យូអិន៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះស្ថានភាពនៅក្នុងប្រទេសប៊ូគីណាហ្វាសូ បន្ទាប់ពីរដ្ឋប្រហារ ទម្លាក់ប្រធានាធិបតីលោក Paul-Henri Sandaogo Damiba ។
លោក Stephane Dujarric អ្នកនាំពាក្យរបស់លោក Guterres បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោកអគ្គលេខាធិការ “ថ្កោលទោសយ៉ាងដាច់អហង្ការ រាល់ការប៉ុនប៉ងដណ្តើមអំណាច ដោយកម្លាំងប្រដាប់អាវុធ ហើយអំពាវនាវឱ្យតួអង្គទាំងអស់ ជៀសវាងអំពើហិង្សា និងស្វែងរកការសន្ទនា” ។
មេបញ្ជាការកងទ័ពប៊ូគីណាហ្វាសូ លោក Ibrahim Traore បានប្រកាសកាលពីយប់ថ្ងៃសុក្រថា ប្រធានាធិបតី Damiba ត្រូវបានបណ្តេញចេញពីតំណែង នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
សំឡេងកាំភ្លើងត្រូវបានគេឮនៅក្នុងរដ្ឋធានី Ouagadougou កាលពីព្រឹកថ្ងៃសុក្រ។ ការចូលទៅកាន់វិមានប្រធានាធិបតី ទូរទស្សន៍សាធារណៈ និងចំណុចយុទ្ធសាស្ត្រមួយចំនួន នៅក្នុងទីក្រុង ត្រូវបានរារាំងដោយទាហាន។
សេចក្តីថ្លែងការណ៍បានឲ្យដឹងថា “លោកអគ្គលេខាធិការ បង្ហាញការគាំទ្រយ៉ាងពេញទំហឹងរបស់លោក ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងតំបន់ឆ្ពោះទៅរកការវិលត្រឡប់យ៉ាងឆាប់រហ័ស ទៅកាន់សណ្តាប់ធ្នាប់រដ្ឋធម្មនុញ្ញនៅក្នុងប្រទេស។
លោកបន្ដថា ប្រទេសប៊ូគីណាហ្វាសូ ត្រូវការសន្តិភាព ស្ថិរភាព និងឯកភាព ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមភេរវករ និងបណ្តាញឧក្រិដ្ឋកម្ម ដែលកំពុងប្រតិបត្តិការនៅក្នុងតំបន់មួយចំនួននៃប្រទេស” ។
លោក Guterres ក៏បានបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្ត របស់អង្គការសហប្រជាជាតិ ក្នុងការរួមដំណើរជាមួយប្រជាជនប៊ូគីណាហ្វាសូ ក្នុងការខិតខំប្រឹងប្រែងរបស់ពួកគេ ឆ្ពោះទៅរកសន្តិភាព និងស្ថិរភាពយូរអង្វែង។
ការធ្វើរដ្ឋប្រហារកាលពីថ្ងៃសុក្រ គឺជាការធ្វើរដ្ឋប្រហារលើកទីពីរក្នុងឆ្នាំនេះ នៅប្រទេសប៊ូគីណាហ្វាសូ។ នៅក្នុងនោះដែរនៅថ្ងៃទី២៤ ខែមករា ប្រធានាធិបតីលោក Roch Kabore ត្រូវបានផ្ដួលរំលំពីតំណែង ហើយលោក Damiba បានស្បថចូលកាន់តំណែងនៅថ្ងៃទី១៦ ខែកុម្ភៈ៕ ប្រែសម្រួល ឈូក បូរ៉ា