលោក Putin ដើម្បីអាចផ្តល់ឱកាស ក្នុងការចរចាមួយផ្សេងទៀត សម្រាប់បញ្ហាអ៊ុយក្រែន ដោយលោកប្រធានាធិបតីតួគី ក៏បានសន្យាក្នុងការដើរតួយ៉ាងសំខាន់ នៅក្នុងកិច្ចការងារដំណើរការ ចរចាលើកនេះផងដែរ។
ទោះបីជាយ៉ាងណាក្តីលោក Erdogan ក៏បានធ្វើការថ្លែងកោតសរសើរ ចំពោះកិច្ចការងារមួយចំនួន រវាងភាគីទាំងពីរនាពេលកន្លងមកផងដែរ ដូចជាការដោះដូរអ្នកទោសព្រមទាំង កិច្ចព្រមព្រៀងក្នុងការបើកឲ្យដំណើរការ នូវការនាំចេញផលិតផលកសិកម្មរបស់ អ៊ុយក្រែនឡើងវិញ ដែលបានធ្វើឡើងនៅក្នុង ទីក្រុងអ៊ីស្តង់ប៊ូលនោះផងដែរ ៕
ប្រែសម្រួល៖ ស៊ុន លី