ព័ត៌មានជាតិ

លោក ហ៊ុន ម៉ាណែត ចាត់ទុកមតិរិះគន់ និងវាយប្រហារ ជាមេរៀន

ភ្នំពេញ៖ មិនខុសពីឪពុក របស់ខ្លួន លោក ហ៊ុន ម៉ាណែត ដែលជាកូនប្រុសច្បង សម្ដេចតេជោ ហ៊ុន សែន និងជាបេក្ខភាពបន្តវេននាយករដ្ឋមន្រ្តី នាថ្ងៃអនាគត សម្រាប់គណបក្សប្រជាជនកម្ពុជា បានចាត់ទុកមតិរិះគន់ និងវាយប្រហាររូបលោក គឺជាមេរៀនសម្រាប់ការពារ នឹងពង្រឹងសមត្ថភាពរបស់ខ្លួន។

ការចេញសារនេះ ធ្វើឡើងបន្ទាប់ពី ពីក្រុមប្រឆាំងមួយចំនួន តែងតែបើកការវាយប្រហារ ដើម្បីទម្លាក់ប្រជាប្រិយភាព លោក ហ៊ុន ម៉ាណែត ដែលត្រូវបានអង្គសន្និបាត គណៈកម្មាធិការកណ្តាលវិសាមញ្ញ នៃគណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី១៦-១៧ ខែកក្កដា ឆ្នាំ២០២២កន្លងទៅនេះ បានបោះឆ្នោតគាំទ្រជាបេក្ខភាពនាយករដ្ឋមន្ត្រី សម្រាប់ពេលអនាគត ។

ក្នុងករណីនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីម្សិលមិញនបានបង្ហើរវោហាសាស្រ្ត ក្នុងន័យឌឺដង ទៅកាន់ក្រុមប្រឆាំង ផងដែរថា «ចុះបើដឹងថា ម៉ាណែត អន់ឯងគួរតែអរទៅ ព្រោះម៉ាណែត នឹងមិនជាប់ឆ្នោតទេ ប៉ុន្តែពួកឯងហ្នឹងខ្លាច និយាយឱ្យច្បាស់ទៅហ្អែងខ្លាច ព្រោះឪវា ហ៊ុន សែន ត្រូវបានប្រជាជនទទួលស្គាល់ មិនត្រឹមតែក្នុងប្រទេសទេ ក្រៅប្រទេសទៀត ដល់ពេលតទៅ ហ៊ុន ម៉ាណែត ប្រជាជនគេស្គាល់ទៀត អញ្ចឹងទេពួកអានេះការពិតវាខ្លាចទេ បើអ្នកឯងមិនខ្លាចទេ អ្នកឯងគួរតែបណ្តោយឱ្យ ហ៊ុន ម៉ាណែត ធ្វើទៅ ដើម្បីអ្នកឯងងាយវ៉ៃ»។

ដោយឡែកនៅព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២២នេះ លោក ហ៊ុន ម៉ាណែត ដែលជាតួអង្គក្នុងប្រធានបទនេះ បានបង្ហោះនូវឃ្លីបវីដេអូ រយៈពេលជាង២នាទី របស់សម្ដេចតេជោ ហ៊ុន សែន ដោយភ្ជាប់ជាមួយខ្លឹមសារយ៉ាងដូច្នេះថា ៖


“គោរពប្រសាសន៍របស់ពុក៖
១. ដួលកន្លែងណា ត្រូវប្រឹងក្រោកឈរឡើងវិញ ដោយខ្លួនឯង 🙏
២. អរគុណចំពោះអស់លោកទាំងអស់ ដែលតែងតែចំណាយអស់ នូវពេលវេលា កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ខិតខំប្រឹងប្រែងបង្កើតគំនិត និងរឿងផ្សេងៗ ដើម្បីរិះគន់ វាយប្រហារខ្ញុំ (ព្រមទាំងបានជួយផ្សព្វផ្សាយ លើបណ្តាញផ្សព្វផ្សាយពត៌មានមួយចំនួន ដោយឥតគិតថ្លៃ – Free) ដែលទាំងនេះបានផ្តល់ឱកាស អោយខ្ញុំអាចរៀនចេះការពារ នឹងពង្រឹងខ្លួនឯងអោយបានកាន់តែរឹងមាំ “៕

To Top