កីឡា

អ្នកប្រដាល់៤រូប ប៉ះគ្នានៅសង្វៀន TV5 ការប្រកួតកីឡា ប្រដាល់គុនខ្មែរ ខ្សែក្រវ៉ាត់ ពានរង្វាន់ សម្ដេចពិជ័យសេនា នាថ្ងៃអាទិត្យនេះ

ភ្នំពេញ ៖ ព្រឹត្តិការណ៍ បើកការប្រកួតកីឡា ប្រដាល់គុនខ្មែរ ដណ្តើមខ្សែក្រវ៉ាត់ ពានរង្វាន់ សម្ដេច ពិជ័យសេនា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ការពារ ជាតិ ប្រភេទទម្ងន់ ៦០គីឡូកាម ដំណើរឆ្ពោះទៅព្រឹត្តិការណ៍ ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២២ ។
នៅសង្វៀនTV5 អ្នកប្រដាល់ជើងខ្លាំង៤រូបប៉ះគ្នា ដណ្តើមរក៣ពិន្ទុរៀងៗ ខ្លួនក្នុងពូល B. អ្នកប្រដាល់ជើងខ្លាំង សូត្រ វាសនា ជួបជាមួយអ្នកប្រដាល់ ពុទ្ធ សំបូរ ក្លិបពុទ្ធសេរីវង្ស ចំពោះអ្នកប្រដាល់ទាំង២រូបនេះ សុទ្ធតែខ្លាំងៗដូចគ្នា ជាពិសេស វាសនា កម្ពស់របស់គេមានប្រៀបលើសំបូរ ជាមួយគ្នានេះជង្គង់ និង កែងរបស់វាសនា តែងតែធ្វើឲ្យគូប្រកួត មានរបួសពុំសូវខាននោះទេ ។ ចំពោះសំបូរវិញ ក៏មិនមែនជាសាច់លើជ្រុញ ដែលស្រួលទំពារដែរ ។ កណ្ដាប់ដៃធ្ងន់នោះ គេមានចិត្តជំការពារល្អ និងទាត់ចេញ បានរហ័ស ។ ជំនួបរវាងអ្នកប្រដាល់ទាំង២រូប នេះទាំងអ្នកឈ្នះ ទាំងអ្នកចាញ់ ប្រាកដជាទ្រមខ្លួនដូចគ្នា មិនខានឡើយ ។

ចំណែកអ្នកប្រដាល់ជើងរន្ទះ គង់ ហ៊ូវ ក្លិបគុហារព្រហ្មជ័យ ខេត្តសៀមរាប ប្រកួតនឹងអ្នកប្រដាល់ជើងខ្លាំងឃុន បូរ៉ា ក្លិបរស្មីភូមគាបខេត្តបន្ទាយមានជ័យ។ បូរ៉ាជាអ្នកប្រដាល់ ដែលមានឈ្មោះបោះសំឡេងខ្លាំងហើយជង្គង់ ដ៏អស្ចារ្យលាយឡំកណ្ដាប់ដៃ និងកែងរបស់គេរហ័ស ទាត់ចេញបានលឿន និងការពារបានល្អ មិនតែប៉ុណ្ណោះស្បែកមុខ របស់គេស្វិតទៀតផង ។ដោយឡែក គង់ ហ៊ូវ មិនសូវពូកែកណ្ដាប់ដៃឡើយ តែកែងរបស់គេ និងស្នៀតទាត់ របស់គេក៏អាចនឹងបង្កគ្រោះថ្នាក់ដល់បូរ៉ាបានដែរ ។ អ្នកប្រដាល់មិនតិចនាក់ឡើយ គង់ ហ៊ូវ ទាត់កញ្ចឹង ក ឲ្យសន្លប់ក្រោកលែងរួចនោះ ។

ព្រឹត្តិការណ៍ប្រកួតកីឡា ប្រដាល់គុនខ្មែរ ដណ្តើមខ្សែក្រវ៉ាត់ពានរង្វាន់ សម្តេចពិជ័យសេនា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នាពេលនេះ ពិតជាបានចូលរួមចំណែក ជាមួយនឹងការអភិវឌ្ឍ របស់រាជរដ្ឋាភិបាលកម្ពុជា ដូចជាចូលរួមចំណែក ផ្សព្វផ្សាយ នូវសមិទ្ធិផលរីកចម្រើន លើគ្រប់វិស័យ របស់រាជរដ្ឋាភិបាល កម្ពុជា ក្រោមការដឹកនាំប្រក ដោយគតិបណ្ឌិត របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី ព្រមទំាងរួមចំណែក លើកស្ទួយវិស័យសិល្បៈ វប្បធម៌ កីឡា នយោបាយ សេដ្ឋកិច្ច ទេសចរណ៍ និងវិស័យផ្សេងទៀត របស់រាជរដ្ឋាភិបាលកម្ពុជា៕

To Top